លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ទទួលអំណោយស្បៀងអាហារ និងភេសជ្ជៈពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ចែកជូនដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តោយព្រំដែន តាមរយៈក្រសួងព័ត៌មាន,
(ភ្នំពេញ)៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយពី ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីទុកយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន និង វីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន។
អំណោយរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា យកមកជូនដល់ក្រសួងព័ត៌មាន នាឱកាសនេះរួមមាន អង្ករ ៤តោន, ទឹកសុទ្ធវីអាក់ទីវ ១០០កេស, ភេសជ្ជ:គ្រុឌកូឡា ១០០កេស, ភេសជ្ជ:វីអាក់ទីវ ១០០កេស, មីជាតិ ១០០កេស , ទឹកត្រី ២០០យួរ,និងទឹកស៉ីអ៉ីវ ២០០យួរ។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ក្នុងនាមឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឃឹម វុទ្ធី និងថ្នាក់ដឹកនាំ មន្ត្រីរាជការ រួមទាំងសប្បុរសជននានា តាមរយៈអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលបានផ្តល់ជំនួយជាស្បៀងអាហារ និងភេសជ្ជៈ មកក្រសួងព័ត៌មាន,ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ បានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយក ចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពនៅតាមព្រំដែន។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាល់អំណោយដែល ឯកឧត្តម លោកជំទាវ ឧកញ៉ា និងសប្បុរសជនទាំងអស់ផ្តល់ដល់ក្រសួងព័ត៌មាន គឺត្រូវបាន ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការបែងចែក និងដឹកជញ្ជូនដល់គោលដៅជំរំភៀសសឹក តាមបណ្តាខេត្តនានា ពិសេសជូនទៅដល់វីរកងទ័ពនៅសមរភូមិមុខ ។ ដូច្នេះការចូលរួមផ្តល់នូវអំណោយពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋនៅខាងក្រោយ ទៅដល់សមរភូមិមុខ សបញ្ជាក់ពីទឹកចិត្តដ៏ធំធេង និងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាការគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិដ៏រឹងមាំ ។
ឯកឧត្តម ឃឹម វុទ្ធី បានជម្រាបជូនថា អំណោយទាំងនេះ គឺអគ្គនាយក ដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានគៀងគរពីដៃគូសហការ និងបណ្តាសប្បុរសជននានា ដេីម្បីចូលរួមចំណែកជួយទ្រទ្រង់សកម្មភាពដ៏ប្រពៃរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់សកម្មភាពការងារមនុស្សធម៍ ជាបន្តទៅទៀត ជួយសមរភូមិមុខ និងបងប្អូនភៀសសិក ព្រមទាំងយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទដែលមានជីវភាពខ្វះខាត៕



