លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ជើញទទួលបន្លែធម្មជាតិ ពីហាង មុយ វល័ក្ខ ពិភពបន្លែផ្លែឈើធម្មជាតិខេត្តមណ្ឌលគិរី សម្រាប់ឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹកនៅក្នុងខេត្តពោធិសាត់និងខេត្តព្រះវិហារ
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញទទួលបន្លែធម្មជាតិ ពីហាង មុយ វល័ក្ខ ពិភពបន្លែផ្លែឈើធម្មជាតិខេត្តមណ្ឌលគិរី ចំនួន២តោន ដែលរួមមាន៖ ដំឡូងជ្វាជប៉ុន និងខ្ទឹមសរសុវត្ថិភាព សម្រាប់ឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក នៅក្នុងខេត្តពោធិសាត់និងខេត្តព្រះវិហារ ដែលនេះ គឺជាការបង្ហាញពីកម្លាំងសាមគ្គីជាធ្លុងមួយ ស្មារតីមហាគ្រួសារខ្មែរតែមួយ ។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា
បានថ្លែងអំណរគុណចំពោះហាង មុយ វល័ក្ខ ពិភពបន្លែផ្លែឈើធម្មជាតិខេត្ដមណ្ឌលគិរី ដែលបានឧបត្ថម្ភបន្លែធម្មជាតិមកដល់សមាគមនារីក្រសួងព័ត៌មាន ដើម្បីបញ្ជូនទៅកាន់តំបន់បងប្អូនជនភៀសសឹក និងវីរៈកងទ័ពកម្ពុជាដែលកំពុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា ។
លោកជំទាវ ពិតជាមានមោទនភាព ដែលបានឃើញប្រជាពលរដ្ឋខ្មែរ មានទឹកចិត្តយ៉ាងធំធេង ចូលរួមយ៉ាងផុសផុល ទាំងសម្ភារៈ ថវិកា ស្បៀងអាហារ ដើម្បីរួមគ្នាបង្ហាញពីកម្លាំងដ៏រឹងមាំនៃមហាគ្រួសារខ្មែរ ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងជួបប្រទះការលំបាក ដោយសារការឈ្លានពានពីយោធាថៃ ។
ក្នុងឱកាសនេះដែរ លោកស្រី មុយ វល័ក្ខ ម្ចាស់ហាង មុយ វល័ក្ខ ពិភពបន្លែផ្លែឈើធម្មជាតិខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ក្នុងអំឡុងពេលដ៏លំបាកនេះ មានតែការចែករំលែកគ្នាតែប៉ុណ្ណោះ ទើបអាចជួយឱ្យបងៗវីរៈកងទ័ពនិងបងប្អូនជនភៀសសឹក មានស្បៀងអាហារគ្រប់គ្រាន់ សុខភាពល្អ និងការរស់នៅសមរម្យ ៕



