លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ថ្លែងថា ចំណេះដឹងហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗរូប ដោយមិនរើសវិស័យណាមួយឡើយ, ចំណេះដឹងហិរញ្ញវត្ថុ សំដៅដល់សមត្ថភាពក្នុងការយល់ដឹង និងប្រើប្រាស់ព័ត៌មាន ឬជំនាញទាក់ទងនឹងសាច់ប្រាក់ និងធនធានហិរញ្ញវត្ថុ ក៏ដូចជាការចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព,
នេះជាការថ្លែងរបស់ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ជាតំណាង ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ចំណេះដឹងហិរញ្ញវត្ថុ” រៀបចំឡើងដោយ សមាគមនារីក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការទទួលបាននូវចំណេះដឹងហិរញ្ញវត្ថុ ធ្វើឱ្យយើងអាចយល់ដឹងអំពីការគ្រប់គ្រងចំណូល-ចំណាយ ចេះសន្សំ និងវិនិយោគសម្រាប់អនាគត,ចេះប្រើប្រាស់ប្រាក់ចំទិសដៅ និងត្រូវតាមកាលវេលាធានាបាននូវការគ្រប់គ្រងហានិភ័យទាំងឡាយដែលបានកើតឡើង ហើយក៏អាចរៀបចំផែនការសម្រាប់អនាគតគ្រួសារ។
អង្គសិក្ខាសាលានេះ បានផ្តល់ចំណេះដឹងបន្ថែមដល់សិក្ខាកាមក្នុងការ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារឲ្យបានល្អប្រសើរ អាចគ្រប់គ្រងចំណូល-ចំណាយ បង្កើនថវិកា និង បង្កើតមុខរបរប្រកបដោយភាពឆ្លាតវៃ។ ការយល់ដឹងនេះ នឹងជួយបង្កើតវប្បធម៌ហិរញ្ញវត្ថុរឹងមាំ ដែលជាមូលដ្ឋានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។ ដូច្នេះតាមរយៈអង្គសិក្ខាសាលានាឱកាសនេះ គឺជាការបោះជំហានជាក់ស្តែងក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សមត្ថភាព មន្ត្រីឱ្យមានការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញឱ្យមានវប្បធម៌គ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកជំទាវ ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន សូមថ្លែងអំណរគុណដល់ លោកជំទាវ សាស្ត្រាចារ្យ បណ្ឌិត ម៉ម ដាត្ថាលីណែត ដែលជាវាគ្មិនបានមកធ្វើការចែករំលែកចំណេះដឹងដ៏មានអត្ថប្រយោជន៍ដល់មន្ត្រី របស់ក្រសួងព័ត៌មាន។ ទន្ទឹមនេះ ក៏សូមឱ្យការចូលរួម របស់បងប្អូនគ្រប់រូប នាំមកនូវការផ្លាស់ប្តូរដ៏ល្អសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ មានសមត្ថភាព រៀបចំផែនការហិរញ្ញវត្ថុ និងតាមដានចំណូល-ចំណាយជាប្រចាំ និងការសន្សំបានល្អប្រសើរសម្រាប់ អនាគតរុងរឿង៕



