លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍក្រសួងព័ត៌មាន អញ្ជើញចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មាន ចំនួន ៣រូប

​លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍក្រសួងព័ត៌មាន តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាវិស័យព័ត៌មាន (អ.ន.ក.​ វិស័យព័ត៌មាន) នៅថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខនិវត្តជនដែលជាអតីតមន្ត្រីរាជការបម្រើការងារនៅក្រសួងព័ត៌មាន ចំនួន ៣រូប។​

និវត្តជនទាំង ៣រូបនោះរួមមាន៖

ទី១៖ លោក​ ឡឹង​ ប៊ុនថន អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋានទី​ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ (AKP)

ទី២៖ លោក​ កែវ​ កាឡូ​ អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ (TVK)

ទី៣៖ លោក​ អេង​ ភិរុណ​ ​ អតីតមន្ត្រីរាជការបម្រើការងារនៅអគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា​ (RNK)

ពិធីនេះក៏មានការអមដំណើរដោយ លោកជំទាវ​ លោក​ លោកស្រី​ អនុប្រធាន​លេខា​ធិការ​ដ្ឋាន​ និងសមាជិក សមាជិកាលេខាធិការដ្ឋានមួយចំនួនទៀត។

ក្នុងឱកាសនោះ និវត្តជនទាំង ៣រូប ដោយម្នាក់ៗទទួលបានអំណោយដ៏ថ្លៃថ្លា​ របស់ឯក​ឧត្តម​នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួងព័ត៍មាន​ និងលោកជំទាវ​ រួមមាន៖ អង្ករ ៣បេ មី ២កេស ត្រីខ ១កេសធំ ទឹកសុទ្ធ ២កេសធំ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល។

ជាមួយគ្នានេះដែរ ក្រុមការងារក៏បានជូនដំណឹងអំពីការចុះឈ្មោះជាសមាជិកសមាគមនិវត្តជន ជូនដល់និវត្តជនទាំង៣រូប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យបានកាន់តែជិតស្និត និងទទួលបានការយកចិត្តទុកដាក់បន្ថែម។

ការចុះសួរសុខទុក្ខនេះ បានស្ដែងឱ្យឃើញពីការយកចិត្តទុកដាក់ និងការដឹងគុណចំពោះអតីតមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ ក្នុងវិស័យព័ត៌មាននាពេលកន្លងមក។

នាឱកាសនោះដែរ លោកជំទាវ​ ទុយ សិរីរតនៈ នេត្រភក្ត្រា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​ ឯកឧត្ដម​ នេត្រ ភក្ត្រា ដែលជានិច្ចកាលតែងតែនឹករលឹកដល់គុណបំណាច់របស់និវត្តជនដែលបានចូលរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា៕