លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា អញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅស្ទូឌីយោលេខ១ នៃទូរទស្សន៍ជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ គណៈកម្មការវាយតម្លៃ ភ្ញៀវកិត្តិយស និងបេក្ខជនទាំងអស់។
ក្នុងឱកាសនោះ លោកជំទាវ កុច មារតី អគ្គនាយិការងទូរទស្សន៍ជាតិកម្ពុជា បានធ្វើរបាយការណ៍ជម្រាបជូនអង្គពិធីអំពីដំណើរការរៀបចំ និងលទ្ធផលនៃមហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦ ដែលជាឆ្នាំទី២ នៃការរៀបចំឡើងក្រោមគំនិតផ្តួចផ្តើម និងការគាំទ្រពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោកជំទាវបានជម្រាបជូនថា មហោស្រពនេះមានគោលបំណងលើកកម្ពស់សិទ្ធិ និងសមភាពរបស់ជនមានពិការភាព ព្រមទាំងបង្កើតឱកាសឱ្យពួកគេបង្ហាញទេពកោសល្យ និងសមត្ថភាពសិល្បៈរបស់ខ្លួនជាសាធារណៈ។ សម្រាប់ឆ្នាំ២០២៦ គណៈកម្មការរៀបចំបានជ្រើសរើសបេក្ខជនចំនួន៤៥នាក់ តាមរយៈការវាយតម្លៃវីដេអូច្រៀងដែលផ្ញើតាមប្រព័ន្ធតេឡេក្រាម។ ការប្រឡងឆ្នាំនេះបានបន្ថែមបទចម្រៀងប្រពៃណី ដោយបេក្ខជនម្នាក់ៗត្រូវច្រៀងបទចម្រៀងសម័យមួយបទ និងបទចម្រៀងប្រពៃណីមួយបទ ដើម្បីបង្កើនសមត្ថភាពសិល្បៈ និងចូលរួមអភិរក្សវប្បធម៌ជាតិ។
បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បេក្ខជនចំនួន៦នាក់បានឈានទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីប្រកួតប្រជែងដណ្តើមចំណាត់ថ្នាក់លេខ១ ដល់លេខ៣ និងជ័យលាភីកិត្តិយសចំនួន៣នាក់។ ការវាយតម្លៃបានផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន៣ គឺទឹកដមសំឡេង ការច្រៀងត្រូវតាមចង្វាក់ភ្លេង និងភាពត្រឹមត្រូវនៃការបញ្ចេញពាក្យចម្រៀង ដោយមិនគិតលើរូបសម្បត្តិ ឬកាយវិការរបស់បេក្ខជនឡើយ។
តាមលទ្ធផលនៃការប្រកួត ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ ប្រកាសនីយបត្រ និងថវិកា១០លានរៀល ជ័យលាភីលេខ២ ទទួលបានពានរង្វាន់ ប្រកាសនីយបត្រ និងថវិកា៨លានរៀល និងជ័យលាភីលេខ៣ ទទួលបានពានរង្វាន់ ប្រកាសនីយបត្រ និងថវិកា៦លានរៀល។ ចំណែកជ័យលាភីកិត្តិយសទាំង៣នាក់ ទទួលបានថវិកាម្នាក់ៗ២លានរៀល។ ដោយឡែក បេក្ខជនទាំង៤៥នាក់ ក៏ទទួលបានថវិកាឧបត្ថម្ភពីឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ពិការភាពមិនមែនជារបាំងនៃទេពកោសល្យ និងសមត្ថភាពឡើយ។ មនុស្សគ្រប់រូបសុទ្ធតែមានសក្តានុពល និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដូច្នេះសង្គមត្រូវផ្តល់ឱកាស បង្កើតបរិយាកាសអំណោយផល និងគាំទ្រឱ្យជនមានពិការភាពអាចបង្ហាញសមត្ថភាពរបស់ខ្លួនបានពេញលេញ។
លោកជំទាវបានមានប្រសាសន៍ថា មហោស្រពនេះមិនមែនគ្រាន់តែជាការប្រកួតប្រជែងដើម្បីដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាផ្តល់ក្តីសង្ឃឹម និងឱកាស ព្រមទាំងបង្ហាញពីតម្លៃ និងសមត្ថភាពរបស់ជនមានពិការភាព។ ការចូលរួមរបស់បេក្ខជនបានឆ្លុះបញ្ចាំងពីភាពក្លាហាន ការតាំងចិត្ត និងស្មារតីតស៊ូក្នុងការជម្នះឧបសគ្គ។ លោកជំទាវក៏បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ឱ្យបន្តខិតខំហ្វឹកហាត់ និងអភិវឌ្ឍទេពកោសល្យរបស់ខ្លួន ដោយចាត់ទុកថា ការហ៊ានបង្ហាញសមត្ថភាព និងការមិនបោះបង់ការតស៊ូ គឺជាជ័យជម្នះដ៏មានតម្លៃ។
ជាមួយគ្នានេះ លោកជំទាវបានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន បន្តចូលរួមគាំទ្រ និងបង្កើតឱកាសឱ្យកាន់តែទូលំទូលាយសម្រាប់ជនមានពិការភាព ជាពិសេសក្នុងវិស័យសិល្បៈ វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឱ្យពួកគេអាចបង្ហាញទេពកោសល្យ ទទួលបានការទទួលស្គាល់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិប្រកបដោយសមភាព និងបរិយាបន្ន។
បន្ទាប់ពីពិធីប្រគល់ពានរង្វាន់ និងប្រកាសនីយបត្រដល់ជ័យលាភីរួចមក លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានប្រគល់ថវិកា និងស្បៀងអាហារបន្ថែម ជូនបេក្ខជន បេក្ខនារីទាំង ៤៥នាក់ ដែលបានចូលរួមប្រឡង ដោយក្នុងម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល អង្ករ ២០គីឡូក្រាម មីជាតិមួយកេស តែសុខភាពមួយកេស ទឹកបរិសុទ្ធមួយកេស សារ៉ុង និងកន្សែង ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះបេក្ខជនទាំងអស់៕


