លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា នាំយកអង្ករវីតាមីន ៣០០កេស ទស្សនាវដ្តី និងព្រឹត្តិប័ត្រ ប្រគល់ជូនមណ្ឌលអប់រំកែប្រែទី២ (ម.២)
(ភ្នំពេញ)៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន រួមជាមួយលោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងសមាជិក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍក្រសួងព័ត៌មាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាច្រើនទៅប្រគល់ជូនដល់មណ្ឌលកែប្រែទី២ (ម២) នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ។ សកម្មភាពមនុស្សធម៍នេះធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់បងប្អូន ជាពិសេសស្ត្រីដែលកំពុងជាប់ឃុំឃាំងនៅទីនោះ។
អំណោយដែលបានប្រគល់ជូនរួមមាន ទស្សនាវដ្តី និងព្រឹត្តិប័ត្រចំនួន ២៥ក្បាល ដែលជាព្រះរាជអំណោយសម្តេចម៉ែ, អង្ករវីតាមីនចំនួន ៣០០កេស, ទស្សនាវដ្តីកម្ពុជា ៣០ក្បាល, សៀវភៅធម៌ ៨០ក្បាល។ សម្រាប់ទឹកសណ្តែក ៥០កេស, ទឹកសណ្តែក Super ៥កេស និងកាហ្វេ ១០កេស ជាអំណោយរបស់ក្រុមហ៊ុនភេសជ្ជៈ Yeo’s Cambodia។ ជាមួយគ្នានេះដែរ ស្ត្រីមានផ្ទៃពោះទទួលបានសារុង និងក្រមា ចំណែកកុមារទទួលបានខោអាវ ថវិកា និងនំ ដែលជាអំណោយផ្ទាល់ពីលោកជំទាវ សេង វណ្ណារី ហួត ឃាងវេង។
លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា មានប្រសាសន៍ថា សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោមស្មារតី «មិនទុកនរណាម្នាក់ចោលឡើយ»។
លោកជំទាវប្រធានកិត្តិយសសមាគម បានគូសបញ្ជាក់ថា ការផ្តល់អំណោយទាំងនេះ មិនត្រឹមតែជាការចែករំលែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់នូវកម្លាំងចិត្ត ក្តីសង្ឃឹម និងបង្ហាញពីតម្លៃនៃសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ពីសង្គមជាតិផងដែរ។ សកម្មភាពមនុស្សធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត និងផ្តល់ឱកាសដល់អ្នកជាប់ឃុំឃាំងឱ្យមានអារម្មណ៍ថា ពួកគេមិនត្រូវបានគេបំភ្លេចចោលឡើយ។
លោកជំទាវ បានលើកឡើងដែរថា ទោះជាការផ្តល់ជូននូវអំណោយនានាទាំងអស់នេះពុំទាន់អាចឆ្លើយតបទៅ និងតម្រូវការជាក់ស្តែងរបស់មណ្ឌលអប់រំក៏ដោយ ប៉ុន្តែក៏ពិតជាអាចជួយសម្រួលនូវកង្វះខាតរបស់មណ្ឌលអប់រំកែប្រែ ម២ បានមួយរយៈ និងចំគោលដៅ ដែលកំពុងត្រូវការប្រើប្រាស់ជាចាំបាច់ ហើយការណ៍នេះជាការលើកស្ទួយ និងលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិស្រ្តី។
នៅក្នុងឱកាសនោះដែរ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានសំដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនៅពន្ធនាគារ ដែលបានចូលរួមក្នុងការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងកន្លែងឃុំឃាំង ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅ មានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ មានសួនកម្សាន្ដសម្រាប់កូនតាមម្តាយ។ បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏យកចិត្តទុកដាក់ពីការរស់នៅចំពោះជនជាប់ឃុំជាភេទទីបី ដែលជាការចូលរួមលើកកម្ពស់ និងការពារសិទ្ធិក្រុមអ្នកស្រឡាញ់ភេទដូចគ្នា៕







