លោកជំទាវ ជា ស៊ុនដាណែត ដឹកនាំកិច្ចប្រជុំអំពីការធ្វើបច្ចុប្បន្នភាពនៃការគ្រប់គ្រងវត្តមានមន្រ្តីរាជការទូរទស្សន៍ជាតិកម្ពុជា

នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិកាប្រចាំការនៃក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាព និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងវត្តមានមន្រ្តីរាជការ នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា និងលោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញព្រមទាំងមន្ត្រីពាក់ពន្ធ។
លោកជំទាវបានលើកឡើងថា ការគ្រប់គ្រងវត្តមានរបស់មន្រ្តីជាការងារដ៏សំខាន់មួយ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការងារ និងអភិវឌ្ឍន៍ស្ថាប័នឲ្យមានវិន័យច្បាស់លាស់។

លោកជំទាវ បានជំរុញឲ្យមានការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការតាមដានវត្តមាន ដើម្បីសម្រួលដល់ការគ្រប់គ្រង និងការចេញរបាយការណ៍ឲ្យមានភាពទាន់ពេលវេលា កាត់បន្ថយការបាត់បង់ពេលវេលា និងការច្របូកច្របល់ក្នុងការងារ។

ក្នុងឱកាសនេះផងដែរ លោកជំទាវបានណែនាំអោយអ្នកគ្រប់គ្រងត្រូវបង្កើតស្ថានភាពធ្វើការដែលមានស្មារតីទំនួលខុសត្រូវ ចេះសហការជាក្រុម និងបង្កើនការទាក់ទងប្រសើរជាមួយមន្រ្តីទាំងអស់ ដើម្បីឲ្យការអភិវឌ្ឍវិស័យព័ត៌មានរបស់ជាតិមានសីលធម៌ និងសុជីវធម៌។

លោកជំទាវបានផ្តល់អនុសាសន៍សំខាន់ៗជាច្រើន ដើម្បីឲ្យក្រុមការងារចូលរួមអនុវត្តន៍យ៉ាងសកម្ម និងបន្តធ្វើការផ្តល់សំណើផ្នែកបច្ចេកទេសទៅក្រសួង ដើម្បីជួយបន្ថែមប្រសិទ្ធភាពក្នុងការគ្រប់គ្រងវត្តមានឱ្យបានល្អប្រសើរឡើង៕