លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន LSV និង DKSH ដែលដឹកនាំដោយ លោកស្រី នុត សម្ជស្ស និងលោក ស៊ូបាឌីប មីត្រា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន LSV និង DKSH ដែលដឹកនាំដោយ លោកស្រី នុត សម្ជស្ស និងលោក ស៊ូបាឌីប មីត្រា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុន ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនទាំងពីរ ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញចរន្តទីផ្សារក្នុងស្រុក ក្នុងការផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភាគ ចំណីអាហារ និងផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ដែលមានគុណភាពខ្ពស់ ភាពសន្សំសំចៃ និងជម្រើសសម្បូរបែប ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការចូលរួមបង្កើតការងារដោយផ្ទាល់ និងប្រយោលដល់ប្រជាជនកម្ពុជា ផងដែរ។ 

នៅក្នុងឱកាសនោះដែរ លោកស្រីប្រធានគ្រប់គ្រងក្រុមហ៊ុន LSV បានរាយការណ៍អំពីវឌ្ឍភាពសម្រេចបានរបស់ក្រុមហ៊ុន ជាពិសេសការជ្រៀតចូលទីផ្សារ និងការពង្រីកទីផ្សារ ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងជម្រាបអំពីកិច្ចសហការជាមួយ DKSH លើការពង្រឹងបណ្តាញចែកចាយ និងការជ្រៀតចូលទៅក្នុងទីផ្សារសម្រាប់ផលិតផលក្នុងស្រុក និងផែនការពង្រីកផលិតផលកសិ-ឧស្សាហកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងកែលម្អស្តង់ដារផលិតផលសម្រាប់ពង្រីកទីផ្សារផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។

លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងពីរ ចូលរួមជាមួយក្រសួងពាណិជ្ជកម្មលើគ្រប់សកម្មភាពដើម្បីលើកស្ទួយផលិតផលជាតិដូចជា ចូលរួមក្នុងយុទ្ធនាការផលិតផលជាតិ #MadeInCambodia ក្នុងការដាក់លក់ផលិតផលក្នុងស្រុកនៅតាមផ្សារទំនើបធំៗ ម៉ល ម៉ាត និងមីនីម៉ាត ព្រមទាំងបន្តពង្រឹងសមត្ថភាពអាជីវកម្ម កែលម្អគុណភាពផលិតផល និងប្រើប្រាស់បច្ចេកវិទ្យា បង្កើនភាពច្នៃប្រឌិតលើផលិតផលថ្មីៗ ចេញពីផលិតផលកសិកម្មដូចជា បន្លែ គ្រឿងទេស ស្វាយកែវរមៀត មៀនប៉ៃលិន ស្វាយចន្ទី ជាដើម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងចូលរួមយ៉ាងសកម្មក្នុងខ្សែច្រវាក់តម្លៃទាំងក្នុងតំបន់ និងសកល។