លោកជំទាវ គឹម សុភ័ក្រ អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០២៥ របស់គណ:កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ

ព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ គឹម សុភ័ក្រ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងឆមាសទី១ ឆ្នាំ២០២៥ របស់គណ:កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ និងចលនាស្ត្រីខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះ លោកជំទាវ គីម សុភ័ក្រ្ត ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ នាំការផ្តាំផ្ញើ សួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគម នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សម្តេចតែងតែជឿជាក់ និងលើកទឹកចិត្តបងប្អូននារីយើង ជាសមាជិកានៃសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ប្រាជ្ញា ស្មារតីក្នុងការបំពេញបេសកកម្មជូនសង្គមជាតិ និងមាតុភូមិ។ ជាមួយគ្នានេះលោកជំទាវ បានវាយតម្លៃចំពោះគណៈ កម្មការប្រតិបត្តិសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ មន្ទីរអង្គភាពពាក់ព័ន្ធជាសមាជិកា  ដែលបានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ ប្រព្រឹត្តទៅយ៉ាងរលូន។ ទន្ទឹមនោះ លោកជំទាវ បានថ្លែងអំណរគុណ សមាជិក សមាជិកាសាខា សមាគមនារីខេត្ត និងអនុសាខាសមាគមនារីក្រុង ស្រុក ដែលបានចូលរួមយ៉ាងសកម្មទាំងស្មារតី កម្លាំង និងថវិកា ក្នុងការងារមនុស្សធម៌ ដើម្បីជួយដល់ស្រ្តី កុមារ ជនងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងប្រកបដោយសមធម៌ និងបរិយាប័ន្ន ការជួយឧបត្ថម្ភជាថវិកា និងសម្ភារដល់សមាគមនារីកម្ពុជារបស់យើងមានតិចតួច ប៉ុន្តែនេះជាទឹកចិត្តអាណិតអាសូរ និងការស្រលាញ់ចំពោះមនុស្សនៅជុំវិញខ្លួនយើង ជាពិសេសអ្នកដែលកំពុងជួបការលំបាក ។
លោកជំទាវ បានបញ្ជាក់ថា ក្នុងនាមជាប្រធានកិត្តិយស នៃសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ សូមអំពាវនាវឪ្យសមាជិកាគ្រប់រូប ចូលរួមធ្វើសកម្មភាព និងរួមទទួលខុសត្រូវ ដើម្បីជំរុញការងាររបស់សមាគមឱ្យកាន់តែរីកចម្រើនទៅមុខ ។ បន្តពង្រឹងកម្លាំងសាមគ្គីភាពផ្ទៃក្នុងបង្កើតភាព ស្និទ្ធស្នាលចែករំលែកព័ត៌មានឱ្យគ្នាទៅវិញ ទៅមក បន្តស្វែងរក និងកៀងគរហិរញ្ញវត្ថុ និងធនធានពីសប្បុរសជន ដៃគូអភិវឌ្ឍ និងគាំទ្រសកម្មភាពរបស់សមាគម។ បន្តសហការ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសមាគមនារីក្លាយជាស្ថាប័នមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងការកាត់បន្ថយភាពក្រីក្រ ដើម្បីរួមចំណែកដល់ការគាំទ្រយុទ្ធសាស្ត្រជាតិ និងគោលនយោបាយរបស់រាជរដ្ឋា ភិបាល ដើម្បីលើកកម្ពស់សិទ្ធិស្រ្តី កុមារ និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន  ដើម្បីឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ កម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ។