លោកជំទាវ គីម សុភ័ក្ត្រ អញ្ជើញសំណេះសំណាល និងនាំយកសម្ភារសិក្សា រួមទាំងថវិកាជូនសិស្សានុសិស្សសាលាបឋមសិក្សាសម្តេច ជា ស៊ីម

លោកជំទាវ គីម សុភ័ក្ត្រ អញ្ជើញសំណេះសំណាល និងនាំយកសម្ភារសិក្សា រួមទាំងថវិកាជូនសិស្សានុសិស្សសាលាបឋមសិក្សាសម្តេច ជា ស៊ីម
……………………………….
ព្រឹកថ្ងៃច័ន្ទទី០៧ ខែកក្កដា ឆ្នាំ ២០២៥ លោកជំទាវ គីម សុភ័ក្ត្រ ប្រធានកិតិ្តយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍសាខាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកសម្ភារសិក្សា ព្រមទាំងថវិកាជូនសិស្សានុសិស្សសាលា បឋម សិក្សា ជា ស៊ីម សរុបចំនួន ៧៣៩ នាក់ ដែលនេះ គឺជាការចែកលើកទី២ហើយ ដោយមានការចូល រួមពីលោកជំទាវ លោកស្រីអភិបាល រងខេត្ត អភិបាលរងក្រុង លោកស្រី ជាសមាជិកា នៃគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍសាខាខេត្តព្រះសីហនុ លោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្សយ៉ាងច្រើនកុះករ ។
លោកជំទាវ គីម សុភ័ក្ត្រ ប្រធានកិតិ្តយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍសាខាខេត្តព្រះសីហនុ មានប្រសាសន៍ពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជា ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខក្មួយៗសិស្សានុសិស្សនៅក្នុងខេត្តព្រះសីហនុ ជាពិសេសសិស្សា នុសិស្សកំពុងតែសិក្សាក្រេបយកនូវចំណេះវិជ្ជា និងបំណិនជីវិត។ ម្យ៉ាងវិញទៀតលោកគ្រូ អ្នកគ្រូ ដែលបានលះបង់យកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីក្នុងការបង្ហាត់បង្រៀនដល់ក្មួយៗសិស្សានុសិស្សទាំងអស់គ្នាក្នុង នាមជាឪពុកម្តាយទី២ ។
លោកជំទាវ ក៏បានលើកទឹកចិត្តក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រស្របតាមគោលនយោបាយកំណែទម្រង់របស់ក្រសួងអប់រំយុវជន និង កីឡា។ ហើយការជួបជុំគ្នានាពេលនេះ តបតាមការសន្យាកាល ពីថ្ងៃទី០១ ខែមិថុនាកន្លង មក ដែលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍសាខាខេត្តព្រះសីហនុបានធ្វើការជួបសំណេះ សំណាល និងបាននាំយកអំណោយជាសម្ភារៈសិក្សា និងថវិកាចែកជូនក្មួយៗសិស្សានុ សិស្ស នៃសាលាបឋមសិក្សាសម្តេច ជា ស៊ីម ចំនួន ៧០០នាក់នាពេលកន្លងមក។
លោកជំទាវ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិ កាលទី៧ ឈរលើស្មារតីបន្ត វេនក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ជាមួយនឹងការដាក់ចេញនូវយុទ្ធ សាស្ត្របញ្ច កោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា បានបន្តកែទម្រង់សាលា រៀនជំនាន់ថ្មី និងសាលារៀនគំរូ អភិបាលកិច្ច និងពង្រឹងគុណភាពនៃការបណ្តុះ បណ្តាលគ្រូបង្រៀន វិធីសាស្ត្របង្រៀន ព្រមទាំងការបន្តលើក កម្ពស់ជីវភាព និងគុណ តម្លៃបុគ្គលិកសិក្សាគ្រប់កម្រិត ការអប់រំឌីជីថល ការក៏សាងហេដ្ឋារចនាសម្ព័ន្ធឌីជី ថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ វិធានគន្លឹះក្នុងវិស័យអប់រំ ដែលដាក់ចេញដោយ សម្តេចមហាបវរធិបតី ក្នុងគោលដៅពង្រឹងគុណភាពអប់រំចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា និងការអភិវឌ្ឍជាតិមាតុភូមិ ព្រោះកម្លាំងយុវជន និងកុមារជាកម្លាំងចលករមិនអាចខ្វះបាន និងជាកម្លាំងបន្ត វេន ដែលជាមូលដ្ឋានគ្រឹះនៃភាពរីកចម្រើនសេដ្ឋកិច្ច និងសង្គម ជាតិ។ ការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាលើយុវជន និងកុមារស្រប តាមគោល នយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិតដែលមានចក្ខុវិស័យអភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យមានវិជ្ជា សម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយ សម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងលើកកម្ពស់សុខដុមជីវិតបុគ្គល គ្រួសារ និងសង្គមតាមរយៈការផ្តល់ឱកាសសិក្សាពេញមួយជីវិតគ្រប់ពេលវេលា គ្រប់ទី កន្លែង និងគ្រប់មធ្យោបាយ។ ទន្ទឹមគ្នានេះ ការអប់រំបំណិនជីវិត ក៏រួមចំណែកយ៉ាងសំខាន់សម្រាប់សិស្សានុ សិស្ស ដែលជាវ័យមួយត្រូវការការអភិវឌ្ឍខ្លាំងខាងផ្នែកបញ្ញារាងកាយ ផ្លូវចិត្ត និងសមត្ថភាព ។
ក្នុងឱកាសនោះ លោកជំទាវ គីម សុភ័ក្រ ក៏បាននាំយកអំណោយជាសម្ភារ: និងថវិកាចែកជូនក្មួយៗសរុបចំនួន ៧៣៩នាក់ ក្នុងម្នាក់ទទួលបានកាបូបស្ពាយ១ បន្ទាត់ ១ ខ្មៅដៃ១ ប្រដាប់ចិតខ្មៅដៃ១ សៀវភៅ ១ក្បាល ប៊ិច១ ច្រាសដុះធ្មេញ១ ទឹកសុទ្ធ១ដប និងថវិកា ៥,០០០រៀល ដោយឡែកលោកគ្រូ អ្នកគ្រូចំនួន ៣៤នាក់ ម្នាក់ទទួលបានថវិកា ៣ម៉ឺនរៀល ។