លោកជំទាវ គីម ភ័ក្ដ្រ ម៉ាង ស៊ីណេត អញ្ជើញចុះចែកសម្ភារសិក្សាដល់កុមារតូចនៅតាមមត្តេយ្យសហគមន៍ចំនួន ២៣ ក្នុងស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ ដើម្បីបន្តលើកកម្ពស់វិស័យអប់រំកុមារតូច និងការកសាងមូលធនមនុស្សនៅកម្រិតមូលដ្ឋាន នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ គីម ភ័ក្ដ្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ រួមជាមួយលោកស្រី ម៉ាក សំណាង ប្រធានសមាគមនារីខេត្ត និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកសម្ភារសិក្សាដល់សិស្សានុសិស្សមត្តេយ្យសិក្សាសហគមន៍ទូទាំងស្រុកព្រៃនប់។
ក្នុងឱកាសនោះ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍អំពីស្ថានភាពអប់រំកុមារតូចក្នុងភូមិសាស្ត្រស្រុកថា បច្ចុប្បន្នស្រុកព្រៃនប់មាន ១០ឃុំ ស្មើនឹង ៤២ភូមិ ដែលមានកុមារអាយុក្រោម ៦ឆ្នាំ សរុបចំនួន ៥,៧៨៨នាក់។ លោកអភិបាលស្រុកបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានកិត្តិយស និងក្រុមការងារសមាគមនារីខេត្ត ដែលតែងតែផ្តល់ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារតូចៗតាមរយៈសកម្មភាពមនុស្សធម៌នេះ។
លោកជំទាវ គីម ភ័ក្ដ្រ ម៉ាង ស៊ីណេត បានមានប្រសាសន៍ថា មត្តេយ្យសិក្សាសហគមន៍គឺជាសសរយ៉ាងសំខាន់ក្នុងការបណ្តុះបញ្ញា ស្មារតី និងការសម្របខ្លួនរបស់កុមារមុនឈានជើងចូលបឋមសិក្សា។ លោកជំទាវបានលើកឡើងថា “ការវិនិយោគលើកុមារតូច គឺជាការកសាងមូលដ្ឋានគ្រឹះនៃការរៀនសូត្រពេញមួយជីវិត។ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំកុមារតូចជាអាទិភាពខ្ពស់បំផុត ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០”។
លោកជំទាវបានបន្ថែមថា សកម្មភាពនាពេលនេះ មិនត្រឹមតែជាការផ្តល់សម្ភារប៉ុណ្ណោះទេ ប៉ុន្តែជាការជួយសម្រាលបន្ទុកចំណាយរបស់មាតាបិតា និងជាការជំរុញទឹកចិត្តឱ្យកុមារទទួលបានឱកាសរៀនសូត្រប្រកបដោយសមធម៌។
យោងតាមរបាយការណ៍ ក្នុងស្រុកព្រៃនប់មានមត្តេយ្យសហគមន៍ចំនួន ២៣កន្លែង (កំពុងដំណើរការ ២២កន្លែង) ដែលមានសិស្សសរុប ៤១០នាក់ ស្រី ១៩៦នាក់ និងមានគ្រូបង្រៀនចំនួន ២៣នាក់ ស្រី ២២នាក់។
ក្នុងពិធីនោះ សម្ភារសិក្សា និងជំនួយដែលត្រូវបានចែកជូនរួមមាន សិស្សានុសិស្ស ទទួលបានសម្ភារសិក្សាម្នាក់ៗ ១ឈុត, ទឹកដោះគោ និងថវិកាលើកទឹកចិត្តមួយចំនួន។ លោកគ្រូ-អ្នកគ្រូ ទទួលបានការសួរសុខទុក្ខ និងថវិកាឧបត្ថម្ភក្នុងស្មារតីសាមគ្គីភាព។
ជាកិច្ចបញ្ចប់ លោកជំទាវបានផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូ ត្រូវបន្តខិតខំបង្រៀនកុមារតូចៗឱ្យអស់ពីកម្លាំងកាយចិត្ត និងអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវផ្តល់ឱកាសឱ្យកូនចៅបានទៅរៀនឱ្យបានជាប់លាប់ ដើម្បីសាងអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល៕
អត្ថបទ: មឿន ស្រីមុំ
រូបភាព៖ដារ៉ា



