លោកជំទាវសាស្ត្រាចារ្យ  រដ្ឋលេខាធិការ  អ៊ឹម សិទ្ធិការ្យ ជួបពិភាក្សាការងារជាមួយ វេជ្ជបណ្ឌិត Kathryn Leonhardt អនុប្រធាន និងជាប្រធានផ្នែកគុណភាព និងសុវត្ថិភាព នៃ Joint Commission International (JCI) នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យ ព្រះអង្គឌួង

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្ដែងការស្វាគមន៍ ជូនលោកស្រីវេជ្ជបណ្ឌិត Kathryn Leonhardt ថា÷
១. ប្រទេសកម្ពុជា មានការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយ JCI ហើយការជ្រើសរើសកម្ពុជាជាប្រទេសសម្រាប់កម្មវិធី JCI Presidential Fellows បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការលើកកម្ពស់ សុវត្ថិភាពអ្នកជំងឺ ជាអាទិភាពថ្នាក់ជាតិ។ ដូចដែល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងក្នុងឱកាស ទិវាសុវត្ថិភាពអ្នកជំងឺពិភពលោក ឆ្នាំ២០២៥ ថា៖ “គ្មានគុណភាពទេ ប្រសិន​បើគ្មានសុវត្ថិភាព”។
២. វឌ្ឍនភាពនៅមន្ទីរពេទ្យគំរូទាំងបី
បន្ទាប់ពីការវាយតម្លៃតម្រូវការសុវត្ថិភាពអ្នកជំងឺរបស់ JCI នៅខែកក្កដា-សីហា ឆ្នាំ២០២៥ មន្ទីរពេទ្យគំរូទាំងបី បានរៀបចំផែនការសកម្មភាពយ៉ាងទូលំទូលាយ ដោយផ្អែកលើលទ្ធផលវាយតម្លៃដំបូង។ ផែនការទាំងនេះត្រូវបានអនុម័តដោយថ្នាក់ដឹកនាំមន្ទីរពេទ្យ ហើយកំពុងអនុវត្តតាមប្រធានបទសុវត្ថិភាពអ្នកជំងឺទាំង ៨ របស់ JCI។
·        នៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គោលនយោបាយជាង ៨០ ត្រូវបានពិនិត្យ និងអនុម័ត រួមទាំងគោលនយោបាយសុវត្ថិភាពថ្នាំចំនួន ៦។ ខ្សែដៃសម្គាល់អត្តសញ្ញាណអ្នកជំងឺ ត្រូវបានដាក់អនុវត្តក្នុង ៨ ផ្នែក។
·        នៅ មន្ទីរពេទ្យខេត្តសៀមរាប មាន SOP ចំនួន ៧៨ ត្រូវបានរៀបចំ អនុម័ត និងផ្សព្វផ្សាយដល់បុគ្គលិក។ បុគ្គលិកជាង ៤០០ នាក់ ត្រូវបានបណ្តុះបណ្តាលអំពីការរាយការណ៍ហេតុការណ៍ និង ២៥០ នាក់អំពីសុវត្ថិភាពថ្នាំ។ ក៏បានបង្កើតប្រព័ន្ធតាមដានការឆ្លងមេរោគក្នុងស្ថាប័នសុខាភិបាលផងដែរ។
·        នៅ មន្ទីរពេទ្យខេត្តកំពង់ចាម SOP ចំនួន ៥៨ ត្រូវបានរៀបចំ អនុម័ត និងផ្សព្វផ្សាយ។ បុគ្គលិកចំនួន ៣០០ នាក់ បានទទួលការបណ្តុះបណ្តាលប្រើប្រាស់ប្រព័ន្ធ EMR ដែលបានកាត់បន្ថយការប្រើប្រាស់ឯកសារក្រដាសប្រមាណ ៤០% នៅផ្នែកពិនិត្យព្យាបាលក្រៅ។ បញ្ជីថ្នាំ LASA និងថ្នាំប្រភេទ High-alert ក៏ត្រូវបានធ្វើបច្ចុប្បន្នភាព និងអនុវត្តផងដែរ។
ប្រមាណ ៩០% នៃស្តង់ដារ JCI Pathways ស្របតាមស្តង់ដារ CHAS របស់កម្ពុជា ដែលបង្ហាញថាកម្មវិធីនេះកំពុងពង្រឹងប្រព័ន្ធសុខាភិបាលជាតិរបស់យើង។ មន្ទីរពេទ្យទាំងបី កំពុងធ្វើវឌ្ឍនភាពល្អ និងឆ្ពោះទៅរកការទទួលស្គាល់ជា JCI Patient Safety Pathways Center។
៣. សមិទ្ធផលថ្នាក់ជាតិ
កម្មវិធីនេះបានជំរុញការរីកចម្រើនលើសពីមន្ទីរពេទ្យគំរូទាំងបី។ យើងបានបញ្ចូលសូចនាករសុវត្ថិភាពអ្នកជំងឺទៅក្នុងផែនការសកម្មភាពរបស់មន្ទីរពេទ្យសាធារណៈទាំង ១២០ នៅទូទាំងប្រទេសកម្ពុជា។ ប្រព័ន្ធ MPDSR (Maternal and Perinatal Death Surveillance and Response) ក៏បានអនុវត្តគោលការណ៍ “មិនបង្ហាញឈ្មោះ និងមិនដាក់បន្ទុក” ក្នុងការរាយការណ៍ហេតុការណ៍ ដែលស្របតាមគោលការណ៍ JCI Pathways និងជំរុញឱ្យប្រព័ន្ធសុខាភិបាលក្លាយជាប្រព័ន្ធរៀនសូត្រជាបន្ត។
៤. ការកសាងសមត្ថភាពជាតិ
ដើម្បីធានាការបន្តនិងចីរភាព យើងកំពុងអភិវឌ្ឍសមត្ថភាពជាតិ៖
·        បានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលសុវត្ថិភាពអ្នកជំងឺជាលក្ខណៈជាតិ ដំបូងបង្អស់នៅកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ដោយមាន Patient Safety Champions ៣០ នាក់ និងគ្រូបណ្តុះបណ្តាលកម្ពុជា ៨ នាក់។
·        កំពុងអនុវត្តកម្មវិធី SBAR ថ្នាក់ជាតិ ដែលគ្រោងអនុវត្តនៅមន្ទីរពេទ្យជាតិ ១០, មន្ទីរពេទ្យខេត្ត ២៥ និងមន្ទីរពេទ្យស្រុក ៩៩ នៅទូទាំងប្រទេស។
៥. ការប្តេជ្ញាចិត្តយុទ្ធសាស្ត្ររបស់ក្រសួង
ក្រសួងសុខាភិបាលបានប្តេជ្ញាដឹកនាំយុទ្ធសាស្ត្រនេះតាមរយៈវិធីសាស្ត្រចម្បងបី៖
1.     សហការយ៉ាងជិតស្និទ្ធជាមួយ JCI និងមន្ទីរពេទ្យ ដើម្បីឱ្យអាទិភាពសុវត្ថិភាពអ្នកជំងឺស្របតាម គោលនយោបាយសុវត្ថិភាពអ្នកជំងឺជាតិ និងស្តង់ដារ CHAS។
2.     កំណត់កត្តាជំរុញប្រព័ន្ធ ដូចជា ការបង្កើតមុខតំណែងសម្រាប់ការងារសុវត្ថិភាពអ្នកជំងឺ ការបែងចែកថវិកា និងការកសាងវប្បធម៌រាយការណ៍ដោយមិនដាក់ទោស។
3.     ដឹកនាំការពង្រីក និងធានាចីរភាព។ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានផ្តល់អនុសាសន៍ឱ្យពង្រីកកម្មវិធី JCI Pathways ទៅកាន់មន្ទីរពេទ្យជាតិទាំង ១០ ដោយអនុវត្តជាដំណាក់កាល។
៦. ទិសដៅបន្ត
កម្មវិធី Training of Trainers (ToT) Cohort 1 គ្រោងបញ្ចប់នៅថ្ងៃទី២២ ខែឧសភា។ ការសង្កេត និងយោបល់របស់ វេជ្ជបណ្ឌិត Leonhardt ក្នុងសប្តាហ៍នេះ នឹងមានសារៈសំខាន់ខ្លាំងក្នុងការរៀបចំដំណាក់កាលបន្ទាប់។ យើងក៏រំពឹងថា នឹងមានកិច្ចប្រជុំរវាង វេជ្ជបណ្ឌិត Neelam Dhingra និង ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា នៅក្នុង មហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ នៅទីក្រុងហ្សឺណែវ នៅខែឧសភា ឆ្នាំ២០២៦។ ការវាយតម្លៃបន្ទាប់នៃការអនុវត្តគ្រោងធ្វើនៅត្រីមាសទី១ ឆ្នាំ២០២៧ ដើម្បីឈានទៅរកការទទួលស្គាល់ជា JCI Patient Safety Pathways Center។

៧. សេចក្តីបញ្ចប់
សុវត្ថិភាពអ្នកជំងឺ មិនមែនជាគម្រោងមួយប៉ុណ្ណោះទេ ប៉ុន្តែជាអាទិភាពថ្នាក់ជាតិ។ យើងមានជំនឿថា ដំណើររបស់កម្ពុជា ជាមួយនឹងការណែនាំរបស់ JCI និងការប្តេជ្ញារបស់ក្រុមការងារមន្ទីរពេទ្យ នឹងធ្វើឱ្យប្រទេសយើងក្លាយជាគំរូឈានមុខមួយនៅក្នុងតំបន់៕