លោកជំទាវរដ្ឋលេខាធិការ អ៉ឹម សិទិ្ធការ្យ ÷ ជំរុញឱ្យមន្ទីរពេទ្យថ្នាក់ជាតិបង្កើតគណៈកម្មការពិនិត្យមរណភាពមាតានិងទារកនៅក្នុងមន្ទីរពេទ្យដើម្បីរួមគ្នាកាត់បន្ថយអត្រាមរណភាពរបស់មាតានិងទារកនិងលើកកម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរ

ថ្លែងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើតដើម្បីលើកកម្ពស់គុណភាពសេវាសុខភាពមាតា និងទារកនៅកម្ពុជាកាលពីរសៀលថ្ងៃទី១១កក្តដានៅមន្ទីរពេទ្យព្រះអង្គឌួង លោកជំទាវ សាស្ត្រាចារ្យ អ៉ឹម សិទិ្ធការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានស្នើឱ្យគ្រូបង្គោលទាំង៣៣រូបមកពីមន្ទីរពេទ្យចំនួន៦រួមមានមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យតេជោសន្តិភាព មន្ទីរពេទ្យជ័យវវ្ម័នទី៧  មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងមន្ទីរពេទ្យកុមារជាតិដែលទទួលបានការបណ្តុះបណ្តាលនេះទៅបង្រៀនបន្តនៅមន្ទីរពេទ្យរបស់ខ្លួនគ្រប់កម្រិតតាំងពីប្រធានមន្ទីរពេទ្យ ប្រធានផ្នែកគ្រប់ផ្នែកពិសេសផ្នែកសម្ពពនិងទារកនិងមន្ទីរពេទ្យតាមបណ្តាខេត្តដែលជាសម្ព័ន្ធមេត្រីដើម្បីបង្កើនចំណេះដឹងថ្មីៗសំដៅធ្វើយ៉ាងណារួមគ្នាកាត់បន្ថយអត្រាស្លាប់របស់មាតានិងទារកឱ្យកាន់តែទាបបំផុតពិសេសឈានទៅសម្រេចគោលដៅពី១៥៤នាក់លើ១សែនកំណើតរស់នៅឆ្នាំ២០២២មកត្រឹម៧០នាក់លើ១សែនកំណើតរស់នាឆ្នាំ២០២៣០ខាងមុខ។

លោកជំទាវសាស្ត្រាចារ្យបានបន្តថា ជាមួយគ្នានេះដែរត្រូវបង្កើតគណៈកម្មការពិនិត្យមរណភាពមាតានិងទារកនៅតាមមន្ទីរពេទ្យជាតិ
ដើម្បីត្រួតពិនិត្យនិងតាមដានវាយតម្លៃនៃការផ្តល់សេវាមាតានិងទារកក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗនៅពេលមានករណីស្លាប់នៅតាមមន្ទីរពេទ្យរបស់ខ្លួន។
លោកជំទាវសាស្ត្រាចារ្យបានចាត់ទុក វគ្គបណ្តុះបណ្តាលនេះពិតជាមានសារសំខាន់ណាស់ក្នុងការផ្តល់នូវវិធីសាស្ត្រស្រាវជ្រាវពីឬសគល់ឬមូលហេតុបណ្តាលឱ្យមានករណីមាតានិងទារកស្លាប់ក៏ដូចជាវិធីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាពនិងបានទាន់ពេលវេលា។

លោកជំទាវសាស្ត្រាចារ្យបានបន្ថែមថា « គន្លឹះសំខាន់គឺផ្នែកមាតានិងទារកទេតែបើធ្វើតែមិនបានទេត្រូវមានការចូលរួមពីការិយាល័យបច្ចេកទេសនិងថ្នាក់ដឹកនាំមន្ទីរពេទ្យមានប្រធានឬអនុប្រធានមន្ទីរពេទ្យដើម្បីឱ្យដំណើរការស្រាវជ្រាវមានប្រសិទ្ធភាពនិងរលូននិងកែប្រែរាល់កំហុសឆ្គងណាមួយនៅពេលមានករណីមា្តយឬទារកស្លាប់ពេលសម្រាលហើយត្រូវករណីនេះជាបទពិសោធន៍និងជាការរៀនសូត្ររបស់យើងដើម្បីយើងធ្វើយ៉ាងណាឱ្យដំណើរការការងារក្នុងការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើតនេះឱ្យបានល្អប្រសើរ»។

លោកជំទាវសាស្ត្រាចារ្យបានលើកឡើងទៀតថាការងារនេះត្រូវធ្វើការជាក្រុមតាំងពីមុនកើតរហូតដល់កើតមិនអាចធ្វើការតែម្នាក់ឯងបានទេ។ត្រូវឧស្សាហ៍ជួបគ្នាដើម្បីជជែកនូវករណីសំខាន់សំដៅរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលាទើបយើងថែរក្សាម្តាយនិងទារកបានល្អហើយត្រូវរាយការណ៍ជាបន្ទាន់នៅពេលមានករណីមាតាឬទារកស្លាប់ដោយប្រការណាមួយកុំទុករហូតដល់ប្រព័ន្ធផ្សព្វផ្សាយចេញផ្សាយព្រោងពា្រត់ទើបបានដឹងឮដល់ថ្នាក់ដឹកនាំ។

លោកជំទាវសាស្ត្រាចារ្យបានណែនាំដល់គ្រូបង្គោលថ្នាក់ជាតិសូមបន្តរៀបចំវគ្គបើកវគ្គបណ្តាលនេះបន្តទៀតនៅតាមថ្នាក់ខេត្តដោយសហការជាមួយមន្ទីរពេទ្យជាតិនិងបន្តវិភាគនៃមរណភាពមាតាថ្មី២៦ករណីមកពីមន្ទីរពេទ្យខេត្តដើម្បីរៀបចំផែនការជួយមន្ទីរពេទ្យថ្នាក់ជាតិបន្តភាពវិជ្ជមានដល់មន្ទីរពេទ្យខេត្ត។
លើសពីនេះលោកជំទាវសាស្ត្រាចារ្យបានសំណូមពរដល់អង្គការដៃគូ ពិសេសអង្គការយូ អិន អេស ភីអេ មេត្តាបន្តគាំទ្រអនុវត្តផែនការបណ្តុះបណ្តាលនេះជាបន្តទៀតនៅថ្នាក់ខេត្តនិងមូលដ្ឋានសុខាភិបាលដើម្បីធានានូវប្រសិទ្ធភាពនៃប្រព័ន្ធពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើតនេះនិងឈានទៅកាត់បន្ថយអត្រាមរណភាពមាតានិងទារកនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថាវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតានិងទារកជុំវិញកំណើតមានរយៈ៥ថ្ងៃគឺចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១កក្តដាឆ្នាំ២០២៥នៅមន្ទីរពេទ្យព្រះអង្គឌួងដោយមានសិក្ខាកាមមកពីមន្ទីរពេទ្យជាតិទាំង៦សរុបចំនួន៣៣រូប។វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់មន្ទីរពេទ្យជាតិ ទាំង៦ឱ្យកាន់តែប្រសើរសំដៅចូលរួមពន្លឿនការកាត់បន្ថយអត្រាមរណភាពមាតា និងទារក និងលើកកម្ពស់គុណភាពនៃសេវាសុខភាពមាតា និងទារក ក្នុងព្រះរាជាណាចក្រកម្ពុជា៕