លោកជំទាវរដ្ឋលេខាធិការ អ៊ុម សិទ្ធិការ្យ អំពាវនាវដល់សិក្ខាកាមទាំងអស់ មេត្តាប្រើប្រាស់ពេលវេលា៥ថ្ងៃនេះ ដើម្បីកសាង សមត្ថភាពរបស់ខ្លួន ដើម្បីចែករំលែកចំណេះដឹងទាំងនេះសម្រាប់មន្ទីរពេទ្យខ្លួន ក៏ដូចជាការបណ្តុះបណ្តាលដល់គណៈកម្មការ MPDSR ថ្នាក់រាជធានីខេត្ត

លោកជំទាវសាស្ត្រាចារ្យ អ៊ុម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងនៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើតនិងការឆ្លើយតប សម្រាប់មន្ទីរពេទ្យជាតិ
ពីថ្ងៃទី៧ដល់១១ ខែកក្កដា ឆ្នាំ២០២៥នៅមន្ទីរពេទ្យព្រះអង្គឌួងនេះថា÷ ចាប់តាំងពីការបណ្តុះបណ្តាលក្នុងខែមីនាកន្លងមក គណៈកម្មការ MPDSR ថ្នាក់ជាតិ និងគណៈកម្មការមន្ទីរពេទ្យជាតិទាំងបួន ដែលទទួលបានការបណ្តុះបណ្តាល បានជួយគាំទ្រផ្នែកបច្ចេកទេសដល់មន្ទីរសុខាភិបាលរាជធានីខេត្ត ក្នុងការពិនិត្យករណីមរណភាពមាតា-ទារក ចំនួន២៨ករណី (១៨ ករណីសម្រាប់មាតា និង១០ សម្រាប់ទារកជុំវិញកំណើត) ក្នុងរាជធានីខេត្តចំនួន ៩ និង២មន្ទីរពេទ្យជាតិ (កំពត កំពង់ស្ពឺ កំពង់ធំ បាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ ស្វាយរៀង ព្រៃវែង កំពង់ចាម មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
ទន្ទឹមនឹងនេះដែរ យើងនូវមានបញ្ហាយឺតយ៉ាវក្នុងការរាយការណ៍ករណីមរណភាពមាតាពីថ្នាក់រាជធានីខេត្ត ដែលភាគច្រើនករណីរទទួលបានពីបណ្តាញសង្គម ដែលទាមទារការពង្រឹងប្រព័ន្ធរាយការណ៍របស់យើងមកដល់លេខាធិការដ្ឋាននៃគណៈកម្មការ MPDSR ថ្នាក់ជាតិ។
លោកជំទាវសាស្រ្តាចារ្យ សូមគួសបញ្ជាក់ពីសារៈសំខាន់នៃវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ភាពជោគជ័យនៃអនុវត្តប្រព័ន្ធ MPDSR ទៅដល់ថ្នាក់រាជធានីខេត្ត និងមូលដ្ឋានសុខាភិបាលរាជធានីខេត្ត និងស្រុក គឺអាស្រ័យលើការចូលរួមរបស់មន្ទីរពេទ្យជាតិទាំង៤ ដែលត្រូវបន្តបណ្តុះបណ្តាលគ្រូបង្គោលដល់គណៈកម្មការMPDSR រាជធានីខេត្តទាំង២៥ នៅពេលខាងមុខ ទៅតាមរចនាសម្ព័ន្ធមេត្រីភាពរវាងមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យរាជធានីខេត្តរបស់ខ្លួន។
ខណៈពេលដែលប្រព័ន្ធ MPDS ទាមទារការចូលរួមក្នុងការរាយការណ៍គ្រប់ករណីមរណភាពទាំងអស់ទាំងក្នុងមូលដ្ឋានសុខាភិបាល និងក្នុងសហគមន៍ និងគោលដៅពង្រឹងគុណភាពសេវាសុខាភិបាល យើងត្រូវពង្រឹងវប្បធម៌នៃការរក្សាការសង្ងាត់ និងការមិនស្តីបន្តោស តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស ដែលយើងនឹងគ្រោងធ្វើការផ្សព្វផ្សាយជាផ្លូវការនូវពិធីសារជាតិស្តីពីពិនិត្យមរណភាពមាត និងទារកជុំវិញកំណើត និងការឆ្លើយតប នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៥។
គណៈកម្មការ MPDSR ថ្នាក់ជាតិក៏នឹងសហការជាមួយស្ថាប័នផ្សេងទៀតដូចជាគណៈវិជ្ជាជីវៈ សុខាភិបាល និងក្រុមការងារសវនកម្មរបស់ក្រសួងសុខាភិបាល ដែលមានគោលដៅរួមក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល ដើម្បីកាត់បន្ថយមរណភាពមាតា និងទារក តាមរយៈការសម្របសម្រួល និងកិច្ចសហកា។
ក្រសួងសុខាភិបាលនឹងបន្តគាំទ្រ និងពង្រឹងគុណភាពនៃផ្តល់សេវាសុខភាពមាតា និងទារក តាមរយៈការប្រើប្រាស់ភស្តុតាងថ្មីពីប្រព័ន្ធពិនិត្យមរណភាពមាតា-ទារក និងឆ្លើយតប និងពង្រីកប្រសិទ្ធភាពនៃប្រព័ន្ធទៅគ្រប់មូលដ្ឋានសុខាភិបាលខេត្ត-រាជធានីទាំងអស់ ដើម្បីចូលរួមសម្រេចបាន នូវគោលដៅនៃរបៀបវារៈសន្និសិទ្និអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍន៍ (ICPD) និងគោលដៅ គ្របដណ្តប់សុខភាពជាសកលត្រឹមឆ្នាំ២០៣០។
លោកជំទាវសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្រ្តាលី មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដែលបានជួយគាំទ្រទាំងបច្ចេកទេស និងថវិកា មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យព្រះអង្គឌួង គ្រូបង្គោលថ្នាក់ជាតិ និងដៃគូពាក់ព័ន្ធ ដែលបានរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង និងបន្តគាំទ្រ តាមរយៈការបង្កើតប្រព័ន្ធតាមដានវឌ្ឍនភាពការងារ MPDSR តាមប្រព័ន្ធអនឡាញ ការចែករំលែក
ភស្តុងតាងរកឃើញថ្មី និងផ្តោតលើការឆ្លើយតប ដែលជាសមាសភាគសំខាន់នៃប្រព័ន្ធ MPDSR។
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដ៏មានតម្លៃនេះ ត្រូវបានរៀបចំឡើង ដើម្បីជំរុញការយល់ដឹង និងពង្រឹង សមត្ថភាពរបស់សិក្ខាកាមផ្នែកសុខាភិបាល ដែលជាអ្នកជួបប្រទះ និងដោះស្រាយបញ្ហាសុខភាព សាធារណៈ ដោយពិសេសបញ្ហាមរណភាពមាតា និងទារកជុំវិញកំណើតនៅក្នុងប្រទេសកម្ពុជា។
បញ្ហាមរណភាពស្ត្រីមានផ្ទៃពោះ និងទារក គឺជាបញ្ហាសុខាភិបាលសាធារណៈដ៏ធ្ងន់ធ្ងរមួយ ដែលទាមទារឱ្យយើងមានការសហការយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកមូលហេតុ និងអនុវត្តវិធាន ការណ៍ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយបញ្ហានេះ។
ការជឿជាក់លើសមត្ថភាព និងឆន្ទៈរបស់យើងទាំងអស់គ្នា ជាពិសេសតាមរយៈវគ្គបណ្តុះបណ្តាលនេះ នឹងជាដំណើរដ៏សំខាន់មួយ ក្នុងការបង្កើនចំណេះដឹង ការចែករំលែកបទពិសោធន៍ និង ការច្នៃប្រឌិតវិធីសាស្ត្រថ្មីៗ ក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាលរបស់យើងឱ្យកាន់តែប្រសើរឡើង។
លោកនាយកមន្ទីរពេទ្យ មានជំនឿជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ការអភិវឌ្ឍ សេវាសុខាភិបាលសម្រាប់ស្ត្រីមានផ្ទៃពោះ និងទារកនៅកម្ពុជា៕