លោកជំទាវរដ្ឋលេខាធិការសុខាភិបាល÷ ទោះបីជាចំនួនមរណភាពមាតាដែលបានរាយការណ៍មានការថយចុះពី ៧៩ ករណី ក្នុងឆ្នាំ ២០២៤ មកត្រឹម ៤៦ ករណី ក្នុងឆ្នាំ ២០២៥ ក៏ដោយ ក៏យើងមិនត្រូវមានការធ្វេសប្រហែសឡើយ 

ថ្លែងបើកសិក្ខាសាលាពិនិត្យឡើងវិញប្រចាំឆ្នាំស្តីពី ការពិនិត្យ និងឆ្លើយតបមរណភាពមាតា និងទារកជុំវិញកំណើត (MPDSR)កាលពីព្រឹកថ្ងៃទី ២៥.២៦ ខែមីនាព្រឹកមិញនេះ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ MPDSR គ្រប់កម្រិត ដែលបានរៀបចំរចនាសម្ព័ន្ធឡើងវិញ និងដាក់ឱ្យប្រើប្រាស់​ពិធីសារ​ថ្មីនៅ​ទូទាំង​ប្រទេស។ លទ្ធផលនៃការពិនិត្យឡើងវិញនូវមរណភាពមាតាចំនួន ៤៦ ករណី និងមរណភាពទារក ១១៧ ករណី ក្នុងឆ្នាំ ២០២៥ បានផ្តល់នូវទិន្នន័យយ៉ាងសំខាន់សម្រាប់ការកែលម្អសេវាសុខាភិបាលរបស់យើង ។

លោកជំទាវ បន្តថា  ទោះបីជាចំនួនមរណភាពមាតាដែលបានរាយការណ៍មានការថយចុះពី ៧៩ ករណី ក្នុងឆ្នាំ ២០២៤ មកត្រឹម ៤៦ ករណី ក្នុងឆ្នាំ ២០២៥ ក៏ដោយ ក៏យើងមិនត្រូវមានការធ្វេសប្រហែសឡើយ ។ បញ្ហាប្រឈមដែលបានរកឃើញក្នុងឆ្នាំ ២០២៥ បានបង្ហាញយ៉ាងច្បាស់នូវចំណុចខ្វះខាតមួយចំនួន រួមមាន៖
១. ការដោះស្រាយការពន្យារពេលទី ៣ (ការផ្តល់សេវា និងប្រព័ន្ធបញ្ជូន)
ពង្រឹងការទំនាក់ទំនងជាមុន៖ បង្កើតយន្តការទំនាក់ទំនងរហ័សរវាងមណ្ឌលសុខភាព និងមន្ទីរ​ពេទ្យ​បង្អែក  ដើម្បីឱ្យមន្ទីរពេទ្យត្រៀម​លក្ខណៈ​ទទួល​អ្នកជំងឺ​បាន​ទាន់ពេល ។
ធានាស្ថេរភាពអ្នកជំងឺអំឡុងពេលបញ្ជូន៖ បំពាក់សម្ភារបរិក្ខារចាំបាច់ និងថ្នាំពេទ្យក្នុង​រថយន្ត​សង្គ្រោះ ដើម្បីរក្សាស្ថេរភាពអ្នកជំងឺក្នុងអំឡុងពេលដឹកជញ្ជូន និងធានាថាមិនមានការ​បាត់បង់​ជីវិតស្រ្តី ទារក និងកុមារ។
ពង្រឹងភាពជាអ្នកដឹកនាំ៖ បង្កើនការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំនៅតាម​មូលដ្ឋាន​សុខាភិបាល ដើម្បីធានាថាការអនុវត្ត MPDSR និងការឆ្លើយតបចំពោះករណីបន្ទាន់​ត្រូវបាន​ធ្វើ​ឡើង​ដោយជោគជ័យ ។
២. ការដោះស្រាយចំណុចខ្វះខាតផ្នែកគ្លីនិក (PPH ដែលមានហានិភ័យខ្ពស់)
អនុវត្តតាមនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP)៖ ជំរុញការប្រើប្រាស់ SOP ស្តីពីការគ្រប់គ្រង​ការ​ធ្លាក់​ឈាមក្រោយសម្រាល (PPH/EMOTIVE) និងការពិនិត្យអេកូសាស្ត្រ ដើម្បីធ្វើរោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ ។
ពង្រឹងគុណភាពថែទាំករណីហានិភ័យខ្ពស់៖ បង្កើនការយកចិត្តទុកដាក់លើការថែទាំ​ស្ត្រីដែល​មាន​ហានិភ័យខ្ពស់ តាមរយៈការអនុវត្ត SOP-ANC ដើម្បីកាត់បន្ថយមរណភាពទារកក្នុងផ្ទៃ និងមរណភាពមាតា ។
ធានាការផ្គត់ផ្គង់ឱសថ៖ ត្រូវធានាឱ្យមានការផ្គត់ផ្គង់ឱសថ និងសម្ភារវេជ្ជសាស្ត្រសម្រាប់​គ្រប់គ្រង​ករណី PPH ឱ្យបានគ្រប់គ្រាន់ និងជាប្រចាំនៅគ្រប់កម្រិត ។
៣. ការដោះស្រាយការពន្យារពេលទី ១ (ការស្វែងរកសេវាថែទាំ)
បង្កើនការចូលរួមពីសហគមន៍៖ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តសុខភាពភូមិ ដើម្បីអប់រំ និងជំរុញឱ្យស្ត្រីមានផ្ទៃពោះទៅទទួលសេវាពិនិត្យផ្ទៃពោះ (ANC) យ៉ាងហោចណាស់ ៤ ដងប្រកបដោយគុណភាពដោយចំណាយពេលសួរនាំឱ្យបានច្រើនដើម្បីស្វែងរង High risk pregnancy ឱ្យបានទាន់ពេល។
ផ្តោតលើក្រុមងាយរងគ្រោះ៖ បង្កើតយុទ្ធសាស្ត្រគាំទ្រជាក់លាក់សម្រាប់​ស្ត្រីដែលមានស្ថានភាព​សេដ្ឋកិច្ចទាប ឬអ្នកដែលមានកូនច្រើន ដែលជួបឧបសគ្គក្នុងការធ្វើដំណើរ​ទៅកាន់មូលដ្ឋាន​សុខា​ភិ​បាល ។
ការអប់រំអំពីសញ្ញាគ្រោះថ្នាក់៖ ផ្តល់ការអប់រំសុខភាពដល់ក្រុមគ្រួសារអំពីការ​កំណត់អត្តសញ្ញាណ​សញ្ញា​គ្រោះថ្នាក់ក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីកាត់បន្ថយការយឺតយ៉ាវ​ក្នុងការសម្រេច​ចិត្ត​ស្វែង​​រកសេវា។
លោកជំទាវ បន្ថែមថា  សិក្ខាសាលារយៈពេល ២ ថ្ងៃនេះ នឹងកំណត់មូលដ្ឋានគ្រឹះសម្រាប់ការបំពេញតាមការ​ប្តេជ្ញាចិត្ត​របស់​សន្និបាត​សុខាភិបាល កាលពីខែមករា កន្លងទៅ។ លោកជំទាវ សូមដាក់ចេញនូវអាទិភាពចំណុចពិភាក្សា ដូចខាងក្រោម៖
១. ចែករំលែក និងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពដែលសម្រេចបានរហូតមកដល់ពេលនេះក្នុងការ អនុវត្ត ការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប នៅទូទាំង​ប្រទេស។
២.បង្ហាញពីបញ្ហាប្រឈមដែលត្រូវបានកំណត់នៅក្នុងខេត្តនីមួយៗដោយផ្អែកលើការរកឃើញ​ក្នុង​ឆ្នាំ ២០២៥
៣. សហការក្នុងការកំណត់ ការពិភាក្សា និងអនុវត្តផែនការសកម្មភាព រួមមាននីតិវិធីប្រតិបត្តិ​ស្តង់ដា (SOP) ស្តីពី គភ៌ដែលមានហានិភ័យខ្ពស់ និងការគ្រប់គ្រងការធ្លាក់ឈាមក្រោយ​សម្រាល (PPH) ជាមួយមន្ទីរពេទ្យថ្នាក់ជាតិ ដើម្បីដោះស្រាយ​គម្លាតសេវាកម្ម​ដែលបាន​កំណត់​ដោយខេត្តនីមួយៗ។
៤. ​កំណត់​អត្តសញ្ញាណ​ក្នុងការគាំទ្រ​បច្ចេកទេស​រួមគ្នា​ពី​គណៈកម្មាធិការថ្នាក់​ជាតិ ថ្នាក់​មន្ទីរ​ពេទ្យ​ជាតិ និង​ដៃគូ​នានា ក្នុង​ការ​ឈាន​ទៅ​មុខ​នៅ​ឆ្នាំ ២០២៦។
លោកជំទាវ មានទំនុកចិត្តយ៉ាងមុតមាំថា តាមរយៈការចូលរួមពីតំណាងមន្ទីរពេទ្យជាតិ និងមន្ត្រីជំនាញពី​គ្រប់​រាជធានី ខេត្ត​ទាំង ២៥ យើងនឹងអាចបង្កើតបាននូវផែនការសកម្មភាពជាក់ស្តែង និង​មាន​ប្រសិទ្ធភាព ៕