លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកជំទាវទី១នៃសាធារណរដ្ឋហ្វីលីពីន ដែលអញ្ជើញមកទស្សនាព្រះបរមរាជវាំង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកជំទាវទី១នៃសាធារណរដ្ឋហ្វីលីពីន ដែលអញ្ជើញមកទស្សនាព្រះបរមរាជវាំង

=====

ដោយបានទទួលការប្រោសព្រះរាជទានដ៏ខ្ពង់ខ្ពស់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញទទួលស្វាគមន៍ការអញ្ជើញមកទស្សនាព្រះបរមរាជវាំងរបស់លោកជំទាវ លូអ៊ីស អារ៉ាណេតា ម៉ាកូស និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសលោកជំទាវទី១ បានអញ្ជើញអមដំណើរឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន មកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមទទួលស្វាគមន៍ពីសំណាក់ លោកអ្នកឧកញ៉ាមហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, លោកជំទាវ ខេង សំវ៉ាដា, លោកជំទាវ ជា ស៊ីណា ឃួងស្រេង និងមន្ត្រីអ្នកមុខអ្នកការនៃក្រសួងព្រះបរមរាជវាំង ព្រមទាំងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាច្រើនរូប។

ក្នុងឱកាសអញ្ជើញទស្សនាក្នុងព្រះបរមរាជវាំងនាឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោកជំទាវទី១នៃសាធារណរដ្ឋហ្វីលីពីន ព្រមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញទស្សនាព្រះទីនាំទេវាវិនិច្ឆ័យ ហោព្រះខ័ន ផ្ទាំងគំនូរដែលបង្ហាញអំពីរឿងរាមកេរ្តិ៍ និងព្រះវិហារព្រះកែវមរកត។

ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវទី១ បានសម្តែងនូវសេចក្តីរំភើបរីករាយត្រេកអរ បន្ទាប់ពីបានទស្សនា និងបានស្តាប់មគ្គុទេសក៍អធិប្បាយយ៉ាងក្បោះក្បាយនូវប្រវត្តិ និងការកសាងនៃទីតាំងនីមួយៗ ដូចជាព្រះទីនាំងទេវាវិនិច្ឆ័យ ហោព្រះខ័ន ព្រះវិហារព្រះកែវមរកត ព្រមទាំងមហាព្រះរាជសមិទ្ធិផលសំខាន់ៗ ក្នុងព្រះបរមរាជវាំង ព្រមទាំងបានកោតសរសើរដោយស្មោះស្ម័គ្រ ចំពោះប្រជាជាតិខ្មែរ ដែលមានខឿនវប្បធម៌ ប្រពៃណី ទំនាមទំលាប់ដ៏រុងរឿង តាំងពីបុរាណកាលរៀងមក៕