លោកជំទាវទី១នៃសាធារណរដ្ឋហ្វីលីពីន បង្ហាញក្តីស្រឡាញ់ចំពោះកុមារកំពុងសម្រាកព្យាបាលជំងឺ ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅមន្ទីរពេទ្យកុមារគន្ធរបុប្ផា

លោកជំទាវទី១នៃសាធារណរដ្ឋហ្វីលីពីន បង្ហាញក្តីស្រឡាញ់ចំពោះកុមារកំពុងសម្រាកព្យាបាលជំងឺ ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅមន្ទីរពេទ្យកុមារគន្ធរបុប្ផា
======
នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋហ្វីលីពីន ដឹកនាំដោយ លោកជំទាវ លូអ៊ីស អារ៉ាណេតា ម៉ាកូស បានអញ្ជើញទស្សនកិច្ចនៅមន្ទីរពេទ្យកុមារគន្ធរបុប្ផា ក្នុងឱកាសលោកជំទាវទី១ បានអញ្ជើញអមដំណើរឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។
ទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះ មានរយៈពេលចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅមន្ទីរពេទ្យកុមារគន្ធបុប្ផានេះ លោកជំទាវទី១នៃសាធារណរដ្ឋហ្វីលីពីន ត្រូវបានទទួលស្វាគមន៍ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, លោកជំទាវ ខេង សំវ៉ាដា, លោកជំទាវ ជា ស៊ីណា ឃួងស្រេង ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យជាច្រើនរូប។
ក្នុងដំណើរអញ្ជើញមកពិនិត្យមើលកុមារា កុមារី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងលោកជំទាវទី១នៃសាធារណរដ្ឋហ្វីលីពីន បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខមាលភាពកុមារា កុមារីកម្ពុជាគ្រប់រូប និងជូនពរឲ្យកុមារគ្រប់រូបដែលកំពុងព្យាបាលនៅទីនេះ ឆាប់បានជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា មន្ទីរពេទ្យកុមារគន្ធរបុប្ផា ដែលបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត បេអាត រីចន័រ (Dr. Beat Richner) គឺជាមន្ទីរពេទ្យកុមារដ៏សំខាន់មួយនៅកម្ពុជា ដែលផ្តល់សេវាព្យាបាលកុមារនិងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។ មន្ទីរពេទ្យនេះបានក្លាយជាទីពឹងសំខាន់សម្រាប់គ្រួសារក្រីក្រ និងកុមារដែលមានជំងឺធ្ងន់ធ្ងរ។
លោកជំទាវបណ្ឌិត ក៏បានរំលេចផងដែរអំពីគំនិតផ្ដួចផ្ដើមរបស់លោកជំទាវបណ្ឌិត អំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេលពេញ ១ខែមិថុនាកន្លងទៅថ្មីៗនេះ មានគោលបំណងជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុសផុល និងសកម្មបន្ថែមទៀត ក្នុងចំណោមសិស្ស, និស្សិត, យុវជន, មន្រ្តីរាជការ, ថ្នាក់ដឹកនាំ, ពាណិជ្ជករ, សាធារណជន, ភរិយាថ្នាក់ដឹកនាំ, ម្ចាស់ក្រុមហ៊ុន-សហគ្រាស, គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងសមាជិកសមាគមឧកញ៉ាកម្ពុជា ក្នុងមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី “ខែ្មរជួយខ្មែរ”។
សូមជម្រាបជូនដែរថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តម ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញជួបជាមួយសម្តេចអគ្គមហាេសនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។ ឯកឧត្តម ប្រធានាធិបតី និងថ្នាក់ដឹកនាំកម្ពុជាទាំងពីររូប បានធ្វើការពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់នានា ក្នុងនោះក៏មានពិធីចុះហត្ថលេខា រួមជាមួយនឹងការធ្វើសន្និសីទកាសែតរួមគ្នា រវាង ឯកឧត្តមប្រធានាធិបតី និង សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ផងដែរ។
ដំណើរទស្សនកិច្ចនេះ ក៏បានបង្ហាញឲ្យឃើញអំពីមិត្តភាពដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ទំនាក់ទំនងការទូត កម្ពុជា-ហ្វីលីពីនឱ្យកាន់តែខ្ពស់ថែមទៀត៕