លែងកូនក្ដាមសេះ៨៥ម៉ឺនក្បាល ចូលដែនសមុទ្រនៅកំពត ដើម្បីលើកម្ពស់ជីវភាពសហគមន៍

ខេត្តកំពត ៖ តាមរយៈគម្រោង ការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) ក្នុងគោលបំណងបង្កើនចំនួនក្តាមសេះនៅក្នុងធម្មជាតិឱ្យកាន់តែច្រើន ស្របពេលតម្រូវការទីផ្សារកើនឡើង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទតំបន់ឆ្នេរ កូនក្ដាមសេះ៨៥ម៉ឺនកូន ត្រូវបានលែងចូលសហគមន៍នេសាទនៅកំពត។

មន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត គូសបញ្ជាក់ថា ៖ “ក្តាមសេះ” គឺជាផលិតផលសមុទ្រដ៏មានតម្លៃ ដែលជាប្រភពចំណូល និងជាអាហារូបត្ថម្ភដ៏សំខាន់មិនអាចខ្វះបានសម្រាប់ជីវភាពរបស់ប្រជានេសាទក្នុងតំបន់ និងនៅមូលដ្ឋាន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការនេសាទហួសកម្រិត ដើម្បីបំពេញតម្រូវការឈ្មួញ និងការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់មួយចំនួន បានធ្វើឱ្យទិន្នផលក្តាមសេះមានការថយចុះគួរឱ្យព្រួយបារម្ភ ដែលវាអាចប៉ះពាល់ដល់តុល្យភាពប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចរបស់ប្រជានេសាទផ្ទាល់តែម្តង។

មន្ទីរកសិកម្ម បញ្ជាក់ថា៖«ការលែងកូនក្តាមសេះចំនួន៨៥ម៉ឺនក្បាលនាពេលនេះ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍ជានិមិត្តរូបនោះទេ ប៉ុន្តែគឺជាសកម្មភាពជាក់ស្តែងក្នុងការរួមចំណែកស្តារ និងបង្កើតផលស្តុកសម្រាប់“ធនាគារក្តាមសេះ”ក្នុងតំបន់ឆ្នេរប្រកបដោយចីរភាព ជាទ្រព្យសម្បត្តិរួម ជាឆ្នាំងបាយរបស់បងប្អូនទាំងអស់គ្នា និងជាកន្លែងសម្រាប់មេពូជក្តាមមានឱកាសជម្រុះកូន និងរីកលូតលាស់ដោយសុវត្ថិភាព មុននឹងឈានទៅដល់ការប្រមូលផលប្រកបដោយការទទួលខុសត្រូវ»។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃុន សាវឿន ចាត់ទុកការលែងកូនក្តាមសេះ៨៥ម៉ឺនក្បាលនាពេលនេះ ជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ ស្តែងចេញពីការរួមគិត រួមធ្វើ រវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ គឺអង្គការ FAO តាមរយៈគម្រោង ការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDec) និងសហគមន៍មូលដ្ឋាន មានបំណងគាំទ្រដល់ការស្តារឡើងវិញនូវធនធានក្តាមសេះនៅក្នុងធម្មជាតិ ស្របពេលតម្រូវការទីផ្សារមានការកើនឡើង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទតំបន់ឆ្នេរ ឱ្យកាន់តែមានភាពធន់ ស្ថិរភាព និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារ។

ដើម្បីឱ្យការលែងកូនក្តាមសេះនាពេលនេះទទួលបានផលផ្លែផ្កាពិតប្រាកដទៅថ្ងៃអនាគត មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យមន្ត្រីពាក់ព័ន្ធ និងសហគមន៍បន្តយាមល្បាត និងទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងតំបន់លែងកូនក្តាម ដើម្បីឱ្យមានលទ្ធភាពលូតលាស់ដល់វ័យបន្តពូជ និងបង្កើនធនធានក្នុងធម្មជាតិឱ្យមាននិរន្តរភាព។ ប្រជាសហគមន៍ត្រូវនេសាទដោយការទទួលខុសត្រូវ កាត់បន្ថយផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ មិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬឧបករណ៍បង្ករការបំផ្លិចបំផ្លាញដល់ធនធានជលផល និងជម្រកធម្មជាតិរបស់វារីសត្វ ក្នុងករណីនេសាទបានក្តាមសេះមានពង (ក្តាមពងខាងក្រៅស្នូក) ត្រូវលែងចូលក្នុងសមុទ្រវិញ ឬប្រគល់ជូនធនាគារក្តាម ឬសហគមន៍ ។ រីឯស្ថាប័នជំនាញត្រូវបន្តការស្រាវជ្រាវ និងការផលិតពូជ និងពង្រឹងភាពជាដៃគូជាមួយអង្គការ ស្ថាប័នពាក់ព័ន្ធ។

ក្ដាមសេះ គឺជាធនធានជលផលសមុទ្រដ៏មានតម្លៃសម្រាប់កម្ពុជា និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាសហគមន៍នៅតាមតំបន់ឆ្នេរ។ តាមការស្រាវជ្រាវ ក្ដាមសេះញីមួយក្បាលអាចបង្កកំណើតពងបានរហូតដល់ជាង២លានក្បាល ដែលនេះវាសបញ្ជាក់អំពីសារៈសំខាន់នៃការរួមចំណែកការពារ និងស្ដារឡើងវិញនូវចំនួនក្ដាមសម្រាប់ទៅពេលអនាគត៕