លើកកម្ពស់ស្តង់ដារសារព័ត៌មានកម្ពុជា! មន្ត្រីក្រសួងព័ត៌មាន ២រូប ចូលរួមវគ្គបណ្តុះបណ្តាល «សារព័ត៌មានសង្គ្រាម» កម្រិតពិភពលោក នៅប្រទេសតួកគី
អង់ការ៉ា៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ មន្រ្តីក្រសួងព័ត៌មានពីររូប គឺ លោក ហ៊ីម ករុណា មន្ត្រីព័ត៌មានមកពីទូរទស្សន៍ជាតិកម្ពុជា (TVK) និងលោក យា ចិន្តាខន្តី មកពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បាននិងកំពុងចូលរួមក្នុងវគ្គបណ្តុះបណ្តាលពិសេស ស្ដីពី «សារព័ត៌មានសង្គ្រាមលើកទី 30» ដែលរៀបចំដោយកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu Agency (AA) អាជ្ញាធរសហប្រតិបត្តិការ និងការអភិវឌ្ឍតួកគី (TIKA) ព្រមទាំងបណ្ឌិត្យសភានគរបាលជាតិតួកគី នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី ដើម្បីពង្រឹងសមត្ថភាព ជំនាញរាយការណ៍ព័ត៌មានក្នុងស្ថានភាពអាសន្ន និងបច្ចេកទេសការពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងតំបន់ដែលមានជម្លោះប្រដាប់អាវុធ។
កម្មវិធីនេះ បានទាក់ទាញអ្នកសារព័ត៌មាន និងអ្នកយកព័ត៌មានមកពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងតំណាងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជា ផងដែរ។ ការចូលរួមរបស់អ្នកសារព័ត៌មានកម្ពុជា នៅក្នុងកម្មវិធីកម្រិតពិភពលោកនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ឱ្យមានស្តង់ដារប្រកួតប្រជែង និងមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រឹមតែសម្រាប់ការយកព័ត៌មានក្នុងសង្គ្រាមនោះទេ ប៉ុន្តែរួមបញ្ចូលទាំងការរាយការណ៍អំពីគ្រោះមហន្តរាយធម្មជាតិ និងកលយុគផ្សេងៗផងដែរ។
សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលសារព័ត៌មានសង្រ្គាមលើកទី ៣០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ នេះគឺជាវគ្គដំបូងដែលបានផ្តោតទៅលើអ្នកសារព័ត៌មាន និងអ្នកយកព័ត៌មានមកពីបណ្តាប្រទេសជាច្រើនជុំវិញតំបន់អាស៉ីអាគ្នេយ៍ និងអាស៉ីប៉ាស៉ីហ្វិក ដែលរួមបាន កម្ពុជា ឡាវ វៀតណាម ម៉ាឡេស៉ី ឥណ្ឌូណេស៉ី ហ្វីលីពីន ប៉ាពូញូហ្គីណេ និងមានការចូលរួមពីអ្នកសារព័ត៌មានតួកគី សរុបចំនួន២៥នាក់៕
ដោយ៖ លោក ហុឹម ករុណា



