លទ្ធផលប្រឡងមន្ត្រីក្រសួងផែនការបេក្ខជន ១៦រូប ជាប់ស្ថាពរ ក្រោមការពិនិត្យយ៉ាងហ្មត់ចត់ និងចុះហត្ថលេខាប្រកាសលទ្ធផលជាផ្លូវការដោយផ្ទាល់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី
ការប្រឡងប្រជែងជ្រើសរើសមន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រកាសលទ្ធផលជាផ្លូវការហើយ បន្ទាប់ពីឆ្លងកាត់ដំណើរការយ៉ាងសកម្ម ចាប់តាំងពីដំណាក់កាលប្រឡងសំណេរ រហូតដល់ការសម្ភាសន៍ផ្ទាល់មាត់។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះហត្ថលេខាប្រកាសលទ្ធផលជាផ្លូវការ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីគណៈកម្មការ ក្រុមការងារពាក់ព័ន្ធ តំណាងក្រសួងសាមី ព្រមទាំងអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាច្រើនរូប។
បេក្ខជនជាប់ស្ថាពរចំនួន ១៦ នាក់ (ស្រី ៨ នាក់) ហើយបេក្ខជនជាប់បម្រុងចំនួន ៧ នាក់ (ស្រី ២ នាក់)។
ដំណើរការប្រឡងទាំងមូលត្រូវបានរៀបចំឡើងយ៉ាងម៉ត់ចត់បំផុត ដោយផ្អែកលើគោលការណ៍ «អ្នកចេះគឺជាអ្នកជាប់» តាមរយៈការសង្កេតការណ៍ពីភាគីពាក់ព័ន្ធមានការចូលរួមតាមដានផ្ទាល់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត។
ទាំងអស់នេះបានវាយតម្លៃ នឹងឃើញពីសកម្មភាពយ៉ាងសកម្ម ចាប់តាំងពីការរៀបចំ ការប្រឡង ការបូកស្រង់ និងការផ្ទៀងផ្ទាត់ពិន្ទុ ដើម្បីធានានូវគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ន។ បេក្ខជនកាន់តែមានទំនុកចិត្តយ៉ាងខ្លាំងលើប្រព័ន្ធប្រឡងនេះ ដោយគ្រប់ដំណាក់កាលទាំងអស់ត្រូវបានធ្វើឡើងដោយភាពស្អាតស្អំ តម្លាភាព និងមានការផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវបំផុត ដែលផ្តល់យុត្តិធម៌ពេញលេញដល់បេក្ខជនគ្រប់ៗរូប៕



