រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរតម្លៃ ១.៥ លានដុល្លារ នឹងបើកដំណើការក្នុងខែកញ្ញា នៅខេត្តកំពង់ចាម

ភ្នំពេញ ៖ ក្រុមហ៊ុនកូនខ្មែរ ១០០% គ្រោយចាយទុនវិនិយោគប្រមាណ ១.៥ លានដុល្លារ បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្មែរ TL Agri Foods Import Export Co.,Ltd ដែលមានទីតាំងស្ថិតនៅស្រុកចម្ការលើ ខេត្តកំពង់ចាម នឹងបើកដំណើរការជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥។
លោកឧកញ៉ា ឡាង ទីលាង អគ្គនាយក TL Agri Foods Import Export បានឱ្យដឹងថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់លោក ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជា ២ហិតា ដែលគ្រោងនឹងបើកឱ្យដំណើរជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ បច្ចុប្បន្ន រោងចក្របាននិងកំពុងដំណើរការដំឡើងគ្រឿងចក្របច្ចេកវិទ្យាទំនើបចុងក្រោយ ដែលមានសមត្ថភាពបកគ្រាប់ស្វាយចន្ទីខ្មែរ ៥០ តោនក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់លក់ក្នុងស្រុក និងនាំចេញទៅកាន់ពិភពលោក។ ក្រោយបើកឱ្យដំណើរការជាផ្លូវការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយនេះ គ្រោងនាំចេញគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិមួយចំនួនដូចជា ទីផ្សារប្រទេសចិន ជប៉ុន អាមេរិក កូរ៉េ និងអឺរ៉ុប ជាដើម។
លោកឧកញ៉ា ឡាង ទីលាង បន្ថែមថា ក្រុមហ៊ុន គឺមានចម្ការដាំដុះស្វាយចន្ទីដោយខ្លួនឯងនៅលើផ្ទៃដីប្រមាណ ១០ ហិតា ហើយក្រៅពីនេះក៏និងមានការប្រមូលទិញគ្រាប់ស្វាយចន្ទីបន្ថែមពីប្រជាពលរដ្ឋផងដែរ។
លោកឧកញ៉ាបញ្ជាក់ថា ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចជា ទី១ ជួយរក្សាតម្លៃឱ្យមានស្ថិរភាព ព្រោះរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីអាចជួយទិញគ្រាប់ស្វាយចន្ទីពីកសិករដោយផ្ទាល់ តម្លៃក៏មានស្ថិរភាពជាងមុន កសិករមិនចាំបាច់ពឹងផ្អែកលើឈ្មួញកណ្ដាល ឬអ្នកនាំចេញក្រៅប្រទេសដែលតែងតែបម្លែងតម្លៃឡើងចុះ។ មិនតែប៉ុណ្ណោះ ជាមួយនឹងតម្លៃដែលមានស្ថិរភាព កសិករក៏អាចមានប្រាក់ចំណូលបន្តិចបន្តួចប្រកបដោយភាពទៀងទាត់ និងអាចរៀបចំផែនការផលិតបានល្អជាងមុន។
ទី២ គឺការបង្កើតការងារ ដោយសារតែរោងចក្រកែច្នៃត្រូវការកម្មករច្រើនសម្រាប់ដំណើរការផ្សេងៗ ដូចជា ការជ្រើសរើស ការកាត់សំបក ការក្រឡុក ការវេចខ្ចប់ និងការដឹកជញ្ជូនជាដើម ដែលនេះគឺបង្កើតជាឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសស្ត្រី និងយុវជននៅតាមតំបន់ជនបទ។ ក្រៅពីការងារក្នុងរោងចក្រ ក៏បង្កើតឱកាសការងារពាក់ព័ន្ធដទៃទៀតផងដូចជា ដឹកជញ្ជូន ផ្គត់ផ្គង់ និងសេវាសហគមន៍។ ទី៣ បង្កើតតម្លៃបន្ថែមលើផលិតផលស្វាយចន្ទី និងផលិតផលពាក់ព័ន្ធផ្សេងៗ។ ជំនួសឱ្យនាំចេញគ្រាប់ស្វាយចន្ទីឆៅ ប្រទេសអាចកែច្នៃជាផលិតផលរួចរាល់ ទៀតសោតវាជួយបង្កើនតម្លៃលក់ និងទិន្នផលប្រាក់ចំណេញ បើប្រៀបធៀបនឹងការនាំចេញឆៅ ព្រមទាំងជួយលើកកម្ពស់ឧស្សាហកម្មពាក់ព័ន្ធផ្សេងៗ ដូចជា ការវេចខ្ចប់ ការផ្សព្វផ្សាយ និងការចែកចាយ។
ទី៤ ការរួមចំណែកក្នុងកំណើន GDP។ ការកែច្នៃមានតម្លៃបន្ថែម ជួយបង្កើនការរួមចំណែករបស់វិស័យកសិកម្មទៅក្នុង GDP របស់ប្រទេស លើសពីនេះទៀតការនាំចេញផលិតផលស្វាយចន្ទីកែច្នៃ ក៏ជួយបង្កើនដល់ប្រាក់ចំណូលចូលប្រទេស (Foreign Exchange) ជាមួយនឹងឧស្សាហកម្មស្វាយចន្ទីកែច្នៃកម្ពុជាអាចក្លាយជាប្រទេសដែលមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
និងទី៥ លើកកម្ពស់ផលិតផលស្វាយចន្ទីកម្ពុជា ឱ្យឈានទៅកាន់ពិភពលោក។ ព្រោះការផលិតស្វាយចន្ទីកែច្នៃជួយឱ្យកម្ពុជាមានអត្តសញ្ញាណថាជាប្រទេសផលិតផលស្វាយចន្ទីមានគុណភាព ហើយផលិតផលកែច្នៃអាចចូលទៅដល់ផ្សារទំនើបអន្តរជាតិ និងប្រកួតប្រជែងជាមួយប្រទេសផលិតស្វាយចន្ទីដ៏ធំៗដូចជា វៀតណាម ឥណ្ឌា និងកូឌីវរ័ ជាដើម ដែលទាំងអស់នេះនឹងជួយលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់កម្ពុជា និងបើកទ្វារឱ្យផលិតផលកសិកម្មផ្សេងទៀតអាចនាំចេញទៅកាន់ទីផ្សារបរទេស៕