រូបភាពវីដេអូឯកសារដែលបង្ហាញថាលោក Zelenskyy បានជួបជាមួយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនថ្មី ដែលគ្រោងជំនួសតំណែងឧត្តមសេនីយ័ចាស់
ប្រធានាធិបតី Volodymyr Zelenskyy បានបណ្តេញលោកឧត្តមសេនីយ៍ Oleksandr Syrskyi ចេញពីតំណែងជាមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងបានតែងតាំងអ្នកជំនួសគាត់ដែរ បន្ទាប់ពីមានការតវ៉ាទ្រង់ទ្រាយធំជាច្រើនថ្ងៃនៅក្នុងទីក្រុងគៀវ និងទីក្រុងដទៃទៀតនៅទូទាំងប្រទេសដែលទាមទារឱ្យលោកចុះចេញពីតំណែង។ វាគឺជាការផ្លាស់ប្តូរដ៏សំខាន់លើកទី២ហើយ ដែលលោក Zelenskyy បានធ្វើការងារក្រោមសម្ពាធនៃការដឹកនាំ បន្ទាប់ពីផ្ទុះការតវ៉ាកាលពីរដូវក្តៅមុនបានបង្ខំឱ្យគាត់លុបចោលច្បាប់ដែលធ្វើឱ្យក្រុមឃ្លាំមើលប្រឆាំងអំពើពុករលួយរបស់អ៊ុយក្រែនចុះខ្សោយដែរ។ លោក Zelenskyy បានតែងតាំងលោក Mykhailo Drapatyi ជាមេបញ្ជាការកងទ័ពថ្មី នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោក Zelenskyy បាននិយាយថា “បំណងប្រាថ្នារួមរបស់យើងគឺទីមួយ ជ័យជំនះលើសត្រូវ និងលក្ខខណ្ឌនៅក្រុមជួរមុខ និងសម្ពាធលើរុស្ស៊ីដែលនឹងបង្ខំឱ្យរុស្ស៊ីឆ្ពោះទៅរកសន្តិភាពវិញ។ មេដឹកនាំអ៊ុយក្រែនបាននិយាយថា លោកបានធ្វើការសម្រេចចិត្តនេះបន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមេបញ្ជាការយោធា។ ពួកគេបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីការតវ៉ាបានផ្ទុះឡើងដោយទាមទារឱ្យមានការស្ដារឡើងវិញនូវអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Mykhailo Fedorov ដែលត្រូវបានក្រុមបាតុករមើលឃើញថាជាកត្តាជំរុញនៃទំនើបកម្មយោធា និងការដកលោក Syrskyi ចេញពីតំណែង ដែលពួកគេនិយាយថា បានបង្កប់នូវវប្បធម៌បញ្ជាការបែបសូវៀតចាស់របស់កងទ័ព។ លោក Drapatyi បានសរសេរនៅក្នុងសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា ការបម្រើអ៊ុយក្រែន “តែងតែជាកិត្តិយសសម្រាប់ខ្ញុំ ហើយអំឡុងពេលនៃសង្គ្រាមដើម្បីឯករាជ្យនេះ វាមានន័យថាការទទួលខុសត្រូវជាដាច់ខាត”។ លោកបានថ្លែងអំណរគុណដល់លោក Syrskyi ចំពោះការងារជាប់លាប់របស់លោកក្នុងការពង្រឹងយោធាអ៊ុយក្រែនដែរ។ លោក Zelenskyy បាននិយាយថា លោក Drapatyi និងមេបញ្ជាការផ្សេងទៀតត្រូវតែបង្ហាញយុទ្ធសាស្ត្រការពារជាតិដែលបានធ្វើបច្ចុប្បន្នភាព រួមទាំងការកែទម្រង់ជាបន្តបន្ទាប់នៃប្រព័ន្ធកងទ័ព អាវុធលឿនរហ័សជាងមុន និងការដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើក កិច្ចការពារផ្លូវអាកាសកាន់តែរឹងមាំប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី និងផែនការចល័តទ័ពកាន់តែច្បាស់លាស់ដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ





