រូបភាពពី Drone បង្ហាញនូវទំហំភ្លើងឆេះព្រៃដ៏សាហាវ ក្នុងប្រទេសឈីលី! ដោយសម្លាប់មនុស្ស១៨នាក់ បន្ទាប់ពីគ្រោះធម្មជាតិនេះក៏ធ្លាប់កើតម្តងរួចមកហើយកាលពីឆ្នាំ២០២៤

យោងតាមរូបភាពវីដេអូពីយន្តហោះ Drone បានបង្ហាញពីទំហំនៃការខូចខាតពីហេតុការណ៍ភ្លើងឆេះព្រៃ ខណៈដែលភ្លើងឆេះព្រៃនោះក៏បាន ឆាបឆេះពាសពេញភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសឈីលីដែរកាលពីថ្ងៃអាទិត្យនេះ។ វីដេអូដែលថតបាននៅក្នុងទីក្រុងឆ្នេរសមុទ្រ Penco ក្នុងតំបន់ Biobio បានបង្ហាញថាទ្រព្យសម្បត្តិជាតិត្រូវបានបំផ្លាញ មានដីឆេះខ្លោច និងមន្ត្រីប៉ូលីសឈរនៅក្បែរសពមនសុ្សដែលគ្របដណ្ដប់ដោយសំពត់កៅស៊ូ។ អាជ្ញាធរបាននិយាយថា ភ្លើងឆេះព្រៃបានបណ្តាលឱ្យមនុស្សយ៉ាង១៨នាក់ស្លាប់ ដុតបំផ្លាញព្រៃឈើរាប់ពាន់ហិចតា និងបំផ្លាញផ្ទះពលរដ្ឋរាប់រយខ្នង ខណៈដែលប្រទេសអាមេរិកនាភាគខាងត្បូងមួយនេះកំពុងរងការគំរាមកំហែងដោយសាររលកកំដៅផែនដី។ ប្រធានាធិបតីឈីលីលោក Gabriel Boric បានប្រកាសពីគ្រោះមហន្តរាយនៅក្នុងតំបន់ Biobio និងតំបន់ Ñuble ដែលនៅជិតខាង និងមានចម្ងាយប្រហែលជា ៥០០គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Santiago។ ការកំណត់ភាពអាសន្នបានបន្តឲ្យមានការផ្អាកសិទ្ធិរដ្ឋធម្មនុញ្ញ និងការសម្របសម្រួលកាន់តែច្រើនជាមួយយោធាដើម្បីចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃដ៏សកម្មជាង១០កន្លែងដែលបានឆាបឆេះលើផ្ទៃដី ៨,៥០០ ហិកតា ស្មើនឹង ២១,០០០ អារ នេះបើយោងតាមទីភ្នាក់ងារព្រៃឈើជាតិ។ សីតុណ្ហភាពបានឡើងដល់ ៣៨អង្សាសេ កាលពីថ្ងៃអាទិត្យម្សិលមិញ ហើយអាកាសធាតុដ៏ក្តៅគគុកនេះត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃច័ន្ទនេះដែរ។ ភ្លើងឆេះព្រៃបានកើតឡើងនៅភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសឈីលីជារៀងរាល់រដូវក្តៅ ដែលជាធម្មតាវាឡើងដល់កម្រិតកំពូលនៅក្នុងខែកុម្ភៈ ខណៈដែលសីតុណ្ហភាពកើនឡើង ហើយប្រទេសនេះបន្តរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ។ នៅឆ្នាំ ២០២៤កន្លងទៅ ភ្លើងឆេះព្រៃដ៏ធំសម្បើមបានឆាបឆេះពាសពេញតំបន់ឆ្នេរសមុទ្រភាគកណ្តាលនៃប្រទេសឈីលីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣០នាក់ ដែលបានក្លាយជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតក្នុងប្រទេសនេះចាប់តាំងពីគ្រោះរញ្ជួយដីដ៏សាហាវមួយក្នុងឆ្នាំ ២០១០៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ