រុស្ស៊ីអះអាងថាបានកាន់កាប់តំបន់ជនបទមួយនៅ Donetsk! ស្របពេលដែលអ៊ុយក្រែនរាយការណ៍ថាបានប៉ះទង្គិចចំនួន១៧៦ដងតាមបណ្ដោយខ្សែប្រយុទ្ធ

រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារនេះថា៖ កងទ័ពរបស់ខ្លួនបានវាយលុកកាន់កាប់បានតំបន់មួយទៀតនៅក្នុងសង្កាត់ Donetsk ខណៈដែលអ៊ុយក្រែនបាននិយាយថាមានការប៉ះទង្គិចបាញ់ទៅបាញ់មកចំនួន១៧៦ដងនៅតាមបណ្ដោយខ្សែប្រយុទ្ធក្នុងថ្ងៃដដែលនោះដែរ។ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងបែបនេះក្នុងសេចក្តីសម្រេចចុងក្រោយបង្អស់ថា៖ កងទ័ពរបស់ខ្លួនបានដាក់តាំងមូលដ្ឋានរបស់ខ្លួននៅក្នុងសង្កាត់ Donetsk ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយបានបំផ្លាញស្ថានីយ៍ផ្តល់សញ្ញាអេឡិចត្រូនិចរបស់អ៊ុយក្រែនចំនួន ១០ និងឃ្លាំងអាវុធចំនួន ១៣ទៀត។ កងទ័ពអ៊ុយក្រែនបានវាយប្រហារលើកងទ័ពរុស្ស៊ីដោយកំណត់គោលដៅលើទាហាន លើអាវុធ ឧបករណ៍យោធា និងអង្គភាពកាំភ្លើងធំហើយបានបន្តការប្រយុទ្ធជាមួយនឹងកងទ័ពរុស្ស៊ីនៅភាគជើងនៃតំបន់ Slobozhansky និង Kursk ផងដែរ។ ទោះជាយ៉ាងនេះក្តីនៅថ្ងៃដដែលនោះដែរភាគីទាំងពីរបានរាយការណ៍ថា៖ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងទៅវិញទៅមក ខណៈដែលរុស្ស៊ីបានអះអាងថាកងទ័ពអាកាសរបស់ខ្លួនបានបំផ្លាញមីស៊ីល Neptune រយៈចំងាយឆ្ងាយចំនួន២ និងយន្តហោះគ្មានមនុស្សបើកចំនួន ២៥៩គ្រឿង។ ចំណែកអ៊ុយក្រែនវិញបានបញ្ជាក់ថាបានបាញ់ផ្ដាច់យន្តហោះក្មានមនុស្សបើករបស់រុស្ស៊ីចំនួន ២៥៦ និងមីស៊ីលចំនួន ១៨ដែរ។ អំឡុងពេលនោះដែរ សារព័ត៌មានជាច្រើនរបស់រុស្ស៊ីបានរាយការណ៍ថា៖ រុស្ស៊ីនិងអ៊ុយក្រែននឹងធ្វើការចរចារគ្នាដោយផ្ទាល់ជាលើកទី៣ដែលបានកំណត់ធ្វើនៅថ្ងៃព្រហស្បតិ៍នេះនៅទីក្រុង Istanbul ប្រទេសតួរគី ហើយភាគីទាំងពីរនឹងមកដល់ទីក្រុងនេះនៅថ្ងៃពុធនេះដែរ។ យោងតាមសេក្ដីរាយការណ៍ពីភាគីអ៊ុយក្រែនគឺលោក Rustem Umerov អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន នឹងដឹកនាំប្រតិភូចូលរួមក្នុងកិច្ចចរចារនេះ។ ទន្ទឹមនោះដែរប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា៖ លោកបានពិភាក្សាជាមួយលោក Umerov រួចហើយស្ដីពីកិច្ចចរចារដែលត្រូវធ្វើនោះ៕ 

សម្រួលអត្ថបទ៖ ឡុង បញ្ញា