រុស្ស៊ីបន្តប្រតិបត្តិការស្ទាក់ចាប់ Drone យោធាអ៊ុយក្រែនបាន១០០គ្រឿង! ខណៈអ៊ុយក្រែនអះអាងវិញថាបានវាយប្រហាររោងចក្រផលិតឧបករណ៍ Semiconductor របស់រុស្ស៊ីដែរ

ប្រទេសរុស្ស៊ីបានបន្តប្រតិបត្តិការយោធារបស់ខ្លួនកាលពីថ្ងៃពុធនេះ ដោយស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាង ២០០ គ្រឿងនៅក្នុងទឹកដីរុស្ស៊ី ខណៈដែលអ៊ុយក្រែនបានអះអាងវិញថាបានវាយប្រហាររោងចក្រផលិតឧបករណ៍ semiconductor នៅក្នុងតំបន់ Oryol របស់រុស្ស៊ីដែរ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារជំរុំហ្វឹកហាត់របស់អ៊ុយក្រែន អាកាសយានដ្ឋានយោធា ឃ្លាំងរំសេវ និងគោលដៅផ្សេងៗទៀត។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីនៅថ្ងៃដដែលនោះបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានទៅដល់តំបន់ព្រំដែនតំបន់ Dnipropetrovsk ។ កងការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនជាង២០០គ្រឿងនៅថ្ងៃនោះ ដោយស្ទាក់ចាប់បានជាង១០០គ្រឿង នៅខាងក្រៅតំបន់ប្រតិបត្តិការយោធាពិសេស។ ចាប់ពីម៉ោង ១៥:០០នាទី ដល់ម៉ោង១៨:០០នាទី ម៉ោងនៅទីក្រុងមូស្គូកាលពីថ្ងៃពុធនេះ ដោយប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៦៧គ្រឿងនៅក្នុងតំបន់ជានៃដែនដីរុស្ស៊ី រួមមាន Oryol, Kursk, Bryansk និង Moscow ជាមួយនឹងយន្តហោះគ្មានមនុស្សបើកចំនួន១៥គ្រឿងបានបាញ់ទម្លាក់នៅជិតទីក្រុងម៉ូស្គូ។ ទន្ទឹមនឹងនេះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ពីការប្រយុទ្ធគ្នារាប់សិបដងជាមួយកងទ័ពរុស្ស៊ីនៅជួរមុខគិតត្រឹមរសៀលថ្ងៃពុធនេះ ដោយមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុតបានកើតឡើងនៅ Pokrovsk ។ កងកម្លាំងរបស់ខ្លួនបានបន្តប្រតិបត្តិការនៅក្នុងផ្នែកខ្លះនៃតំបន់ Kursk និង Belgorod របស់រុស្ស៊ី។ ប្រមុខរដ្ឋបាលយោធាតំបន់ Dnipropetrovsk បានបដិសេធនូវរបាយការណ៍កាលពីថ្ងៃពុធដែលថាកងកម្លាំងរុស្ស៊ីបានទៅដល់ព្រំដែនរដ្ឋបាលក្នុងតំបន់នោះ។ បន្ថែមពីលើនេះដែរ អគ្គសេនាធិការអ៊ុយក្រែន បានបញ្ជាក់ថាកងយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ក្នុងការសម្របសម្រួលជាមួយកងកម្លាំងផ្សេងទៀត បានធ្វើការវាយប្រហារទៅលើរោងចក្រផលិតឧបករណ៍ semiconductor ក្នុងតំបន់ Oryol នៃប្រទេសរុស្ស៊ី អំឡុងពេលព្រឹកព្រលឹមថ្ងៃពុធនោះ។ ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយ ការងារលើសន្ធិសញ្ញាសន្តិភាពជាមួយអ៊ុយក្រែនកំពុងដំណើរការយ៉ាងសកម្ម។ ជាងនេះទៅទៀតទាំងរុស្ស៊ី និងអ៊ុយក្រែនបានបញ្ជាក់នៅថ្ងៃតែមួយថា ពួកគេកំពុងរៀបចំអនុវត្តផែនការដែលបានព្រមព្រៀងគ្នាពីមុន ដែលបានឈានដល់នៅទីក្រុងអ៊ីស្តង់ប៊ុលរបស់ប្រទេសតួកគី សម្រាប់ការផ្លាស់ប្តូរអ្នកទោសសង្គ្រាមចំនួន ១.០០០នាក់៕
សម្រួលអត្ថបទ៖ សុផារិន្ទ