រុស្ស៊ីបន្តបាញ់មីស៊ីល និងបាញ់ Drone ជាច្រើនគ្រាប់ដ៏សាហាវចូលទៅក្នុងរដ្ឋធានីអ៊ុយក្រែនសម្លាប់មនុស្ស៥នាក់បន្ថែមទៀត ក្រោយពីសម្រុកវាយប្រហារសងសឹកជាប់គ្នាប៉ុន្មានថ្ងៃ
អាជ្ញាធរបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រាប់ដោយផ្តោតលើទីក្រុងគៀវកាលពីយប់មិញ រហូតឈានចូលដល់ថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ ហើយនៅប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនបានព្រមានថា ការវាយប្រហារទ្រង់ទ្រាយធំមួយទៀតនឹងកើតឡើងដែរ។ អគារលំនៅដ្ឋានមួយនៅក្នុងស្រុក Podilskyi បានដួលរលំជាផ្នែក នេះបើយោងតាមការបង្ហោះនៅលើ Telegram របស់លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធាទីក្រុងគៀវ។ នៅក្នុងស្រុក Darnytsia ឯណេះវិញមានអគារជាច្រើនជាន់បានខូចខាត ហើយមនុស្សត្រូវបានគេជឿថាបានជាប់នៅក្រោមគំនរបាក់បែកនៃអគារ។ ការវាយប្រហារនេះ នៅតែបន្តនៅព្រឹកព្រលឹមថ្ងៃចន្ទនេះ ពាក់ព័ន្ធនឹងមីស៊ីលផ្លោង និងមីស៊ីលបញ្ជា ក៏ដូចជាយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីផងដែរ។ សម្លេងផ្ទុះឡើងបានបន្លឺពាសពេញទីក្រុង ខណៈដែលជនស៊ីវិលបានស្វែងរកកន្លែងជ្រកកោននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានព្រមានជាច្រើនម៉ោងមុន អំពីការវាយប្រហារទ្រង់ទ្រាយធំមួយទៀតរបស់រុស្ស៊ីទៅលើទីក្រុងនេះ។ ការវាយប្រហារនៅថ្ងៃចន្ទបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដ៏ធំមួយរបស់រុស្ស៊ីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១ នាក់នៅក្នុងទីក្រុងគៀវកាលពីសប្តាហ៍មុន។ លោក Zelenskyy បានអំពាវនាវជាថ្មីដល់ដៃគូលោកខាងលិចឱ្យជំរុញការការពារដែនអាកាសរបស់អ៊ុយក្រែន ជាពិសេសដោយសូមជួយផ្គត់ផ្គង់បន្ថែមនូវមីស៊ីល Patriot ដោយនិយាយថា ការខកខានមិនបានបំពេញបន្ថែមមីស៊ីលទាំងនោះហើយ ដែលធ្វើឱ្យរុស្ស៊ីអូសបន្លាយសង្គ្រាមរយៈពេល៤ឆ្នាំមកហើយ នេះបើយោងតាមការបង្ហោះមួយរបស់មេដឹកនាំអ៊ុយក្រែននៅលើ Telegram កាលពីល្ងាចថ្ងៃអាទិត្យ៕
សម្រួលអត្ថបទ៖ សុផារិន្ទ







