រុស្ស៊ីនិងអ៊ុយក្រែនផ្តល់របាយការណ៍បច្ចុប្បន្នភាពនៃលទ្ធផលប្រយុទ្ធគ្នាចុងក្រោយ បើទោះបីជាលោកខាងលិចព្យាយាមផ្សះផ្សារឲ្យបញ្ចប់សង្រ្គាមយ៉ាងស្វិតស្វាញក្តី!

ភាពតានតឹងរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាសសម្លាប់ជនស៊ីវិលនៅហ្កាហ្សានៅតែបន្តអូសបន្លាយ ស្របពេលដែលដៃគូជម្លោះនៃសង្រ្គាមទឹកដីរបស់មហាអំណាចរុស្ស៊ី និងអ៊ុយក្រែនក៏មិនស្រាកស្រាន្តដែរ ដោយរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារនេះថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារអាកាសយានដ្ឋានយោធាអ៊ុយក្រែនបានហើយ ខណៈដែលអ៊ុយក្រែនបាននិយាយនៅថ្ងៃដដែលជាមួយគ្នាថា ខ្លួនក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់យោធារុស្ស៊ីក្នុងរយៈពេល២៤ម៉ោងដែរ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបន្តប្រតិបត្តិការនៅក្នុងតំបន់ជាច្រើនកាលពីថ្ងៃអង្គារនេះ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនៃអាកាសយានដ្ឋានយោធារបស់អ៊ុយក្រែន ទៅលើរោងចក្រយន្តហោះគ្មានមនុស្សបើក ទៅឃ្លាំងស្តុករំសេវ និងឃ្លាំងប្រេងឥន្ធនៈ និងលើគោលដៅផ្សេងៗទៀត។ កងកម្លាំងការពារដែនអាកាសរុស្ស៊ីក៏បានបាញ់ទម្លាក់ដ្រូន ឬ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនរាប់សិបគ្រឿងសងសឹកទៅ សងសឹកមកដូចគ្នា។ ទន្ទឹមគ្នានោះដែរអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ពីការប្រយុទ្ធជាង១០០លើកជាមួយកងទ័ពរុស្ស៊ីនៅជួរមុខក្នុងរយៈពេល ២៤ ម៉ោងនេះ ដោយការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាបំផុតនៅក្នុងតំបន់ Pokrovsk ។ ចំណែកកងកម្លាំងអាកាសអ៊ុយក្រែន អង្គភាពមីស៊ីល និងក្រុមកាំភ្លើងធំវិញបានកំណត់គោលដៅលើបុគ្គលិកយោធារុស្ស៊ី លើកន្លែងស្តុកអាវុធ និងតំបន់ប្រមូលផ្តុំឧបករណ៍យោធាជាច្រើនទៀត ហើយបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករាប់សិបគ្រឿងរបស់រុស្ស៊ីថែមទៀតផង ខណៈដែលអ្នកវិភាគនិយាយថាប្រធានាធិបតីអាម៉េរិកលោក Donald Trump ព្យាយាមផ្សះផ្សាររុស្ស៊ីនិងអ៊ុយក្រែនឲ្យបញ្ចប់ជម្លោះនិងបញ្ចប់សង្រ្គាមបង្ហូរឈាមគ្នា ប៉ុន្តែកងកម្លាំងជួរមុខនៅតែបាញ់ប្រហារគ្នាឥតឈប់ឈរដដែល៕
សម្រួលអត្ថបទ៖ សុផារិន្ទ