រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ១៧ គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៥៧ លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និង ធុរកិច្ចក្នុងខេត្តព្រះសីហនុ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័ន និង រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្តែងការកោតសរសើរ និង ថ្លែងអំណរគុណដល់ក្រុមការងារ ដែលបានបន្តអនុវត្តកម្មវិធីពិសេសយ៉ាងសស្រាក់សស្រាំ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និង ស្មារតីប្រកាន់ខ្ជាប់ នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» នារយៈពេលជិត ២ ឆ្នាំកន្លងមកនេះ ។ ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីសភាពការណ៍សកល និង សង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន រួមមាន ភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និង ការបញ្ចុះអត្រាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក មកត្រឹម ១៩% ដែលជាបញ្ហាប្រឈមផង និង ជាកាលានុវត្តភាពផង សម្រាប់កម្ពុជា ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីរក្សាវិនិយោគិនមានស្រាប់ និង ទាក់ទាញវិនិយោគិនថ្មី ជាមួយនឹងការបង្កើតបរិយាកាសវិនិយោគអំណោយផល ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់អំពី កម្មវិបាកផ្នែកសង្គម-សេដ្ឋកិច្ច កើតចេញពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលបានបង្កផលប៉ះពាល់មកលើខ្សែច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្ម រំហូរការងារ និង តម្រូវការលើផលិតផលប្រើប្រាស់ ព្រមទាំងរំហូរពាណិជ្ជកម្ម ទាំងការនាំចេញ និង ការនាំចូល, ជាពិសេស លើវត្ថុធាតុដើម សម្រាប់បម្រើដល់សកម្មភាពផលិតកម្មក្នុងស្រុក និង និន្នាការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសការនាំចូល ។ ការណ៍នេះទាមទារឱ្យក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ត្រូវមានការគិតគូរ តាមដាន ថែទាំការវិនិយោគ និង បន្តអនុវត្តការងារដោយបុរេសកម្ម និង ទាន់ពេល ដើម្បីឆ្លើយតប និង ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ស្របតាមយន្តការក្រុមការងារ សំដៅជំរុញការវិនិយោគ និង សកម្មភាពសេដ្ឋកិច្ចក្នុងខេត្ត ។ ទន្ទឹមនេះ, ក្រុមការងារត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនសម្ទុះទេសចរណ៍, ទាក់ទាញវិនិយោគ ដើម្បីជំរុញកំណើនផលិតកម្មក្នុងស្រុក, បង្កើតការងារជូនប្រជាពលរដ្ឋ និង ពង្រីកផលិតកម្ម ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស ព្រមទាំងការប្រើប្រាស់ផលិតផល និង ធាតុចូលផលិតក្នុងស្រុក ។
ជាលទ្ធផល, អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧ គម្រោង រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៦ និង គម្រោងថ្មី ចំនួន ១១ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៥៧ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ១ ៧៨០ កន្លែង ។ គម្រោងទាំង ១៧ នេះ មានជាអាទិ៍ រមណីយដ្ឋានកសិ-ទេសចរណ៍, គម្រោងរោងចក្រផលិត និង កែច្នៃ គ្រឿងតុបតែង គ្រឿងសង្ហារិម, គម្រោងសកលវិទ្យាល័យ, គម្រោងមន្ទីរពេទ្យ, និង គម្រោងស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ។ ជាមួយនឹងការសម្រេចជាគោលការណ៍នេះ, ក្រុមការងារនឹងផ្តល់ការសម្រួលនីតិវិធី ការសម្របសម្រួល និង ការដោះស្រាយបញ្ហា ក៏ដូចជា សំណូមពរនានា ដើម្បីជំរុញការវិនិយោគ ឱ្យប្រព្រឹត្តទៅបានឆាប់ រលូន និង មានប្រសិទ្ធភាព ។
សូមជម្រាបជូនថា ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ សីហា ឆ្នាំ ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៧៥ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨៩១ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារ ៥៦ ៧០០ កន្លែង ។ ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៧៦ គម្រោង, គម្រោងវិនិយោគថ្មី ១៦១ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៣ គម្រោង ។
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិនទាំងអស់ មេត្តាឆាប់រួសរាន់អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធនឹងការវិនិយោគ ។ វិនិយោគិនអាចទំនាក់ទំនងតាមបណ្តាការិយាល័យ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ៖ ១). ការិយាល័យក្រុងព្រះសីហនុ មានអាសយដ្ឋាននៅ ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ តាមរយៈលេខទំនាក់ទំនង៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង ២). ការិយាល័យក្រុងភ្នំពេញ មានអាសយដ្ឋាននៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ តាមរយៈលេខទំនាក់ទំនង៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕