រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់ក្នុងការរៀបចំដីសង្គមកិច្ច និងសាងសង់ផ្ទះជូនអតីតយុទ្ធជនដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ

ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការ សាងសង់ផ្ទះជូនអតីតយុទ្ធជននៅស្រុកស្ទឹងហាវ នារសៀលថ្ងៃចន្ទទី០១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយក្រុមគ្រួសារអតីតយុទ្ធជនដោយគូសបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ ចំពោះបងប្អូនអតីតយុទ្ធជន ក្នុងការរៀបំដីសង្គមកិច្ច និងបានសាងសង់ផ្ទះចែកជូនអតីតយុទ្ធជនរបស់យើងដែលមានជីវភាពខ្វះខាត ពុំមានដី និងផ្ទះស្នាក់នៅ ព្រោះបងប្អូនអតីតយុទ្ធជនបានខិតខំលះបង់សាច់ស្រស់ ឈាមស្រស់ការពារបូរណភាពទឹកដី ដែលកម្ពុជាមានសង្គ្រាមស៊ីវិលរហូតដល់បច្ចុប្បន្ននេះ ហើយនូវរាល់សកម្មភាពទាំងអស់នេះ ដែលជាការតបស្នងសងគុណដល់អតីតយុទ្ធជនរបស់យើង ដើម្បីចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់អតីតយុទ្ធជនក្នុងខេត្តព្រះសីហនុ ។
ទន្ទឹមនឹងនោះរាជរដ្ឋាភិបាលបានជម្រុញយកចិត្តទុកខ្ពស់ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព ចំពោះការផ្តល់សេវាគាំពារសុខុមាលភាពជូនអតីតយុទ្ធជន និងការបើកផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន ដោយខិតខំជម្រុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ទន្ទឹមនោះរដ្ឋបាលខេត្ត និងអាជ្ញាធរដែនដីតែងតែចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនតាមមូលដ្ឋាន និងតាមអង្គភាព និងជនមានពិការភាពនៅតាមមណ្ឌលយោធិនពិការ និងជួយឧបត្ថម្ភគាំទ្រដល់គ្រួសារដែលកំពុងជួបប្រទះការលំបាក ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បាននាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម ជូនអតីតយុទ្ធជន និងបានធ្វើការណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជនរបស់យើង ត្រូវខិតខំដាំដុះដំណាំរួមផ្សំ និងចញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារកាន់តែល្អប្រសើឡើងថែមទៀត ។
សូមជម្រាបថា យោងតាមលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជា ការប្រតិបត្តិការសឹករងព្រះសីហនុ ជាប្រធានសមគមន៍អតីយុទ្ធជនខេត្តព្រះសីហនុ បានឱ្យដឹងថា មកដល់ពេល នេះ រាជរដ្ឋាភិបាល ក៏ដូចជាគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានយក ចិត្តទុកដាក់ចំពោះអតីតយុទ្ធជនដោយ បានផ្តល់ដីសម្បទាសង្គមកិច្ច និងការសាងសង់ផ្ទះជូនអតិតយុទ្ធជនខេត្តព្រះសីហនុជុំ ហានទី២ បានចំនួន ២០ខ្នងផ្ទះ និងធ្វើការចែកជូនអតីតយុទ្ធជនរួចរាល់ យើងនឹងកំពុងរៀបចំសាង សង់ផ្ទះចំនួន ៣១ខ្នងបន្ថែមទៀត ដើម្បីចែកជូនអតីតយុទ្ធជនរបស់យើងដែលមានជីវភាពខ្វះខាតនៅពេលខាងមុខ ។