រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារមន្ត្រីនគរបាលដែលបានពលីជីវិតដើម្បីជាតិ

ភ្នំពេញ៖ ការយកចិត្តទុកដាក់ និងការដឹងគុណចំពោះមន្ត្រីនគរបាលដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈពិធីសំណេះសំណាល និងប្រគល់ថវិកាគោលនយោបាយដល់ក្រុមគ្រួសារសពមន្ត្រីនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥។ នៅក្នុងពិធីនោះ ក្រុមគ្រួសារនៃមន្ត្រីនគរបាលចំនួនពីររូបដែលបានទទួលមរណភាព បានទទួលថវិកាឧបត្ថម្ភសរុបចំនួន ៤៤លានរៀល ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន ដែលបានបង្ហាញពីការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

សកម្មភាពនេះ មិនត្រឹមតែជាការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសារមួយដែលបង្ហាញយ៉ាងច្បាស់អំពីការមិនបំភ្លេចគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់មន្ត្រីនគរបាលដែលជាស្វាមី និងជាឪពុកជាទីស្រលាញ់។ ព្រមទាំងបាបានឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់គ្រួសារមន្ត្រីរាជការដែលបានបម្រើជាតិរហូតដល់ដង្ហើមចុងក្រោយ។ ថវិកាដែលបានប្រគល់ជូន គឺជាការចូលរួមរំលែកទុក្ខលំបាក និងជួយដោះស្រាយជីវភាពរបស់គ្រួសារសព ព្រមទាំងជាការលើកទឹកចិត្តដល់មន្ត្រីដែលកំពុងបន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានភាពជឿជាក់ និងកក់ក្តៅក្នុងការបម្រើជាតិមាតុភូមិ។