រាជរដ្ឋាភិបាលបានត្រៀមផែនការពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក នៅទូទាំងប្រទេសអាចព្យាបាល២៤ម៉ោង

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានត្រៀមផែនការពង្រឹងមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក តាមរយៈការពង្រឹងសមត្ថភាពបុគ្គលិកពេទ្យ និងបំពាក់បរិក្ខា ដែលអាចផ្តល់សេវាព្យាបាលអ្នកជំងឺ ២៤ម៉ោង នៅទូទាំងប្រទេស ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កន្លងមករដ្ឋបានដាក់គោលដៅក្នុងការគ្រប់ដណ្តប់ផ្នែកសុខភាពជាសាកលរួចមកហើយ ដើម្បីលើកកម្ពស់សុខភាពសាធារណៈ។ នៅគោលដៅបន្ទាប់ គឺការពង្រឹងអភិបាលកិច្ចនៃសេវា នៅតាមមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក គឺធ្វើយ៉ាងដើម្បីឈានទៅដល់ការព្យាបាល ២៤ម៉ោង ទូទាំងប្រទេស នៅគ្រប់មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ក្នុងមួយអាណត្តិនេះ ឬរហូតដល់អាណត្តិក្រោយ។ សម្តេចបញ្ជាក់ថា៖ «មកដល់ម៉ោងនេះ យើងបានត្រៀមមួយចំនួនរួចទៅហើយ យើងត្រូវការបំពេញបុគ្គលិកពេទ្យ ដែលជាអាទិភាព ដើម្បីបំពេញនៅតាមមូលដ្ឋាន និងពេទ្យបង្អែកស្រុក»។

សម្តចធិបតី បញ្ជាក់ទៀតថា៖«ហេតុនេះហើយបានជារាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ ហើយនៅក្នុងការពង្រឹងអភិបាលកិច្ចនេះ យើងគ្រោងចំណាយ ១២លានដុល្លារក្នុងមួយឆ្នាំបន្ថែមទៅលើថវិកា ដែលបានវិភាជន៍ទៅឱ្យវិស័យសុខាភិបាល តាំងពីឆ្នាំ ២០២៤ទៅ ២០២៧  ៤ឆ្នាំ​នេះ សរុប ៤៨ លានដុល្លារ ដែលគ្រោងដាក់ដើម្បីពង្រឹងសមត្ថភាពពេទ្យ មណ្ឌលសុខភាពអាចព្យាបាល ២៤ម៉ោង។ នេះមិនមែនគ្រាន់តែជាគោលនយោបាយទេ តែយើងបានវិភាជន៍ថវិកាជាក់ស្តែង»។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការពង្រឹងសម្ភារ សមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបានចំណាយ ៦០ពាន់លានរៀលសម្រាប់ឆ្នាំនេះបន្ថែម ដើម្បីកសាង និងធ្វើឱ្យប្រសើរឡើងនូវមណ្ឌលសុខភាព និងពេទ្យបង្អែក ក្នុងនោះមាន ២៦គម្រោង និង ១៤ រាជធានី-ខេត្ត ដើម្បីបង្កើនសមត្ថភាព៕