រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្តដល់ជនមានពិការភាព ចូលរួមសកម្មភាពនានារបស់សង្គម តាមរយះការទទួលបានសេវាស្តារលទ្ធភាពពលកម្មដោយស្មើភាព ការអភិវឌ្ឍមុខជំនាញ និងការអភិវឌ្ឍមុខរបរ ដើម្បីបង្កើនជីវភាពរស់នៅ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់មូលនិធិជនពិការ និងផ្សាព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅគោលការណ៍ណែនាំ ស្តីពី ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជនពិការ។
ឯកឧត្តម ប្រាក់ សុខយូរ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកវិស័យពិការភាពជាការងារអាទិភាព ដោយបានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពី សិទ្ធិជនពិការ និងលិខិតតូបករណ៍អន្តរជាតិផ្សេងៗ ព្រមទាំងបានកសាង និងដាក់ឱ្យអនុវត្តច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាតិ ដើម្បីពង្រឹងការផ្តល់សេវាផ្សេងៗ ជូនដល់ជនពិការ ដូចមានចែងក្នុងកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ និងឆ្នាំ២០២៤-២០៣៥ សំដៅកែលម្អគុណភាពជីវិត ជីវភាពរស់នៅ ធានាដល់ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ តាមរយៈការលើកកម្ពស់ការងារ និងការផ្តល់មុខរបរសមរម្យ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងស្ថានភាពរស់នៅរបស់ជនពិការ និងប្រជាពលរដ្ឋក្រីក្រ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយឧបត្ថម្ភជាបន្តបន្ទាប់ តាមរយៈការផ្តល់របបគោលនយោបាយ ជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ការផ្តល់ផ្ទះ និងផ្តល់កញ្ចប់អំណោយផ្សេងៗ និងឧបត្ថម្ភសាច់ប្រាក់តាមរយៈកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ក្រៅពីនេះ សប្បុរសជន និងអង្គការ សមាគម ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ក៏បានរួមចំណែកទាំងធនធានថវិកា និងធនធានមនុស្ស ដើម្បីសម្រេចបាននូវឧត្តមប្រយោជន៍សម្រាប់ជនពិការនៅកម្ពុជា។
ឯកឧត្តម សូមគាំទ្រផែនការយុទ្ធសាស្ត្រ សកម្មភាពរបស់មូលនិធិជនពិការ សម្រាប់ឆ្នាំ២០២៦ សំដៅរួមគ្នាផ្តោតលើសូចនាករសំខាន់ៗ ដែលបានកំណត់ ដើម្បីផ្សព្វផ្សាយជំរុញការអនុវត្តអត្រាកំណត់ នៃការជ្រើសរើសជនពិការចូលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន និងវិស័យឯកជន តាមរយះការពិនិត្យតាមដានលើការអនុវត្តស្តង់ដា និងផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាតាមប្រព័ន្ធទំនាក់ទំនងសង្គម និងការចុះសហគមន៍ ស្របតាមគោលការណ៍ណែនាំ ស្តីពី ការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានៅតាមសហគមន៍។ រួមគ្នាបង្កើនគុណភាព និងផ្តល់ការគាំទ្រ សម្របសម្រួលដល់ជនមានពិការភាពលើការអប់រំ មុខជំនាញ និងមុខរបរ និងធ្វើទំនើបកម្មឧបករណ៍សិប្បនិម្មិតរណប និងឧបករណ៍ជំនួយនានាប្រកបដោយគុណភាពខ្ពស់ក្នុងកម្រិតស្តង់ដា ដើម្បីបំពេញតម្រូវការរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា។
ឯកឧត្តម វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញតួនាទីភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងសកម្ម ប្រកបដោយស្មារតីសាមគ្គី និងការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការសម្រេចបាននូវសូចនាករ ដែលបានដាក់ចេញតាមរយៈផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជា ផែនការប្រចាំឆ្នាំរបស់មូលនិធិជនពិការ ។



