រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែង ទិដ្ឋការ សាកល្បងសម្រាប់ពលរដ្ឋចិន រយៈពេល៤ខែ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ សម្រេចលើកលែងទិដ្ឋាការសាកល្បង សម្រាប់ពលរដ្ឋចិន ធ្វើដំណើរពីប្រទេសចិន រយៈពេល ចំនួន៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦។ 

នៅក្នុងលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយយោងតាមចំណាររបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ៖

ការអនុវត្តផ្ដល់ការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន គឺរយៈពេលស្នាក់នៅចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃ ទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់ត បំពេញ E-arrival card។ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្ត ភ្ញៀវចិនអាចអញ្ជើញមក កម្ពុជាប៉ុន្មានលើកក៏បាន។ 

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបើកផ្លូវឱ្យក្រសួងការបរទេសកម្ពុជា ដាក់ស្នើទៅរដ្ឋាភិបាលចិន ដើម្បីពិនិត្យ ឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរ ទៅប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការតែម្ដង នាពេលអនាគត ជាពិសេសដើម្បីមានប្រសិទ្ធភាព គួរសហការជាមួយវិស័យឯកជន ដើម្បីធ្វើការផ្សព្វផ្សាយទៅគោលដៅចិន ឱ្យបានល្អ និងឆាប់រហ័ស៕