រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់លើការជំរុញអភិវឌ្ឍវិស័យសង្គមកិច្ច ក្នុងការធានាបាននូវភាពធន់ និងបរិយាបន្ន តាមរយៈការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ និងងាយរងហានិភ័យ

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជនពិការ នាថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៦ ឯកឧត្តម ប្រាក់ សុខយូរ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៅតែបន្តផ្តល់អាទិភាពខ្ពស់លើការជំរុញអភិវឌ្ឍវិស័យសង្គមកិច្ច ដែលជាវិស័យមួយដ៏សំខាន់ក្នុងការធានាបាននូវភាពធន់ និងបរិយាបន្ន តាមរយៈការអភិវឌ្ឍ មូលធនមនុស្ស និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ និងងាយរងហានិភ័យ។

ឯកឧត្តម មានប្រសាសន៍បន្តថា ដើម្បីសម្រេចបាននូវទិសដៅដែលបានដាក់ចេញសម្រាប់ការអនុវត្តឆ្នាំ ២០២៦ និងដោះស្រាយបាននូវបញ្ហាប្រឈមដែលមូលនិធិជនពិការបានជួបប្រទះកន្លងមក  ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ផ្ដល់អនុសាសន៍សំខាន់ៗ មួយចំនួនក្នុងការការអនុវត្តរួមមាន៖

១-ត្រូវសហការសិក្សារៀបចំ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តដូចជា៖ ចាត់វិធានការសមស្រប ចំពោះក្រសួង ស្ថាប័ន និងនីតិបុគ្គល ដែលមិនបានបំពេញកាតព្វកិច្ចជ្រើសរើសជនមានពិការភាព ចូលបម្រើការងារ និងការផ្តល់ប្រាក់ឧបត្ថម្ភរបបគោលនយោបាយថ្លៃអាហារ និងសោហ៊ុយធ្វើដំណើរសម្រាប់ជនពិការមកទទួលសេវានៅតាមមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មរាជធានីខេត្ត ឱ្យបានសមស្របទៅតាមស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែងរបស់ប្រទេសជាតិ។

២-បង្កើនគុណភាព និងធ្វើទំនើបកម្មឧបករណ៍សិប្បនិម្មិត រណប និងឧបករណ៍ជំនួយនានាប្រកបដោយគុណភាពខ្ពស់ក្នុងកម្រិតស្តង់ដា ដើម្បីបំពេញតម្រូវការរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទានៅក្នុងប្រទេស និងមានមូលដ្ឋានឈានទៅធ្វើការប្រកួតប្រជែងនៅលើទីផ្សារសេរី និងនាំចេញទៅលក់នៅក្រៅប្រទេស។

៣-ពង្រឹង និងពង្រីកសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាពប្រកបដោយ គុណភាព និងទាន់ពេលវេលា ព្រមទាំងបង្កើនការផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមសហគមន៍បន្ថែមទៀត ដើម្បីឱ្យជនមានពិការភាពមានភាពងាយស្រួលក្នុងការទទួលសេវា។

៤-ពិនិត្យ និងរៀបចំកែលម្អទីតាំង ហេដ្ឋារចនាសម្ព័ន្ធរូបរបស់មជ្ឈមណ្ឌលលទ្ធភាពពលកម្មកាយសម្បទារាជធានី ខេត្ត ឬ ឱ្យបានសមស្របទៅតាមករីកចម្រើនរបស់ប្រទេសជាតិ។ 

៥-បន្តកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការពាក់ព័ន្ធ ដែលជួយគាំទ្រដល់វិស័យស្តារលទ្ធភាពពលកម្មកាយសម្បទា។

៦-បង្កើនការសាងសង់ផ្ទះជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ឱ្យបានច្រើនជាងឆ្នាំមុនៗ។

៧-ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការដៃគូ ភាគីពាក់ព័ន្ធនានា និងផ្នែកឯកជន ធ្វើការសិក្សា និងលើកគម្រោងវិនិយោគផ្សេងៗតាមរយៈការធ្វើអាជីវកម្មស្របច្បាប់ ដើម្បីកៀរគររក ប្រភពធនធានថវិកាសម្រាប់គាំទ្រដល់វិស័យពិការភាព។

៨-ពង្រឹងការគ្រប់គ្រង និងបង្កើនការដាក់ហិបប្រាក់វិភាគទានសប្បុរសធម៍មូលនិធិជនពិការនៅតាមសាខារាជធានីខេត្ត ដើម្បីកៀរគររកប្រភពធនធានថវិកាសម្រាប់គាំទ្រដល់គម្រោងផ្សេងៗដែលជួយដល់ជនមានពិការភាព និងដើម្បីធានានិរន្តភាពការងារ

ស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាពឱ្យកាន់តែប្រសើរឡើងថែមទៀត។

៩.សិក្សាស្រាវជ្រាវ និងវាយតម្លៃជនពិការការក្រីក្រនៅតាមសហគមន៍ ដើម្បីជំរុញការអនុវត្តគម្រោងផ្ដល់ទុន ឬប្រាក់កម្ចី ផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបង្កើតមុខរបរសមស្របសម្រាប់ជនពិការ ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់។

១០-បង្កើនការផ្សព្វផ្សាយលើសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការ និងសាធារណជនឱ្យបានកាន់តែទូលំទូលាយ។

១១-បង្កើនការលើកកម្ពស់ធនធានមនុស្សផ្នែកបច្ចេកទេសអវយវៈសិប្បនិម្មិត និងរណប ដើម្បីពង្រឹងការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការប្រកបដោយគុណភាព ប្រសិទ្ធភាព និង

ស័ក្ដិសិទ្ធភាព។

១២-ត្រូវយកចិត្តទុកដាក់បង្កើនការផ្គត់ផ្គង់សម្ភារៈបច្ចកទេសមួយចំនួនដែលប្រើឱ្យការផ្តល់ស្តារលទ្ធភាពពលកម្មកាយសម្បទា។

១៣-ត្រូវពិនិត្យរៀបចំឯកសណ្ឋាន និងបណ្ណសម្គាល់ខ្លួនរបស់មន្ត្រីនៃមូលនិធិជនពិការ នៅតាមបណ្តារាជធានី-រដ្ឋ ។

ឯកឧត្តម បញ្ជាក់ថា អង្គភាពនានាដែលបំពេញការងារលើវិស័យពិការភាពទាំងអស់ បន្តពង្រឹងនូវកិច្ចសហការល្អ និងសុខដុមនីយកម្មជាប្រព័ន្ធតួអង្គតែមួយ ដើម្បីដោះ ស្រាយបញ្ហាប្រឈម ដើម្បីជំរុញការអនុវត្តកិច្ចការនេះទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងបន្ថែមទៀត ។ ជាមួយគ្នានេះ សូមជំរុញឲ្យមានការចាប់យកប្រព័ន្ធឌីជីថល ឬពង្រឹងការងារតាមបច្ចេកវិទ្យាព័ត៌មាន ដែលដាក់កត្តាចម្បងក្នុងការពង្រឹងគុណភាព ប្រសិទ្ធភាព នឹងសក្ដិទ្ធិភាព ក្នុងការគ្រប់គ្រងការងារស្តារលទ្ធភាពពលកម្មកាយសម្បទា។