រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចជាកាលតែងតែចាត់ទុក “មនុស្ស” គឺជាធនធានដ៏មានខាន់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦- ២០២៧ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុនសែន មិត្តភាព ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សាមុត សុធារឹទ្ធ អភិបាលស្តីទី ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្ត្រី អាជ្ញាធរ លោកគ្រូ អ្នកគ្រូ និងសិស្សានុ សិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក សាមុត សុធារិទ្ធ អភិបាលស្តីទី ខេត្តព្រះសីហនុ បានអានសារលិខិតទាំងស្រុងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៦–២០២៧ ដោយបានដាក់ចេញនូវអនុសាសន៍គន្លឹះ ១៦ ចំណុច សំខាន់ៗសម្រាប់អនុវត្តន៍។ ក្នុងសារលិខិតបានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចជាកាលតែងតែចាត់ទុក “មនុស្ស” គឺជាធនធានដ៏មានខាន់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយបានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមនុស្សប្រកប ដោយចំណេះដឹង ជំនាញ សីលធម៌ វិន័យ សុខភាពរាងកាយនិងផ្លូវចិត្ត ព្រមទាំងសហភាពក្នុងការសម្របខ្លួននឹង ការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ ក្នុងន័យនេះ រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការជំរុញសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយពង្រឹងអភិបាលកិច្ចសាលារៀន លើកកម្ពស់សកម្មភាពរៀននិងបង្រៀន និងការអប់រំផ្នែកវិន័យ សីលធម៌ ឥរិយាបថថ្លៃថ្នូរ សក្តិសមជា កុលធីតាខ្មែរ និងជាបន្តវេនរបស់ប្រទេសជាតិ។

ឯកឧត្តម ថេង ច័ន្ទសង្វារ បានមានប្រសាសន៍ថ្លែងកោតសរសើរដល់លោកនាយក លោកគ្រូ អ្នកគ្រូ និងមន្ទីរអប់រំ យុវជន និងកីឡា ដែលបានខិតខំបំពេញការងាររយៈពេលមួយឆ្នាំពេញទទួលបានជោគជ័យ ពិសេសទទួល បានពានរង្វាន់យ៉ាងច្រើន សម្រាប់ខេត្តរបស់យើង ហើយលទ្ធផលដែលល្អប្រសើរនោះគឺការប្រឡងបាក់ឌុប ឆ្នាំសិក្សា ២០២៥-២០២៦ មានសិស្សជាប់ ៩០ភាគរយ វាជាជោគជ័យដ៏ធំបំផុត។ ឯកឧត្តមបានបន្តទៀតថា អាណាព្យាបាលនៅផ្ទះគឺជាដៃគូដ៏សំខាន់របស់សាលា រៀនក្នុងការអប់រំកូនៗ សម័យនេះយើងមិន មែនរៀនដើម្បីយកតែសញ្ញាប័ត្រទេ តែកូនៗត្រូវតែរៀនយកសញ្ញាឃើញ គឺត្រូវរៀន ធ្វើការ រៀនដើរស្វែងយល់ រៀនដើម្បីគោលដៅច្បាស់លាស់ថាយើងត្រូវធ្វើអ្វី រៀនតាមសៀវភៅ ធ្វើឱ្យយើងចេះ ឱ្យយើងចាំ ឱ្យយើងដឹង តែមិនឱ្យយើងចេះធ្វើទេ បើយើងមិនអនុវត្តផ្ទាល់ រៀនតែទ្រឹស្តីនោះយើងនឹងមិនចេះធ្វើការ។ ពិភពលោកមានការប្រែប្រួល មូលហេតុធំជាងគេនោះ គឺបច្ចេកវិទ្យា ដូច្នេះត្រូវប្រឹងប្រែងពីឥឡូវទៅ ដើម្បីតាមឱ្យទាន់បច្ចេកវិទ្យារបស់ពិភពលោក និងឆ្លៀតឱ្យបានក្នុងការរៀនភាសាអង់គ្លេស កុំព្យូទ័រ ដែលសុទ្ធតែជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតប្រចាំថ្ងៃ និងសូមប្រកាសបើកបវេសនកាលចាប់ពីពេលនេះតទៅ។

សូមជម្រាបថា យោងតាមរបាយការណ៍ របស់លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអោយដឹងថា ឆ្នាំ សិក្សា២០២៦-២០២៧ នេះ នៅខេត្តព្រះសីហនុ សាលារៀនសរុបមានចំនួន ១០៥សាលា (មានការកើនឡើង ១សាលា គឺបឋមសិក្សាតាមូងផ្អែម ស្រុកកំពង់សីលា) ក្នុងនោះមានគ្រឹះស្ថានសិក្សាមត្តេយ្យរដ្ឋ ៥៩កន្លែង មត្តេយ្យដាច់ដោយឡែក ៣សាលា គ្រឹះស្ថានសិក្សាបឋមសិក្សា ៧២សាលា ព្រមទាំងគ្រឹះស្ថានសិក្សាមធ្យមសិក្សា ៣០សាលា ដែលមានសិស្សមត្តេយ្យសិក្សាសរុបចំនួន ៣,៧១៦នាក់ ស្រី ២,២៨៩នាក់ បឋមសិក្សាសរុបចំនួន ៣៣,៧៩០នាក់ ស្រី ១៦,១៧០នាក់ មធ្យមសិក្សាសរុបចំនួន ១៦,៩៨២នាក់ ស្រី ៨,៨៩៦នាក់ មានអគារសិក្សាសរុប ៣៣៣ខ្នង ស្មើនឹង ២,២៥៤បន្ទប់ ក្នុងនោះ អគារជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៩៤ខ្នង ស្មើនឹង ១,១០៣ បន្ទប់។ សាលារៀនទាំងអស់មានចំនួន ៩២ ទីតាំង មានប័ណ្ណកម្មសិទ្ធិចំនួន ៧៧ទីតាំង និងកំពុងស្ថិតក្នុងនីតិវិធីស្នើសុំ និងដកប័ណ្ណកម្មសិទ្ធិចំនួន ១៥ទីតាំង ទាំងនេះសុទ្ធតែជាសមិទ្ធិផល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងក្រោមការយកចិត្តទុកដាក់របស់លោក ចេង ស្រ៊ុង ប្រធានមន្ទីររៀបចំដែនដីខេត្ត ព្រមទាំងសម្របសម្រួលដោះស្រាយដោយឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ជាកិច្ចបញ្ចប់ ក៏មានពិធីប្រគល់លិខិតថ្លែង អំណរគុណដល់សប្បុរសជន និងផ្តល់លិខិតសរសើរជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលទទួលបានលទ្ធផលសិក្សាល្អផងដែរ។

អត្ថបទ៖ មន សូត្រ
រូបភាព ៖ អ៊ូ ជោត