រាជធានីភ្នំពេញ ចងសម្ព័ន្ធមេត្រីភាព និងរដ្ឋធានីវៀងចន្ទ នៃប្រទេសឡាវ ដើម្បីជំរុញឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរនៃ ប្រទេសទាំង២ កាន់តែមានភាពរឹងមាំល្អប្រសើរមួយកម្រិតថែមទៀត

រាជធានីភ្នំពេញ ចងសម្ព័ន្ធមេត្រីភាព និងរដ្ឋធានីវៀងចន្ទ នៃប្រទេសឡាវ ដើម្បីជំរុញឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរនៃ ប្រទេសទាំង២ កាន់តែមានភាពរឹងមាំល្អប្រសើរមួយកម្រិតថែមទៀត
======
ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ កញ្ញានេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងច័ន្ទ ជួបសម្តែងការគួរសមនិងចុះហត្ថលេខាលើកិច្ចព្រមព្រាង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីវៀងចន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសាលារាជធានីភ្នំពេញ ដើម្បីជំរុញឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការរនៃ ប្រទេសទាំង២ កម្ពុជានិងឡាវ កាន់តែមានភាពរឹងមាំល្អប្រសើរមួយកម្រិតថែមទៀត ពិសេសជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។
ឯកឧត្ដម ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានលើកឡើងពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ ដោយនៅពេលចុងក្រោយនេះ កម្ពុជាបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងនោះមានដូចជាការស្ថាបនា ព្រែកជីកហ្វូណនតេជោ ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ការស្តារទន្លេ ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោដែលបានដាក់ឲ្យដំណើរការ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះជាដើម។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា៖ រាជធានីភ្នំពេញបានទទួលភ្ញៀវទេសចរណ៍ប្រមាណ១០លាននាក់នៅក្នុងឆ្នាំ២០២៤ ដែលនេះពិតជាបានបង្ហាញឱ្យឃើញពីការកើនឡើងភ្ញៀវទេសចរណ៍ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ ។ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍កាន់តែមានភាពកើតឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ។ ផ្លូវថ្មើជើងថ្មីនេះបានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។
ឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីច្រៀងច័ន្ទ ក្នុងឱកាសនោះ បានសម្ដែងនូវការសាទរចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ដោយលោកបានលើកឡើងថា៖ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនល្អណាស់ ហើយនៅតាមបណ្ដាខេត្តក៏មានការរីកចម្រើនព្រមៗគ្នាផងដែរ។
ឯកឧត្តមបន្តថា៖ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឡាវគឺកាន់តែមានភាពល្អប្រសើរ ដោយថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជាបានទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសឡាវក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។នេះជាការពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរនិងកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន ក៏បានអញ្ជើញ ឯកឧត្ដម ឃួង ស្រេង ដើម្បីដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ទៅបំពេញទស្សនៈកិច្ចនៅទីក្រុងវៀងចន្ទផងដែរ។ ជាការឆ្លើយតប ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា តបតាមការអញ្ជើញនេះ ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថានឹងពិនិត្យលទ្ធភាពទៅបំពេញទស្សនៈកិច្ចនៅទីក្រុងវៀងចន្ទនៅពេលវេលាណាមួយសមស្របខាងមុខនេះ។
សូមជំរាបថា៖ រាជធានីភ្នំពេញនិងទីក្រុងវៀងចន្ទន៍ធ្លាប់បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាម្តងរួចហេីយ កាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០១៤កន្លងមក។ ការចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពឡើងវិញនៅថ្ងៃនេះ ធ្វើឡេីងក្រោយទទួលបានគោលការណ៍ ឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ តាម រយះការស្នើសុំរបស់រដ្ឋបាល រាជធានីភ្នំពេញដេីម្បី ឆ្លើយតបនឹងភាពរីកចម្រើន និងការអភិវឌ្ឍគ្រប់វិស័យ របស់រាជធានីភ្នំពេញនិងទីក្រុងវៀងចន្ទន៍នាពេល បច្ចុប្បន្ននេះ ។
អ្វីដែលត្រូវកក់សម្គាល់ រួមមាន ៖
១. កិច្ច ព្រមព្រៀងកន្លងមក គឺដេីម្បីផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់របស់ភាគីទាំង២ តែពេលនេះការ ផ្លាស់ប្តូរគណៈប្រតិភូនឹងធ្វើឡើងគ្រប់កម្រិតទាំង គណៈប្រតិភូជាន់ខ្ពស់ មន្រ្ដីជំនាញ និង ប្រតិភូគ្រប់ វិស័យ ។
២. ភាគីទាំងពីរនឹងសហការរួមគ្នាលើផ្នែកការផ្លាស់ប្ដូរ ប្រជាជននិងប្រជាជនការផ្លាស់ប្ដូរ ព័ត៌មាន ដូចជា៖ ទីក្រុងវៃឆ្លាត ចំណេះដឹង ឌីជីថល និង កិច្ចប្រជុំ បណ្តាញនានា។
៣.ភាគីទាំងពីរនឹងផ្តល់ការគាំទ្រ និងសម្របសម្រួលដល់មន្ទីរ អង្គភាពពាក់ព័ន្ធនៃរដ្ឋធានីវៀងចន្ទ និង រាជធានីភ្នំពេញ ព្រមទាំងជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។
៤. ប្រសិនបើមានភាពខុសគ្នាកើតឡើងក្នុងការបកស្រាយ ឬអនុវត្តកិច្ចព្រមព្រៀងនេះ ត្រូវដោះស្រាយ ដោយមិត្តភាព តាមរយៈការពិគ្រោះយោបល់រវាងភាគីទាំងពីរ។
៥. រាល់អត្ថបទទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីកិច្ចព្រមព្រៀងនេះ ត្រូវទុកជានិរាករណ៍ ដោយស្ថិត ក្រោមច្បាប់គ្រប់គ្រង និងបទបញ្ញត្តិនៃប្រទេសទាំងពីរ៕