រយៈពេល៥ខែ ឆ្នាំនេះ កម្ពុជា នាំចេញម្រេចសម្រេចបានជិត ៨ ពាន់តោន

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានអោយដឹងថា ត្រឹមតែរយៈពេល៥ខែ ឆ្នាំ២០២៥ កម្ពុជា​សម្រេច​បានការនាំចេញម្រេច ​ជិត ៨ ពាន់តោន (៧.៨៩៦) ធ្លាក់ចុះ ១១,៣២% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៤។

លោក ម៉ាក់ នី ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ប្រាប់កម្ពុជា​ថ្មីនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥នេះថា ការប្រមូលផលម្រេចមិនទាន់បញ្ចប់នៅឡើយទេ ខណៈតម្លៃម្រេចធម្មតានៅ​កម្ពុជា​​បានកើន​ដល់​ចន្លោះពី ២៥០០០-២៦៥០០ រៀល ក្នុងមួយ​គីឡូ​ក្រាម ដែលមានភាពល្អប្រសើរជាងឆ្នាំមុន ដោយសារមាន​ការ​បញ្ជាទិញ ខណៈ​ស្ដុក​ម្រេច​​នៅ​លើ​ពិភព​លោកប្រឈ​មនឹងការធ្លាក់ចុះ។

កសិកររស់នៅស្រុកសំឡូត ខេត្តបាត់ដំបង លោក សឿម សុវណ្ណ ប្រាប់ថា ម្រេច​ខ្មៅ​ដែល​ប្រជា​កសិករ​​ធ្វើការ​ដាំដុះ និងហាលសម្ងួត កំពុង​មានតម្លៃ​ទីផ្សារ​ល្អ បើ​ប្រៀបធៀបឆ្នាំមុន ដែល​​ធ្វើឲ្យ​កសិករ​​សប្បាយរីករាយ។

លោក​បាន​បន្ថែម​ថា សម្រាប់​ម្រេច​ខ្ចីមួយ​តោន អាច​ហាល​ស្ងួត​ទៅ​ជា​ម្រេចខ្មៅបានជិត ៣០០ គីឡូក្រាម ហើយ​កាល​ពីឆ្នាំ​កន្លងទៅ ម្រេច​ខ្មៅលក់​បាន​ត្រឹមតែ ១៦.០០០ រៀល ក្នុងមួយ​គីឡូក្រាម លុះនៅ​ឆ្នាំនេះម្រេចខ្មៅអាចឡើង​រហូតដល់ ២៥.០០០ រៀល ក្នុងមួយ​គីឡូក្រាម ដែលខុសតម្លៃពីឆ្នាំមុនច្រើន។

យោងតាមសមាគម​សហព័ន្ធ​ម្រេច នៅក្នុងឆ្នាំ ២០២៤ ផលិតកម្ម​ម្រេច​នៅ​កម្ពុជា​សម្រេច​បាន​ប្រមាណ ៩ ពាន់តោន ធ្លាក់ចុះពី ៤០-៥០ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ប៉ុន្តែ​តម្លៃ​ម្រេច​បាន​កើនឡើង​ទ្វេ​ដងដែលមានតម្លៃ ២ ម៉ឺន ៤ ពាន់រៀល​ក្នុង​មួយ​គីឡូ​ក្រាម។

ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេច​បានក្នុងរង្វង់ ១,៧​ តោន ទៅ ២ ម៉ឺនតោន​លើផ្ទៃ​ដី​ជាង ៦ ពាន់​ហិកតា​ ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេស​បន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប៕