រយៈពេល៥ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុប បានជិត២​ពាន់លាន​ដុល្លារ

ភ្នំពេញ ៖ កម្ពុជា​បាន​នាំចេញ ​ផលិតផល​វាយនភណ្ឌ​ ​ស្បែកជើង​ ​កង់​ ​គ្រឿងឧបភោគបរិភោគ​ ​អង្ករ​ ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត ​ទៅកាន់​សហភាព​អឺរ៉ុប​ ​​​មាន​ទំហំ​ទឹកប្រាក់​ ១​,​​៩ ​ពាន់លាន​ដុល្លារក្នុងរយៈពេល៥ខែ​ឆ្នាំនេះ​ ​កើនជាង​ ២៣ ​ភាគរយ​ធៀប​នឹង​ ​​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ជាបញ្ហាប្រឈមនានាជាពិសេសការការងើបឡើងវិញនៃសង្រ្គាមពាណិជ្ជកម្មសកល និងប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយក្តី។​

យោងតាមរបាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ការនាំចូល​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​ជាង១,​៨៨លាន​ដុល្លារក្នុងរយៈ៥ខែដូចគ្នាកាលពីឆ្នាំមុន​ថយចុះ ៦,​៧៥% ខណៈដែរពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបានទឹកប្រាក់ជាង២,២ពាន់​​លាន​ដុល្លារ​បាន​កើន​ឡើងជាង១៨%​​​​។​

របាយ​ការណ៍​បាន​បញ្ជាក់​ថា ប្រទេស​អាល្លឺម៉ង់ និង​អេស្បាញ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួនជាង ៣៦៩ លាន​ដុល្លារ និង ​៤១៤ លាន​ដុល្លារ​រៀងៗ​ខ្លួន។

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា តួលេខ​ទាំងនេះ​បង្ហាញ​ពី​សារៈសំខាន់​របស់​សហភាព​អឺរ៉ុប​ជា​ទិសដៅ​នាំចេញ​​សម្រាប់​កម្ពុជា​ ប៉ុន្តែកំណើននាប៉ុន្មានខែដើមឆ្នាំនេះគឺពុំទាន់ស្មើនឹងតម្លៃមុនការផ្ទុះរីករាលដាលនៃជំងឺកូវីដឡើយ។

​​លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ ដែលបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់នៅអឺរ៉ុប ​។

ពាណិជ្ជកម្ម​សរុប​កម្ពុជា​-​សហភាព​អឺរ៉ុប​មាន​តម្លៃ​៤​,​៦​១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ធ្លាក់ចុះ​ជិត​៥​ភាគរយ​ពី​៤​,​៨​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។​ ​ក្នុង​នោះ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​៣​,​៦​៦​ ​ពាន់​លាន​ដុល្លារ​ទៅ​សហភាព​អឺរ៉ុប​ ​ធ្លាក់ចុះ​ ​៩​ ​ភាគរយ​ធៀប​នឹង​ ​៤​,​០​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​៕

ក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្ម​ទ្វេភាគី​រវាងកម្ពុជា-សហភាពអឺរ៉ុបសម្រេចបានទឹកប្រាក់ជាង៥,៣២៩ ពាន់​​លាន​ដុល្លារ​បាន​កើន​ឡើងជាង១៥​ ​ភាគរយធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជា​បាន​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ ​​​មាន​ទំហំ​ទឹកប្រាក់​ ៤​,​៤១ ​ពាន់លាន​ដុល្លារ​ ​កើន​ឡើងជាង២០​​ ​ភាគរយ​ធៀប​នឹង​ឆ្នាំ២០២៣ ខណៈ​ការនាំចូល​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​ជិត ៩១៨​លាន​ដុល្លារក្នុង​ឆ្នាំមុនថយចុះជាង៣ភាគរយ៕