រយៈពេល៥ខែកន្លងផុតទៅក្រោយពីរងគ្រោះរញ្ជួយដីដ៏សាហាវ! មីយ៉ាន់ម៉ានៅតែតស៊ូស្វែងរកសពមនុស្សដែលបាត់ខ្លួន និងព្យាយាមកសាងឡើងវិញបណ្តើរៗ

រយៈពេល៥បន្ទាប់ពីការរញ្ជួយដីដ៏សែនបំផ្លិចបំផ្លាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា មនុស្សម្នាជាច្រើននៅតែស្វែងរកសពមនុស្សជាសាច់ញាតិ និង មនុស្សជាទីស្រលាញ់របស់ពួកគេដដែលតាមរយៈសំណល់គំនរបាក់បែកនៃអគារផ្សេងៗ។ នៅទីក្រុង Mandalay ដែលជាចំណុចកណ្តាលនៃគ្រោះរញ្ជួយដីកាលពី៥ខែមុន ក្រុមជួយសង្គ្រោះបានទាញយកជនរងគ្រោះបាន៧នាក់បន្ថែមទៀតកាលពីសប្តាហ៍មុន ដែលពួកគេគឺសពដែលនៅសេសសល់នៃបរិវេណខុនដូ Sky Villa ដ៏ប្រណិតមួយ។ ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញ ដូចជាផ្លូវថ្នល់ និងស្ពានបានបន្ថែមបញ្ហាប្រឈមក្នុងការនាំយកជំនួយទៅកាន់តំបន់ដែលរងគ្រោះខ្លាំងជាងគេ។ មន្ទីរពេទ្យ សាលារៀន ទីសក្ការៈ និងអគារសហគមន៍ផ្សេងទៀតត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញ បន្សល់ទុកកន្លែងមួយចំនួនដើម្បីស្វែងរកទីជម្រក ឬការថែទាំ។ នៅតាមបណ្តោយផ្លូវធំពីទីក្រុងដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា យ៉ាំងហ្គោន ទៅកាន់ទីក្រុងម៉ាន់ដាឡេ ប្រាសាទដែលដួលរលំ និងផ្នែកផ្លូវក្រាលកៅស៊ូ ត្រូវជួសជុលជាប្រចាំថ្ងៃ។ វិស្វករយោធាមីយ៉ាន់ម៉ាបានសាងសង់ស្ពានបណ្ដោះអាសន្ន ដើម្បីអនុញ្ញាតឲ្យមានចរាចរណ៍ឆ្លងកាត់ទន្លេ ដែលជាវិសាលភាពដឹកជញ្ជូនមួយក្នុងប្រទេសនេះ។ គ្រោះមហន្តរាយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នោះ បានសម្លាប់មនុស្សជាង ៣,៨០០នាក់យ៉ាងអណោចអាធម ខណៈដែលប្រទេសមីយ៉ាន់ម៉ាកំក៏ពុងស្ថិតក្នុងសង្រ្គាមស៊ីវិលរួចទៅហើយដែរ ដែលក្នុងនោះកងជីវពលប្រដាប់អាវុធ និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលដឹកនាំដោយឧត្តមសេនីយ៍ប្រទេសនេះ ដែលបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi ក្នុងឆ្នាំ២០២១។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន AP បានរាយការណ៍ជាក់ស្តែងអំពីទំហំខូចខាតនៃគ្រោះរញ្ជួយដីនៅក្នុងរដ្ឋធានី Naypyitaw និងនៅក្នុងទីក្រុងធំទីពីររបស់ប្រទេសគឺ Mandalay ដែលតំបន់ទាំងពីរស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងរឹងមាំរបស់រដ្ឋាភិបាលយោធា។ ស្ថានភាពនៅពេលនេះទៅបីជាភាគីទាំងអស់បានប្រកាសពីបទឈប់បាញ់ភ្លាមៗបន្ទាប់ពីគ្រោះរញ្ជួយដីក្តី ប៉ុន្តែការប្រយុទ្ធគ្នារវាងក្រុមតូចៗនៅតែមិនបានបញ្ឈប់ឡើយ។ សូម្បីតែមុនពេលរញ្ជួយដីកើតឡើងក៏អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថាមនុស្សជាង ៣.៥ លាននាក់ត្រូវបានផ្លាស់ទីលំនៅពីផ្ទះសម្បែងរបស់ពួកគេដោយសារតែការប្រយុទ្ធគ្នានោះ ហើយមនុស្សប្រហែលជា២០លាននាក់កំពុងត្រូវការជំនួយជាចាំបាច់។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយនៅក្នុងរបាយការណ៍មួយក្នុងសប្តាហ៍នេះថា បច្ចុប្បន្នយោធាមីយ៉ាន់ម៉ានៅតែបន្តដាក់កម្រិតជំនួយដល់តំបន់ដែលនៅក្រៅការគ្រប់គ្រងរបស់ខ្លួនដដែល។ អាជ្ញាធរបានបដិសេធថា យោធាមិនបានកាន់ជំនួយណាមួយទេ ហើយរក្សាសកម្មភាព វាយប្រហារតាមអាកាសគឺជាការឆ្លើយតបចំពោះការវាយប្រហារមកលើពួកគេពីក្រុមជីវពលក្នុងស្រុកតែប៉ុណ្ណោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ