រយៈពេល១ខែក្រោយហេតុការណ៍ទឹកជំនន់ល្បាប់នៅព្រំដែននេប៉ាល់-ចិន ក្រុមគ្រួសារជាច្រើននៅតែទន្ទឹងរង់ចាំដំណឹងពីជនរងគ្រោះ ជាពិសេសគឺជនបរទេសបាត់ខ្លួនរាប់រយនាក់

លោក Oles Visich និងអ្នកស្រី Olena Kalynychenko គឺជាគូស្វាមីភរិយានិយមចូលចិត្តការធ្វើដំណើរ ដូចគូស្វាមីភរិយាជាច្រើនទៀតដែរ ហើយពួកគេតែងតែរីករាយនឹងការធ្វើដំណើរកម្សាន្តបែបផ្សងព្រេងទៅកាន់គោលដៅទេសចរណ៍ដ៏ពេញនិយមនៅលើពិភពលោក។ ប៉ុន្តែនៅខែសីហាឆ្នាំនេះ អ្នកស្រី Kalynychenko បានជ្រើសរើសផ្លូវធ្វើដំណើរដែលមិនសូវមានគេទៅក្នុងប្រទេសនេប៉ាល់។ អ្នកស្រីបានទៅចូលរួមកម្មវិធីស្វែងរកភាពស្ងប់សុខនៃផ្លូវចិត្ត ឬ (retreat) នៅតំបន់ព្រំដែននេប៉ាល់-ចិន ហើយពេលនេះអ្នកស្រីនៅតែបាត់ខ្លួនមិនទាន់រកឃើញ បន្ទាប់ពីមានហេតុការណ៍ទឹកជំនន់ល្បាក់ដ៏ធ្ងន់ធ្ងរ។ ទីតាំងចុងក្រោយដែលគេដឹងគឺអ្នកស្រីបានចាកចេញពីប្រទេសចិននៅច្រកព្រំដែនមួយនៅវេលាម៉ោង១០:២២ព្រឹក (ម៉ោងក្នុងតំបន់) ពោលគឺ១៥នាទីមុនពេលទឹកជំនន់ដ៏កាចសាហាវនោះកើតឡើង។ មុនពេលទឹកជំនន់វាយប្រហារ អ្នកស្រី Kalynychenko នៅតែផ្ញើសារទៅកាន់លោក Visich ដែលជាស្វាមី ហើយនៅក្នុងសារចុងក្រោយ អ្នកស្រីបានប្រាប់គាត់ថា អ្នកស្រីទន្ទឹងរង់ចាំ និង ចែករំលែកប្រភេទផ្កាម្យ៉ាងដែលមានឈ្មោះ chrysanthemum ដែលលោកស្រីបានទិញនៅប្រទេសចិនជាមួយក្រុមការងាររបស់គាត់។ អ្នកស្រី Kalynychenko អាយុ ៣៦ ឆ្នាំ គឺជាសមាជិកនៃក្រុមមនុស្សចំនួន៥៦ នាក់ ដែលភាគច្រើនជាជនជាតិអ៊ុយក្រែន បានធ្វើដំណើរទៅកាន់ភ្នំ Kailash ក្នុងតំបន់ទីបេ ដើម្បីចូលរួមកម្មវិធីស្វែងរកភាពស្ងប់សុខនៃផ្លូវចិត្ត។ ស្ថានភាពរបស់ក្រុមគ្រួសារពួកគេគឺជាសញ្ញាបញ្ជាក់ថា ដំណើរការនៃការជួយសង្គ្រោះ ការស្វែងរក និងការកំណត់អត្តសញ្ញាណជនរងគ្រោះដែលបាត់ខ្លួនក្នុងគ្រោះមហន្តរាយនេះ គឺមានភាពស្មុគស្មាញ និងត្រូវការពេលវេលាយូរ។ ពួកគេបានបាត់ខ្លួនខណៈពេលកំពុងធ្វើដំណើរចេញពីប្រទេសចិនទៅកាន់ប្រទេសនេប៉ាល់ដើម្បីបន្តត្រឡប់ទៅផ្ទះវិញ។ សាច់ញាតិមួយចំនួននិយាយថា ពួកគេមិនទទួលបានព័ត៌មានណាមួយពីអាជ្ញាធរមូលដ្ឋានឡើយ។ រដ្ឋាភិបាលចិនបានប្រាប់ក្រុមគ្រួសារពួកគេថានូវកត្តា២យ៉ាង វាអាចសាច់ញាតិរបស់ពួកគេបានចាកចេញពីទឹកដីចិនមុនពេលទឹកជំនន់នោះវាយប្រហារ ប៉ុន្តែពួកគេមិនអាចបញ្ជាក់បានថា តើអ្នកទាំងនោះបានចូលទៅក្នុងប្រទេសនេប៉ាល់ឬអត់នោះទេ ដោយសារតែមជ្ឈមណ្ឌលអន្តោប្រវេសន៍ និងឯកសារនានារបស់នេប៉ាល់ត្រូវបានបំផ្លាញដោយទឹកជំនន់ខ្ទេចខ្ទីអស់ហើយ។ ទឹកជំនន់នេះបានសម្លាប់មនុស្សសរុបជាង១,៤០០នាក់ និងបណ្តាលឱ្យមនុស្សជាង ៦,០០០ នាក់នៅតែបាត់ខ្លួន ដែលភាគច្រើនស្ថិតនៅផ្នែកខាងប្រទេសនេប៉ាល់ជាប់ព្រំដែន។ ប្រទេសនេប៉ាល់បានឱ្យដឹងថា៖ មានជនបរទេសចំនួន៦៣៦នាក់នៅតែបាត់ខ្លួន រួមទាំងជនជាតិអ៊ុយក្រែនចំនួន៥៤នាក់ផងដែរ។ ចំណែកប្រទេសចិនវិញបានរាយការណ៍ថា៖ មានជនបរទេសចំនួន២៦១ នាក់ស្ថិតក្នុងចំណោមអ្នកបាត់ខ្លួន រួមទាំងជនជាតិអ៊ុយក្រែនម្នាក់ដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់អត្តសញ្ញាណពិតប្រាកដនៅឡើយទេ៕

សម្រួលអត្ថបទ៖សុផារិន្ទ