របាយការណ៍របស់លេខាធិការដ្ឋាននៃក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No To Fake News” ស្តីពីការអនុវត្តយុទ្ធនាការរយៈពេល៦ខែ គឺចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៥
របាយការណ៍របស់លេខាធិការដ្ឋាននៃក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No To Fake News” ស្តីពីការអនុវត្តយុទ្ធនាការរយៈពេល៦ខែ គឺចាប់ពីខែមេសា ដល់ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផលល្អប្រសើរ ដោយកំពុងដំណើរការអនុវត្តយ៉ាងសកម្មនៅតាមបណ្តារាជធានី-ខេត្ត និងទទួលបានការគាំទ្រច្រើនឡើងៗពីប្រជាពលរដ្ឋតាមសហគមន៍នៅទូទាំងប្រទេស ជាមួយនឹងការបន្តចូលរួមជាប្រចាំ ទាំងក្នុងយុទ្ធនាការលើបណ្តាញទំនាក់ទំនងសង្គម តាមរយៈសកម្មភាពផ្សព្វផ្សាយ ព្រឹត្តិការណ៍នានា ក៏ដូចជាការចូលរួមក្នុងសកម្មភាពផ្ទាល់ក្នុងសហគមន៍។ បើតាមការឱ្យដឹងពីឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ចរៀបចំយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” នៃក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ការអនុវត្តយុទ្ធនាការតាមបណ្តារាជធានី-ខេត្ត ចាប់តាំងពីខែមេសារហូតមកដល់ខែកញ្ញា ឆ្នាំ២០២៥ សម្រេចបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖
1- យុទ្ធនាការបានផ្តល់ព័ត៌មាន បង្កើនចំណេះដឹងអំពីគ្រោះថ្នាក់ និងការបង្ការហានិភ័យដែលបណ្តាលមកពីព័ត៌មានក្លែងក្លាយក៏ដូចជារបៀបផ្ទៀងផ្ទាត់ព័ត៌មាន តាមរយៈការផ្សព្វផ្សាយមាតិកាបែបអប់រំសរុបចំនួនប្រមាណជាង ២៥ ៦០០ដង/មាតិកា ដែលត្រូវបានបញ្ចេញតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ-ឯកជន ទាំងប្រពៃណី និងទំនើប និងតាមបណ្តាញសង្គមក្នុងនោះមានមាតិកាអប់រំថ្មីចំនួនប្រមាណ ២ ០០០ មាតិកា ដែលបង្ហាញរបៀបកំណត់ព័ត៌មានក្លែងក្លាយ និងសារក្រើនរំលឹកអំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ រាប់បញ្ចូលទាំងព័ត៌មានក្លែងក្លាយបង្កើតដោយAi។ មាតិកាទាំងនេះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមចែករំលែកបន្ត ប្រកបដោយការទទួលខុសត្រូវ ដោយការផ្សាយជាឯកជនរបស់ពលរដ្ឋទូទៅនិងសហគមន៍អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនទៀត។
2- ព្រឹត្តិការណ៍ផ្សព្វផ្សាយតាមទីសាធារណៈ ក៏ដូចជាពិធីប្រជុំផ្សព្វផ្សាយក្នុងខេត្ត ក្រុង ស្រុក ត្រូវបានរៀបចំឡើង សរុបចំនួន ២៨២ លើក នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ កំពត កែប ព្រះសីហនុ កោះកុង កំពង់ចាម ព្រៃវែង ស្វាយរៀង ពោធិ៍សាត់ សៀមរាប និងស្ទឹងត្រែង ដើម្បីបញ្ជ្រាបការយល់ដឹងសាធារណៈឱ្យទូលំទូលាយ។ យុទ្ធនាការបានផ្សព្វផ្សាយ ផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន សហគមន៍ និងតាមភូមិ-ឃុំ ដែលមានប្រជាពលរដ្ឋរស់នៅ និងកំពុងប្រើបណ្តាញសង្គមសម្រាប់ការទទួលព័ត៌មាន។ សកម្មភាពនេះកំពុងបន្តអនុវត្តនៅតាមបណ្តាខេត្តផ្សេងៗទៀត តាម កាលវិភាគកំណត់ខណៈយុទ្ធនាការផ្សព្វផ្សាយលើបណ្តាញសង្គម បានបន្តជាប្រចាំ។
3- ការគាំទ្ររបស់សាធារណៈជនកំពុងមានសន្ទុះជាមួយអ្នកចូលរួមប្រមាណជាង៥លាននាក់ និងបន្តកើនឡើងទៀត ទាំងក្នុងយុទ្ធនាការលើបណ្តាញទំនាក់ទំនងសង្គម និងតាមរយៈការចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ ព្រមទាំងការចូលរួមក្នុងព្រឹត្តិការណ៍នានាតាមសហគមន៍។ យុទ្ធនាការបានផ្ញើសារអប់រំតាមប្រព័ន្ធ TRC-SMS ទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័តចំនួនជាង ២៣លាន នាក់/គណនី នៅទូទាំងប្រទេសកម្ពុជា។
4- ការផ្សព្វផ្សាយតាមទីសាធារណៈតាមរយៈផ្ទាំងប៉ាណូធំៗសរុបចំនួន ៤៥ផ្ទាំង នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម សៀមរាប រតនគីរី ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ស្វាយរៀង កំពង់ស្ពឺកំពត កែប មណ្ឌលគិរី កំពង់ឆ្នាំង និងបាត់ដំបង បានរួមចំណែកធានាការទទួលព័ត៌មានស្តីពីយុទ្ធនាការនេះឱ្យកាន់តែទូលំទូលាយ។
5- ក្នុងក្របខណ្ឌធានាសណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សាយលើបណ្តាញសង្គម ក្រសួងព័ត៌មានបានដាក់ចេញសេចក្តីណែនាំ និងបទដ្ឋានតម្រង់ទិសលើក្រមសីលធម៌ និយាមប្រតិបត្តិបណ្តាញសង្គម សម្រាប់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាលើបណ្តាញសង្គមអនុវត្តតាម ដើម្បីលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងពង្រឹងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ និងអនុលោមតាមសីលធម៌សង្គម។
ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍គូសបញ្ជាក់ថា ជាមួយលទ្ធផលទាំងនេះ និងសកម្មភាពដែលត្រូវអនុវត្តបន្ត យុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” កំពុងក្លាយជាចលនាជាតិ ដើម្បីផ្តល់ការការពារជូនប្រជាពលរដ្ឋពីមហន្តរាយដែលអាចកើតពីព័ត៌មានក្លែងក្លាយ។
ការសាយភាយព័ត៌មានក្លែងក្លាយកាន់តែមានភាពខ្លាំងក្លាឡើង ហើយបានក្លាយជាក្តីបារម្ភចំបងមួយសម្រាប់បណ្តាប្រទេសនៅលើពិភពលោក ខណៈបច្ចេកវិទ្យាបាននិងកំពុងវិវត្តរីកចម្រើនឡើងឥតឈប់ឈរ។ ឯកឧត្តមទេព អស្នារិទ្ធ បានមានប្រសាសន៍៖ «នៅកម្ពុជា យុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” និងយន្តការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានផ្តល់ភាពជឿជាក់ពីសំណាក់ប្រជាពលរដ្ឋមកលើការដឹកនាំ និងឆ្លុះបញ្ចាំងឆន្ទៈក្នុងការការពារសហគមន៍ និងសង្គមជាតិពីគ្រោះថ្នាក់ ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ រាប់បញ្ចូលទាំងព័ត៌មានក្លែងក្លាយបង្កើតដោយបច្ចេកវិទ្យាAi»។
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមថាយុទ្ធនាការនេះបានបង្កើនការយល់ដឹងជាសាធារណៈអំពីផលវិបាក និងគ្រោះថ្នាក់ដែលបណ្តាលមកពីព័ត៌មានក្លែងក្លាយ ជាពិសេសលើកកម្ពស់កម្រិតអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជា។ យុទ្ធនាការនេះកាន់តែមានភាពសកម្មឡើងខណៈពលរដ្ឋ អាជីវករ អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មន្ត្រីរាជការ អ្នកសារព័ត៌មាន សិស្ស និស្សិត អ្នកបង្កើតមាតិកាលើបណ្តាញសង្គមជាច្រើន បានបន្តចូលរួមទប់ស្កាត់ការបង្កើត និងចែកចាយព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែកធានាសុវត្ថិភាពព័ត៌មានក្នុងសង្គម។
តាមរយៈយុទ្ធនាការនេះ កម្រិតអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយរបស់ពលរដ្ឋកម្ពុជា ត្រូវបានមើលឃើញថាមានការកើនឡើងថែមមួយកម្រិត ពិសេសក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ រាប់បញ្ចូលទាំងយុវវ័យផង ពោលគឺប្រជាពលរដ្ឋបានយល់ច្បាស់អំពីផលវិបាក និងមហន្តរាយ ដែលអាចកើតចេញពីការផលិត និងចែករំលែកព័ត៌មានមិនពិត ឬការផ្សាយដែលគ្មានប្រភពច្បាស់លាស់។ ពលរដ្ឋកម្ពុជាបានទទួលចំណេះដឹងអំពី #សន្តិសុខព័ត៌មាន ហើយបានចែករំលែកចំណេះដឹងទាំងនោះ ដើម្បីអប់រំកូនចៅ មិត្តភក្តិ សមាជិកគ្រួសារ/សហគមន៍ អំពីការពិនិត្យព័ត៌មានដែលមានប្រភពពីបណ្តាញសង្គម ដោយផ្ទៀងផ្ទាត់ជាមួយនឹងប្រភពព័ត៌មានផ្លូវការរបស់ស្ថាប័នរដ្ឋ-ឯកជន និងសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ មុននឹងជឿ ឬចែករំលែកបន្ត សម្រាប់រួមចំណែកក្នុងការធានាសណ្តាប់ធ្នាប់ ភាពសុខសាន្ត និងការអភិវឌ្ឍ។
ឯកឧត្តម ទេព អស្នារិទ្ធ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជានិច្ចកាលសូមតាមដានស្ថានការណ៍នានាពីប្រភពព័ត៌មានផ្លូវការ សម្រាប់ការទទួលបានព័ត៌មានប្រចាំថ្ងៃ ជាពិសេសបញ្ហាសំខាន់ៗដែលកំពុងកើតឡើងនៅក្នុងសង្គម រាប់បញ្ចូលទាំងប្រធានបទព្រំដែនកម្ពុជា ថៃផងដែរ។
សូមបញ្ជាក់ថាយុទ្ធនាការ”និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ”ត្រូវបានផ្តួចផ្តើម និងដឹកនាំដោយក្រសួងព័ត៌មាន ហើយត្រូវបានអនុវត្តចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក និងកំពុងបន្តសកម្មភាពតាមបណ្តារាជធានី ខេត្ត ក្នុងក្របខណ្ឌនៃការអនុវត្តនៅទូទាំងប្រទេស ក្រោមការរៀបចំ និងចូលរួមដោយថ្នាក់ដឹកនាំនៃគណៈអភិបាលរាជធានី ខេត្ត អាជ្ញាធរក្រុង ស្រុក/ឃុំ វិស័យឯកជនក្នុងរាជធានី ខេត្ត និងដៃគូពាក់ព័ន្ធ។



