រថយន្ដជំនួយដំបូងត្រូវគេបានឃើញថារំកិលខ្លួនចូលទៅកាន់តំបន់ Gaza ដោយឆ្លងកាត់ទឹកដីអ៊ីស្រាអែល បន្ទាប់ការបិទផ្តាច់ជិត៣ខែមកនេះ របស់អ៊ីស្រាអែលដែរ

រថយន្ដដឹកជញ្ជូនជំនួយត្រូវបានមើលឃើញចូលទៅក្នុងទឹកដីអ៊ីស្រាអែលនាព្រឹកថ្ងៃអង្គារនេះនៅច្រក Kerem Shalom មុនពេលវាត្រូវចូលទៅកាន់តំបន់ Gaza និងក្រោយពីមន្រ្តីអ៊ីស្រាអែលបាននិយាយថាពួកគេនឹងអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ចំនួនតិចតួចចូលទៅក្នុងបាន។អ៊ីស្រាអែលនិយាយថាពួកគេមិនចង់ឲ្យមាន “វិបត្តិម្ហូបអាហារ” ដែលអាចប៉ះពាល់ដល់ប្រតិបត្តិការយោធាថ្មីរបស់ពួកគេនៅក្នុងដែនដីដែលមានប្រជាជនប៉ាឡេស្ទីនរស់នៅជាង២លាននាក់នោះទេ។ រថយន្ដជំនួយដំបូងនេះបានចូលទៅកាន់ Gaza នៅថ្ងៃចន្ទបន្ទាប់ពីមានការរារាំងជំនួយមនុស្សធម៌រយៈពេលជិត៣ខែរបស់អ៊ីស្រាអែល។ នេះបើយោងតាមអង្គភាពការពារអ៊ីស្រាអែលដែលទទួលខុសត្រូវក្នុងកិច្ចការងារសម្របសម្រួលជំនួយទៅកាន់ Gaza ដែរ។ ជាងនេះទៅទៀតមន្រ្តីអ៊ីស្រាអែលក៏បានអនុញ្ញាត្តឲ្យរថយន្ដចំនួន៥គ្រឿងបន្ថែមទៀតដឹកជញ្ជូនជំនួយផ្សេងៗរួមមានអាហារសម្រាប់ទារកចូលតាមច្រក Kerem Shalom ដែរ។ គួរបញ្ជាក់ផងដែរថាមូលហេតុដែលអ៊ីស្រាអែលបានបិទផ្តាច់អាហារគ្រប់ប្រភេទ មានថ្នាំ និងសម្ភារផ្សេងៗ គឺដើម្បីដាក់សម្ពាធដល់ក្រុមហាម៉ាសលើលក្ខខណ្ឌបទឈប់បាញ់ដែលក្រុមសកម្មប្រយុទ្ធ Hamas បានចរចារជាមួយខ្លួន។ គួររំលឹកផងដែរថាសង្គ្រាមនៅ GAZA បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ Hamas បានវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១២០០នាក់ និងចាប់យកប្រជាជនប្រមាណ២៥១នាក់ធ្វើជាចំណាប់ខ្មាំង។ ទោះយ៉ាងណាមិញយោងតាមក្រសួងសុខាភិបាលរបស់ Gaza បានបញ្ជាក់ថា៖ ប្រតិបត្តិការប្រឆាំងរបស់អ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង ៥៣០០០នាក់ដែលភាគច្រើនគឺជាស្រ្ដីនិងកុមារ៕

សម្រួលអត្ថបទ៖ ឡុង បញ្ញា