ភ្នំពេញ ៖ បើគិតត្រឹមថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២៥ តំបន់ភូមិភាគឦសានទទួលបានសំណើគម្រោងវិនិយោគចំនួន ២១ ដែលមានទំហំទុនវិនិយោគសរុបប្រមាណ ៧០០ លានដុល្លារអាមេរិក។ ប៉ុន្តែក្នុងនោះ គម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុប ៤០០ លានដុល្លារ និងអាចបង្កើតការងារ ៨០០ កន្លែង នៅភូមិភាគឦសានទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល។
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេសជាលើកទី ២ សម្រាប់គម្រោងវិនិយោគចំនួន ១១ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារអាមេរិកកាលពីចុងខែតុលានៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ១១ ក្នុងនោះរួមមានគម្រោងចំនួន ៤ នៅខេត្តក្រចេះ, ១ នៅខេត្តស្ទឹងត្រែង, ៤ នៅខេត្តរតនគិរី និង ២ នៅខេត្តមណ្ឌលគិរី ដែលគ្របដណ្តប់លើវិស័យនិងសកម្មភាពចម្រុះមានជាអាទិ៍ សកម្មភាពផលិតកម្ម និង ការកែច្នៃកសិកម្ម, ការដាំដុះ និង ការកែច្នៃដំណាំកសិ-ឧស្សាហកម្ម, ការសាងសង់សណ្ឋាគារ-រីសត, ការបង្កើតគ្រឹះស្ថានអប់រំ, ថែទាំសុខភាពឯកជន និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលក្នុងនោះគម្រោងសាងសង់កំពង់ផែពហុបំណង និង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងអាជីវកម្មពាក់ព័ន្ធ ក្នុងខេត្តក្រចេះ មានទុនវិនិយោគប្រមាណ ៣៥០ លានដុល្លារអាមេរិក។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បន្តថា កំពង់ផែពហុបំណងនេះនឹងក្លាយជាកំពង់ផែពហុបំណងដំបូងរបស់ខេត្តផងនិងសម្រាប់ភូមិភាគឦសានផង ដែលនឹងដើរតួនាទីសំខាន់ក្នុងការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវទឹក និង ប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលឡូជីស្ទីក សម្រាប់ការដឹកជញ្ជូនផលិតផលកសិកម្ម និងឧស្សាហកម្ម ក៏ដូចជាការតភ្ជាប់ជាមួយនឹងប្រព័ន្ធឡូជីស្ទីកនៃព្រែកជីកហ្វូណនតេជោនាពេលអនាគត។
ជាក់ស្តែង សម្រាប់សំណើលើកនេះ ក្រុមការងារបានទទួលសំណើពីវិនិយោគិនចិន ជប៉ុន វៀតណាម ក៏ដូចជាវិនិយោគិនក្នុងស្រុក ដែលមានទាំងវិនិយោគិនថ្មី និងវិនិយោគិនដែលមានស្រាប់ក្នុងតំបន់ ដែលមានចំណាប់អារម្មណ៍ក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន បន្ទាប់ពីបានជ្រួតជ្រាបអំពីអត្ថប្រយោជន៍ពិសេសនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារ និងអនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវចុះទៅកាន់ទីតាំងវិនិយោគជាប្រចាំ ទោះបីជាមានឬមិនមានសំណើគម្រោងវិនិយោគក្តី ដើម្បីជួបជាមួយវិនិយោគិន, ស្តាប់អំពីកង្វល់/បញ្ហាប្រឈម, និងស្វែងរកដំណោះស្រាយសមស្របសម្រាប់វិនិយោគិន ដូចអ្វីដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បានក្រើនរំលឹកអំពីតួនាទីជា “អ្នកដោះស្រាយបញ្ហា” មិនមែនជា “អ្នកបង្កបញ្ហា”៕



