រដ្ឋាភិបាលឥណ្ឌាប្រកាសរឹតបន្តឹងសុវត្ថិភាពតាមអាកាសយានដ្ឋាន ផ្លូវរថភ្លើង Metro និងអគាររដ្ឋបាលនានា! បន្ទាប់ពីករណីបំផ្ទុះរថយន្តដ៏អាក្រក់សម្លាប់មនុស្ស៨នាក់

បន្ទាប់ពីហេតុការណ៍បំផ្ទុះរថយន្តដ៏អាក្រក់ មន្ត្រីជាន់ខ្ពស់ឥណ្ឌាប្រចាំទីក្រុង New Delhi បានចុះទៅត្រួតពិនិត្យទីកន្លែងកើតហេតុ ដែលស្ថិតនៅជិតបន្ទាយក្រហម Red Fort ជាទីកន្លែងប្រវត្តិសាស្ត្រដ៏ល្បីក្នុងរដ្ឋធានីប្រទេសឥណ្ឌាកាលពីថ្ងៃយប់ថ្ងៃចន្ទនេះ ដែលបានសម្លាប់មនុស្ស៨នាក់ភ្លាមៗ និងបណ្តាលឲ្យមនុស្សរងរបួសយ៉ាងហោចណាស់ជិត២០នាក់ផ្សេងទៀត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានទៅត្រួតកន្លែងបំផ្ទុះ ហើយលោក Rekha Gupta ជាអភិបាលក្រុង New Delhi ក៏បានទៅកាន់មន្ទីរពេទ្យដើម្បីសួរសុខទុក្ខអ្នករងរបួសដែលទទួលការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ ក្រុមពន្លត់អគ្គីភ័យបាននិយាយថាករណីបំផ្ទុះនេះ បង្កឱ្យមានអគ្គីភ័យឆាបឆេះ បំផ្លិចបំផ្លាញរថយន្តជាច្រើនគ្រឿងដែលចតនៅក្បែរខាងនោះ ហើយហេតុការណ៍នេះវាបានកើតឡើងនៅជិតច្រកទ្វាចូលស្ថានីយ៍រថភ្លើងក្រោមដី Metro Gate 1 របស់បន្ទាយក្រហម។ មូលហេតុពិតប្រាកដកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងម៉ត់ចត់បំផុតដោយទីភ្នាក់ងារស៊ើបអង្កេតជាតិ ទីភ្នាក់ងារស៊ើបអង្កេតភេរវកម្មសហព័ន្ធរបស់ឥណ្ឌា និងទីភ្នាក់ងារផ្សេងៗទៀត ព្រោះវាហាក់ដូចជាចេតនានៃអំពើភេរកម្មដូច្នោះដែរ។ មកដល់ពេលនេះលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បាននិយាយនៅសារមួយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “សូមចូលរួមរំលែកទុក្ខដល់អ្នកដែលបានបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេនៅក្នុងហេតុការណ៍បំផ្ទុះនៅទីក្រុង New Delhi និង សូមឲ្យអ្នករងរបួសឆាប់ជាសះស្បើយផងដែរ។ យោងតាមរូបភាពវីដេអូលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញពីរថយន្តដែលខូចខាតយ៉ាងច្រើន សពមនុស្សខ្លះខ្ទេចរលេះរលួយ និងរបាំងដែកការពាររបស់ក្រុមប៉ូលីសនៅកន្លែងកើតហេតុនោះក៏ត្រូវខ្ទាតខ្ចាត់ខ្ចាយដែរ។ មកដល់ព្រឹកថ្ងៃអង្គារនេះរដ្ឋាភិបាលឥណ្ឌាបានប្រកាសរឹតបន្តឹងសុវត្ថិភាពទាំងអស់តាមអាកាសយានដ្ឋានអន្តរជាតិ ស្ថានីយ៍រថភ្លើងក្រោមដី និងអគាររដ្ឋាភិបាលក្នុងទីក្រុង New Delhi ឱ្យស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់បំផុតបន្ទាប់ពីហេតុការណ៍បំផ្ទុះដ៏អាក្រក់នេះ នៅទីកន្លែងដែលមានហ្វូងមនុស្សចេញចូលច្រើនបំផុតដែរ។ សូមបញ្ជាក់ថា Red Fort ឬ បន្ទាយក្រហមគឺជាអតីតព្រះបរមរាជវាំងរបស់ឥណ្ឌាក្នុងសតវត្សរ៍ទី១៧ និងជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរដ៏សំខាន់បំផុតមួយនៅក្នុងតំបន់ Old Delhi របស់ទីក្រុង New Delhi ហើយទីនេះតែងតែត្រូវបានគេយកធ្វើទីតាំងថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់មេដឹកនាំឥណ្ឌាលោកនាយករដ្ឋមន្ត្រី Narendra Modi ក្នុងថ្ងៃបុណ្យឯករាជ្យជាតិទី១៥ ខែសីហាជារៀងរាល់ឆ្នាំថែមទៀតផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ