រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាសម្រេចដោះលែងអ្នកទោសជាង ៦១០០នាក់ ក្នុងឱកាសខួបឯករាជ្យជាតិរបស់ខ្លួនគម្រប់ ៧៨ឆ្នាំពីចក្រភពអង់គ្លេស
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានផ្តល់ការលើកលែងទោសដល់អ្នកទោសជាង ៦១០០នាក់ និងបានបន្ធូរបន្ថយទោសដល់អ្នកទោសផ្សេងទៀតកាលពីថ្ងៃអាទិត្យនេះ ដើម្បីអបអរសាទរខួបលើកទី៧៨ឆ្នាំ នៃបុណ្យឯករាជ្យភាពរបស់ពួកគេពីចក្រភពអង់គ្លេស។ ប៉ុន្តែមិនទាន់ច្បាស់ភ្លាមៗទេ ថាតើអ្នកដែលត្រូវបានដោះលែងនោះរួមមានអ្នកទោសនយោបាយរាប់ពាន់នាក់ដែលត្រូវបានជាប់ឃុំឃាំងដោយសារការប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាដែរឬយ៉ាងណា។ ការដោះលែងអ្នកទោស ដែលជារឿងធម្មតានៅថ្ងៃឈប់សម្រាក ឬ បុណ្យទានធំៗ និងក្នុងឱកាសសំខាន់ៗផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមនៅថ្ងៃអាទិត្យម្សិលមិញ ហើយត្រូវបានគេរំពឹងថានឹងចំណាយពេលច្រើនថ្ងៃដើម្បីបញ្ចប់វាដែរ។ នៅពន្ធនាគារអ៊ីនសេន ក្នុងទីក្រុងយ៉ាំងហ្គោន ដែលល្បីល្បាញដោយសារជាកន្លែងស្នាក់នៅរបស់អ្នកទោសនយោបាយ សាច់ញាតិរបស់អ្នកទោសជាច្រើននាក់បានមកប្រមូលផ្តុំគ្នានៅច្រកទ្វារនៅព្រឹកព្រលឹម ដោយមានមនុស្សជាច្រើននាក់បានកាន់ផ្លាកសញ្ញាដែលមានឈ្មោះមនុស្សជាទីស្រលាញ់របស់ពួកគេដែរ។ នៅពេលដែលក្បួនរថយន្តក្រុងបានចាកចេញពីច្រកទ្វារធំ ពួកគេបានស្ទុះទៅមុខ ឬរត់តាមក្រោយដើម្បីព្យាយាមរកមើលថាអ្នកណានៅខាងក្នុងរថយន្តខ្លះ។ អ្នកទោសនយោបាយជាច្រើននាក់ត្រូវបានគេឃុំខ្លួនពីបទញុះញង់ ដែលជាបទល្មើស សម្រាប់គេប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីចាប់ខ្លួនអ្នកណាដែលរិះគន់រដ្ឋាភិបាល ឬយោធា និងអាចផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់បីឆ្នាំក៏មានដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



