រដ្ឋសភា ចាប់ផ្ដើមពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តប្រគល់សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។
អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តយល់ព្រមប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ដោយសហការជាមួយ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សា បន្ទាប់មកនឹងធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕



