រដ្ឋសភាវៀតណាមដែលទើបជាប់ឆ្នោតថ្មីបើកសម័យប្រជុំជាលើកដំបូងរបស់ខ្លួន! ដោយកំណត់គោលដៅពន្លឿនសេដ្ឋកិច្ច១០%បន្ថែមនា៥ឆ្នាំខាងមុខទៀតសម្រាប់ប្រជាជនជិត៧៩លាននាក់
រដ្ឋសភាវៀតណាមដែលទើបជាប់ឆ្នោតថ្មីបានបើកសម័យប្រជុំនៅថ្ងៃចន្ទនេះ ដើម្បីចាប់ផ្តើមសម័យប្រជុំថ្មី និងដើម្បីបញ្ជាក់ពីជំហរសំខាន់ៗរបស់រដ្ឋាភិបាល រួមទាំងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីដែរ។ ប្រជាជនវៀតណាមជិត ៧៩ លាននាក់បានបោះឆ្នោតកាលពីខែមុនជាការបោះឆ្នោតទូទៅ ដើម្បីជ្រើសរើសតំណាងរាស្រ្តចំនួន ៥០០ នាក់ទៅកាន់ស្ថាប័ននីតិប្បញ្ញត្តិរបស់វៀតណាម។ បេក្ខជនទាំងអស់ត្រូវបានត្រួតពិនិត្យ និងអនុម័តជាមុនដោយគណបក្សកុម្មុយនិស្ត ដោយធានាថាសភានៅតែស្របតាមទៅតាមទិសដៅនយោបាយរបស់គណបក្សកុម្មុយនិស្តដែរ។ រដ្ឋសភាត្រូវបានគេរំពឹងថានឹងអនុវត្តរបៀបវារៈគោលនយោបាយដែលបានរៀបចំឡើងនៅក្នុងសមាជជាតិរបស់គណបក្សកុម្មុយនិស្តដែលបានធ្វើឡើងកាលពីខែមករា ដោយផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងស្ថិរភាពនយោបាយ។ លោក To Lam អគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តបានមានប្រសាសន៍ក្នុងពេលបើកសម័យប្រជុំរដ្ឋសភាថា “ការវិនិយោគរបស់យើងមិនត្រឹមតែសម្រាប់កំណើនរយៈពេលខ្លីប៉ុណ្ណោះទេ ពួកគេក៏ត្រូវតែបង្កើតសន្ទុះថ្មី ពង្រឹងសមត្ថភាពប្រកួតប្រជែង និងបើកឱកាសរយៈពេលវែងសម្រាប់ការអភិវឌ្ឍជាតិនៅក្នុងទសវត្សរ៍ខាងមុខដែរ”។ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានពង្រីកយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលជំរុញដោយការនាំចេញផលិតកម្ម ការវិនិយោគបរទេស និងតួនាទីកាន់តែកើនឡើងរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល។ ប្រទេសនេះបានដាក់ខ្លួនជាមជ្ឈមណ្ឌលផលិតកម្មជំនួស ខណៈដែលក្រុមហ៊ុនធ្វើពិពិធកម្មចេញពីប្រទេសចិន ដោយទាក់ទាញក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច និងវាយនភណ្ឌធំៗ។ ឥឡូវនេះវៀតណាមបានកំណត់គោលដៅដ៏ជាមហិច្ឆតាមួយ គឺកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ១០% ឬខ្ពស់ជាងនេះ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយដាក់វិស័យឯកជននៅចំកណ្តាលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន ក្នុងការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់រដ្ឋកុម្មុយនិស្ត។ បច្ចុប្បន្ននេះអ្នកធ្វើគោលនយោបាយ កំពុងកែសម្រួលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមឡើងវិញ ដើម្បីជំរុញវាឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃខ្ពស់ ផលិតកម្មទំនើប និងការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលកាន់តែទូលំទូលាយជាងមុន៕
សម្រួលអត្ថបទ៖ សុផារិន្ទ



