រដ្ឋសភាកម្ពុជា និងរដ្ឋសភាកូរ៉េ ប្ដេជ្ញាពង្រឹង “ការទូតសភា” និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រ” ឱ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតឲ្យឯកឧត្តម យ៉ូន ហូដុក (Yoon Hu-Duk) ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

នៅក្នុងជំនួបនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម ប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា និងសហការីនាថ្ងៃនេះ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េ ដែលមានអាយុកាល ៥៥ ឆ្នាំមកនេះ បានចាក់គ្រឹះយ៉ាងរឹងមាំ។

នៅក្នុងឱកាសនេះ ភាគីទាំងពីរបានប្ដេជ្ញាពង្រឹង “ការទូតសភា” និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រ” ឱ្យកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល។ តាមរយៈជំនួបពិភាក្សាការងាររវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និង ឯកឧត្តម យ៉ូន ហូដុក នៅថ្ងៃនេះដែរ មានកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនផ្សេងទៀតដែលត្រូវបានលើកយកមកពិភាក្សារួមមាន៖

• ហេដ្ឋារចនាសម្ព័ន្ធ៖ កម្ពុជាស្នើឱ្យកូរ៉េជួយពន្លឿនគម្រោង “ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋ     កូរ៉េ” ដែលជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំ។

• សេដ្ឋកិច្ច និងវិនិយោគ៖ ភាគីកូរ៉េស្នើសុំកម្ពុជាជួយសម្រួលដល់ធុរកិច្ចរបស់ក្រុមហ៊ុនកូរ៉េជាង ២០០ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ព្រមទាំងសន្យាជំរុញលំហូរវិនិយោគិន និងទេសចរកូរ៉េឱ្យមកកម្ពុជាកាន់តែច្រើន។

• កម្លាំងពលកម្ម និងការអប់រំ៖ កម្ពុជាស្នើឱ្យកូរ៉េបង្កើនការទទួលពលករ និងផ្តល់អាហារូបករណ៍ផ្នែកជំនាញបច្ចេកទេសដល់និស្សិតកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

• សន្តិសុខឌីជីថល៖ កម្ពុជាបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានលើកឡើងពីសភាពការណ៍ព្រំដែនរវាងកម្ពុជា និងថៃ ព្រមទាំងបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់សមភាគីកូរ៉េថា ជំហររបស់កម្ពុជា គឺការកសាងសន្តិភាពជាមួយប្រទេសជិតខាង រួមទាំងប្រទេសថៃផងដែរ។

ឯកឧត្តម យ៉ូន ហូដុក បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបានសន្យាជំរុញឱ្យរដ្ឋាភិបាលកូរ៉េការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករកម្ពុជាឱ្យបានពេញលេញ។

ជំនួបនេះបានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ដោយភាគីទាំងពីរបានបង្ហាញនូវក្តីសោមនស្សចំពោះការរីកចម្រើននៃទំនាក់ទំនង ដែលនាំមកនូវវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិសុខតំបន់ និងសកលលោកទាំងមូល៕