រដ្ឋមន្រ្តី ជា វ៉ាន់ដេត៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ជួយជំរុញប្រសិទ្ធភាពនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា អំពីមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ( Community Tech Center) នៅតាមវិទ្យាល័យ ដែលបានជួយជំរុញប្រសិទ្ធភាពនៃការសិក្សារបស់សិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ ដោយស្តែងឡើងតាមរយៈលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំកន្លងទៅមានលក្ខណៈប្រសើរជាងបើធៀបនឹងមុនពេលមានមជ្ឈមណ្ឌលនេះ។

ឯកឧត្តម រដ្ឋមន្រ្តី បន្ថែមថា ដើម្បីកសាធនធានមនុស្សឌីជីថល ក្រសួងបានផ្តល់អាហារូបករណ៍សិក្សាជំនាញឌីជីថល ទាំងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងផ្តល់ជំនួយហិរញ្ញវត្ថុ ដល់សិស្សនិស្សិតជារៀងរាល់ឆ្នាំ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឌីជីថលដល់សាធារជនផងដែរ។ លើសពីនេះ ក្រសួងក៏បានធ្វើការបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្រ្តីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបប្រមាណ ២ម៉ឹននាក់គិតត្រឹមបច្ចុប្បន្ន ព្រមទាំងបានផ្តល់កុំព្យូទ័រប្រមាណ ២ម៉ឹនគ្រឿងសម្រាប់គាំទ្រដល់ការធ្វើបរិវត្តកម្មីឌីថលនៅតាមក្រសួង ស្ថាប័នរដ្ឋ។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Tech Center) និងដាក់ឱ្យប្រើប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System) របស់សាកលវិទ្យាល័យវ៉ាន់ដា។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា សមិទ្ធផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើនាឱកាសនេះ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង ក.ប.ទ. និងសាកលវិទ្យាល័យវ៉ាន់ដា ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការចាប់យកបច្ចេកវិទ្យាឌីជីថលនៅកម្រិតឧត្តមសិក្សានៅកម្ពុជា។

បើតាម ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវ៉ាន់ដា បានលើកឡើងថា ដើម្បីជំរុញប្រសិទ្ធភាពនៃការសិក្សារបស់និស្សិតទៅលើផ្នែកបរវត្តន៍កម្មឌីជីថល សាលាបានបន្ថែមចំនួនកំព្យុទ័រពី៨០០ឡើងដល់១២០០គ្រឿង ដើម្បីនិស្សិតបានរៀននិងសិក្សាស្រាវជ្រាវ។

ឯកឧត្តម បន្ថែមថា ចាប់តាំងពីឆ្នាំ២០២៣មក សាកលវិទ្យាល័យវ៉ាន់ដា បានទទួលសម្ភារៈ បរិក្ខា ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានគម្រោងគ្រប់គ្រង់សាកលវិទ្យាល័យ គម្រោង Verify.go.kh គម្រោងអីនធឺណេតអត់ខ្សែ និងមានខ្សែ នៅគ្រប់ការិយាល័យសិក្សា គម្រោងDigital Labe និងQR Code មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ផងដែរ។

ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ការបង្កើតបរិវត្តកម្មឌីជីថលនេះ និងមិនត្រឹមតែលើកកម្ពស់ គុណភាពនៃការអប់រំតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការសិក្សារបស់សិស្សានុសិស្សាឱ្យកាន់តែរីកចំរើន នៅក្នុងពិភពឌីជីថលឱ្យកាន់តែខ្លាំងខ្លាថែមទៀត ។ ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យមានលទ្ធភាពនៅក្នុងការប្រើប្រាស់ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ នៅកម្ពុជា ។

ឯកឧត្តម គូសបញ្ជាក់ផងដែរថា ក្រសួងអប់រំយុវជន និងកីឡា នៅតែបន្តលើកទឹកឱ្យសាកលវិទ្យាល័យទាំងអស់ មានការយកចិត្តទុកដាក់បន្ថែមទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល នៅតាមសាលារបស់ខ្លួន ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាអាទិភាព គន្លឹះមួយ ក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរីកចំរើន៕