រដ្ឋមន្រ្តីអប់រំ ចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជារស់នៅបរទេស និងផ្តាំនិស្សិតខ្មែរទទួលអាហារូបករណ៍សិក្សានៅចិន

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអ​ប់រំ យុវជន និងកីឡា បានផ្តល់ដំបូន្មាន និងផ្តាំដល់និស្សិតខ្មែរ ដែលទទួលបានអាហារូបករណ៍ ទៅការសិក្សាកម្រិតខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៅប្រទេសចិន ខិតខំដុះខាត់សមត្ថភាពឱ្យខ្លាំងពូកែ ហើយវិលត្រឡប់មកកម្ពុជាជួយអភិវឌ្ឍប្រទេសជាតិដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់។

ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអ​ប់រំ អញ្ជើញសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៥ និងបានកោតសរសើរ និងអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រប្រកបដោយភាពវាងវៃ និងឧស្សាហ៍ព្យាយាមរហូតទទួលអាហារូបករណ៍ទៅបន្តការសិក្សាកម្រិតខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសចិន។

ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ក៏បានចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជារស់នៅបរទេស ដោយរំលេចថា រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ត្រូវផ្ដោតលើការពង្រឹងជំនាញខ្ពស់ ដែលទាមទារនូវសមត្ថភាពប្រើប្រាស់ភាសាឱ្យស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ។ លោកផ្តាំថា៖« ដូច្នេះសូមបន្តពង្រឹងសមត្ថភាពភាសាឱ្យខ្លាំង ត្រូវអាន និងសរសេរឱ្យបានច្រើន បង្កើតទម្លាប់រៀនសូត្រឱ្យបានត្រឹមត្រូវ បន្តការសិក្សាស្រាវជ្រាវដោយខ្លួនឯងឱ្យបានច្រើន និងសូមលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ចាប់យកឱកាសនេះ ស្វែងយល់រៀនសូត្រពីវប្បធម៌ អរិយធម៌របស់ប្រទេសចិនផងដែរ»។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់និស្សិតទាំងអស់សូមនាំយកនូវចំណេះដឹង ជំនាញពិតប្រាកដត្រឡប់មកចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ដោយបានគូសបញ្ជាក់ថា ប្រទេសជាតិរឹងមាំ រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដរាបណាមានធនធានមនុស្សដែលមានគុណភាព មានចំណេះដឹងខ្ពស់ មានចំណេះធ្វើ និងមានសីលធម៌ដ៏ល្អប្រពៃជាពលរដ្ឋសាកល៕